Friday, September 17, 2021

ឪពុក ប្រើ​ខ្សែភ្លើង​វាយ​កូន​២​នាក់ ត្រូវ​នគរបាល​ចាប់ខ្លួនបាន​ហើយ​

​កណ្តាល​៖ ករណី​ឪពុក​បាន​ប្រើ​ខ្សែភ្លើង​វាយ​លើ​កូនប្រុស​២​នាក់ ជាច្រើនលើក នៅ​ស្រុក​កៀនស្វាយ​នោះ ភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យកម្លាំង​ចុះ​ប្រតិបត្តិការ ស្រាវជ្រាវ ឈានដល់​ឡោមព័ទ្ធ រហូតដល់​យប់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ សមត្ថកិច្ច​ឃាត់ខ្លួន​ជនបង្ក​បាន​នៅ​ចំណុច​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Vuthy Kim បាន​ឲ្យ​ដឹងថា ខ្ញុំបាទ​សូម​ទទូច​ឲ្យ​ច្បាប់​ចាត់ការ​លើ​បរុស​ឈ្មោះ​កែវ ភា ដែល​បាន​ប្រើ​អំពើ​ហឹ​ង្សា កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ហើយក៏​ស្នើសុំ​ឲ្យ​អង្ការ​កុមារ​ជួយ​ពួកគាត់​ផង ។ ហឹ​ង្សា​នេះ​មិនមែន​តែម្តង​ទេ គឺ​ច្រើនដង​ហើយ វាយ​កូន​សុទ្ធតែ​ខ្សែក្រវាត់​។ ករណី​កើតឡើង​នៅ​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន មានឈ្មោះ កែវ ភា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ត្រូវជា​ឪពុក​ជនរងគ្រោះ​។ ចំណែក​កូនប្រុស​ចំនួន ២​នាក់ រងគ្រោះ​ក្នុង​អំពើហិង្សា​ដ៏​ឃោរឃៅ ឈ្មោះ ភឿន សុភាព អាយុ ១៥ ឆ្នាំ មុខរបរ សិស្ស និង​ឈ្មោះ ភឿន សុផាន់ អាយុ ៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។

នៅ​ម៉ោង​២០​និង​៣០​នាទី ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ឪពុក​បង្កើត​របស់​ជ​ន​រងគ្រោះ​បានមកពី​ផឹកស្រា​ស្រវឹង ពេលមកដល់​ផ្ទះ មិនឃើញ​កូន​នៅផ្ទះ​ហើយ​ជនសង្ស័យ​ធ្លាប់​ប្រាប់​កូន​ឈ្មោះ ភឿន សុភាព ជាច្រើន​ដង​ថា​កុំ​ឲ្យ​ដើរចោល​ផ្ទះ ពេល​ខ្លួន​មិន​នៅផ្ទះ ដោយសារ​ជនសង្ស័យ​ខឹង​កូន​ពេក​ក៏បាន​ទាញ​ខ្សែភ្លើង វាយ​ទៅលើ​ឈ្មោះ ភឿន សុភាព ចំ​ខ្នង ពេលនោះ​ប្អូន​ជនរងគ្រោះ ឈ្មោះ ភឿន សុផាន់ ឃើញ​ឪពុក​វាយ​បងប្រុស ក៏​រត់​ចូលទៅ​ឱប​បងប្រុស ហើយក៏​ត្រូវ​ក្បាល​ទៀត បណ្តាល​ឲ្យ​បែកក្បាល​។​

​ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ខ្សែភ្លើង​វិញ​ជា​ពីរ​ប្រវែង​០,៧៦​ម៉ែត្រ​។

​ក្រោយពី​កើតហេតុ ម្តាយ​ជនរងគ្រោះ បានមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឈើទាល ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ប្តី​របស់ខ្លួន មក​ធ្វើ​កិច្ចសន្យា អប់រំ​នៅ​ប៉ុស្តិ៍ ៕​ដោយ​៖បញ្ញាស័ក្តិ