Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ បើទោះបីជា​មិន​ទទួលបាន​លទ្ធផល​ល្អឥតខ្ចោះ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​អបអរសាទរ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ភាគី​ពាក់ព័ន្ធ​ការបោះឆ្នោត​កោតសរសើរ និង​អបអរសាទរ​ចំពោះ លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​។​

​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ បើទោះបីជា​មិន​ទទួលបាន​លទ្ធផល​ល្អឥតខ្ចោះ​ក៏ដោយ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​ការបោះឆ្នោត​បាន​សម្តែង​ការកោតសរសើរ និង​អបអរសាទរ ចំពោះ​លទ្ធផល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​។​

លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ គិត​ត្រឹម ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី សរុប​មាន​ចំនួន ២៥៦.៥៤៥​នាក់ ស្មើនឹង ៨៥,៤០% នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ សរុប​មាន​ចំនួន ៣០០.៣៩០​នាក់​។​

សូមបញ្ជាក់ថា ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​នេះ​។ កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅថ្ងៃនេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការ គ​.​ជ​.​ប ដឹកនាំ​អង្គប្រជុំ​ដោយ ឯកឧត្តម ហ៊ែ​ល សារ៉ាត់ សមាជិក គ​.​ជ​.​ប ។​

លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (NICFEC) និង​តំណាង​គណបក្សនយោបាយ​មួយចំនួនទៀត បាន​គាំទ្រ​ចំពោះ ការខិតខំ​ប្រឹងប្រែងរ​បស់​មន្ត្រី​បោះឆ្នោត ដែល​បាន​បំពេញ​តួនាទី​ក្នុងនាម​ជា​អ្នកបម្រើ​សេវា​ជូន​ម្ចាស់ឆ្នោត​រហូត​ទទួលបាន​លទ្ធផល​មួយ​ល្អ​។

​ទន្ទឹមនឹងនេះ​ភាគី​ពាក់ព័ន្ធ​ក៏បាន​ចោទសួរ និង​ស្នើសុំ គ​.​ជ​.​ប នូវ​ការងារ​មួយចំនួន​ដូចខាងក្រោម​៖

​ស្នើ​ធ្វើ​វិសោធនកម្ម​លើ​ប្រការ​មួយចំនួន​នៅក្នុង​បទបញ្ជា និង​នីតិវិធី​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង ចុះឈ្មោះ​បោះឆ្នោត ជាពិសេស​គឺ​ទាក់ទង​នឹង​ប្រកា​រដាក់​ភ្នាក់ងារ​គណបក្សនយោបាយ​។ ការ ស្នើសុំ​ឱ្យមាន​ការផ្លាស់ប្តូ​រ​សម្ភារៈ​សម្រាប់​បម្រើឱ្យ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ជាពិសេស​កុំព្យូទ័រ ព្រោះ​សម្ភារៈ​ទាំងនោះ​ចាស់ៗ​ប្រើ​យូរ​ឆ្នាំ​ហើយ ។ ចុះឈ្មោះ​បោះឆ្នោត​តើ គ​.​ជ​.​ប មាន ផែនការ​ពន្យារពេល​ចុះឈ្មោះ​ដែរឬទេ​?

​ឆ្លើយតប​ទៅនឹង​ការស្នើ​របស់​អង្គការ NICFEC ក៏ដូចជា​តំណាង​របស់​គណបក្សនយោបាយ ឯកឧត្តម ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ .​ប បាន​មានប្រសាសន៍ថា​ឯកឧត្តម​ទទួលយក​សំណើ​នេះ​ទៅ​ពិចារណា និង​ពិភាក្សា​ក្នុង​អង្គប្រជុំ គ​.​ជ​.​ប ហើយ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ដែល​បាន​កោតសរសើរ​មកលើ​ការងារ​របស់ គ​.​ជ​.​ប​។ ចំពោះ​ការលើកឡើង​ពី​ការពន្យារពេល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ ឯកឧត្តម​បញ្ជាក់​យ៉ាងច្បាស់​ថា​គឺ​មិនមាន​ការពន្យារពេល​ទេ​។​

ឯកឧត្តម បាន​បន្ថែមថា គ្មាន​ការងារ​ណា​ល្អឥតខ្ចោះ​ទេ ដូចនេះ​ចាំបាច់​ណាស់​ត្រូវតែ​មានកា​រ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ឱ្យ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ក៏ដូចជា​ការបោះឆ្នោត​កាន់តែ​ល្អប្រសើរ​ថែមទៀត​។ ឯកឧត្តម​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែតុលា ម្សិលមិញ​នេះ បណ្តឹង​សរុប​មាន​ចំនួន ១០៣​បណ្ដឹង ដែលជា​បណ្តឹង​មកពី គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម ឌឹ​ម សុ​វណ្ណា​រុំ ក៏បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ប្រើប្រាស់​សិទ្ធិ​រប​ស់​ខ្លួន ដើម្បី​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។ ជាងនេះទៅទៀត​ឯកឧត្តម​ក៏បាន​កោតសរសើរ​មន្ត្រី​បោះឆ្នោត​ទាំងអស់​ដែល​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុង​ភាពជា​អ្នកបម្រើ​សេវា​ជូន​ម្ចាស់ឆ្នោត​គ្រប់​កាលៈទេសៈ មិន​ថា​ឆ្លង​ទឹក ចុះ​អូរ ជិះទូក ក៏ដោយ ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យទៅដល់​គោលដៅ​ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​។ ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យតែ​ប្រជាពលរដ្ឋ​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ត្រូវតែមាន​សិទ្ធិ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ។​

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប បាន​ឆ្លើយតប​ទៅនឹង​បញ្ហា​សម្ភារ​សម្រាប់​បម្រើឱ្យ​ចុះឈ្មោះ​បោះឆ្នោត​ថា គ​.​ជ​.​ប បាន​ពិនិត្យឃើញថា​សម្ភារ​ទាំង​អស់នេះ​ពិតជា​ចាស់​មែន ព្រោះ​បានការ​យកមកប្រើ​តាំងពី​ឆ្នាំ​២០១៦ មកម្ល៉េះ​។ ជាពិសេស​គឺ​បាន​ដឹកជញ្ជូន​ទៅមក​ជាច្រើនលើក​ច្រើនសា​ពី​ឃុំ សង្កាត់ មក​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត រួមទាំង​ដឹកជញ្ជូន​បន្ត​មក គ​.​ជ​.​ប​ហេតុនេះហើយ ច្បាស់​ជាមាន​ការខូចខាត​មួយចំនួន​។ បច្ចុប្បន្ន គ .​ជ . ប ក៏មាន​គម្រោង​ប្តូរ​សម្ភារ​ទាំង​នេះដែរ ដោយបាន​ធ្វើសំណើ​ទៅ​ភាគី​ជប៉ុន​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​ជួយ​ដោះស្រាយ​លើ​ការងារ​នេះ​។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅថ្ងៃនេះ​មាន​ប្រធានបទ​សំខាន់​ពីរ គឺ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត និង​បណ្តឹង​ទាក់ទង​ទៅនឹង​ការ ចុះឈ្មោះ បោះឆ្នោត​។ ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​កិច្ចប្រជុំ​នេះ​មាន​ចំនួន ៧៥​នាក់ មកពី​ក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន អង្គការ​មិនមែន​រដ្ឋាភិបាល ចំនួន ១៦ អង្គភាព​សារព័ត៌មាន ចំនួន ១៤ និង​គណបក្សនយោបាយ ចំនួន ១៥៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×