Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​បើក​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជើងឯក​ថ្នាក់ជាតិ​ ​និង​ពានរង្វាន់​សហព័ន្ធ លើក​ទី​១ ប្រចាំឆ្នាំ​២០២០

spot_img

​ភ្នំពេញ​៖ ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ​២០២០​បានចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ នា​ល្ងាច​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅ​សាល​ដំបូលទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​វត្តមាន​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រធានកិត្តិយស​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​។​

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC មានប្រសាសន៍ថា ក្នុងនាម​ចលនា​អូឡាំពិក និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ពិតជា​រីករាយ​ចំពោះ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ប្រចាំឆ្នាំ​២០២០ នាពេលនេះ ។ កីឡាវាយកូនឃ្លីលើតុ ដែលមាន​ឈ្មោះ​ដើម​ថា Ping Pong ត្រូវបាន​គេ​រកឃើញ នៅ​ពាក់កណ្តាល សតវត្សរ៍​ទី​១៩ នៅ​ប្រទេស​អង់គ្លេស ហើយ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​អន្តរជាតិ ត្រូវបាន​បង្កើតឡើង​ក្នុង ឆ្នាំ​១៩២៩ ដើម្បី​ដឹកនាំ​ចលនា​កីឡាវាយកូនឃ្លីលើតុ​ពិភពលោក ដោយឡែក​តាម​ឯកសារ​អាណានិគម​បារាំង​បាន​បញ្ជាក់ថា ជនជាតិ​បារាំង​បាន​នាំយក​កីឡា​អូឡាំពិក​ទំនើប​ជាច្រើន​ចូលមក​កម្ពុជា ក្នុងនោះ​ក្រៅពី​កីឡា ប៊ូល​-​ប៉េតង់​, កា​រ៉ា​តេ​, យូ​ដូ​, ប្រណាំង​កង់ ក៏មាន​កីឡាវាយកូនឃ្លីលើតុ​ផងដែរ ក្នុង​ទសវត្សរ៍​៥០ និង​៦០ ។ ប៉ុន្តែ​កីឡាវាយកូនឃ្លីលើតុ​ទស​វត្សរ៍​៦០-៧០ មានការ​រីកចម្រើន និង​ដណ្តើមបាន​មេដាយប្រាក់​, សំរឹទ្ធ ក្នុងការ​ប្រកួត​កីឡា SEA Games ជា​បន្តបន្ទាប់ ។​

​ឯកឧត្តម​អគ្គលេខាធិកា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការគ្រប់គ្រង​ដឹកនាំ​របស់​គណៈកម្មាធិកា​រ​ប្រតិបត្តិ​ថ្មី​បានបង្ហាញ​នូវ​សកម្ម​ភាពរស់រវើក មានការ​រីកចម្រើន​គួរ​ជាទី​កក់ក្តៅ​របស់​កីឡាករ កីឡាការិនី ក្រោយពី​សហព័ន្ធ​នេះ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង កីឡា ព្រមទាំង​ទទួលបាន​ការចង្អុលបង្ហាញ ជ្រើសរើស​ប្រធាន​សហព័ន្ធ និង​គាំទ្រ​របស់​ឯកឧត្តម​នា​យ​ឧ​ត្ត​ម សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ទើប​ធ្វើ​ឲ្យ​សហព័ន្ធ​ប្រែ​មុខមាត់​ថ្មី​គួរ​ជាទី​សង្ឃឹម ស្វែងរក​ឧត្តមភាព​កីឡា វាយ​កូនឃ្លី​លើ​តុ ក្នុងការ​ត្រៀម​ប្រកួត​កីឡា SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បានលើកឡើង​បន្ថែម​ទៀ​ថា «​ដើម្បី​ជំរុញ​បន្ថែម​ល្បឿន​អភិវឌ្ឍ​គុណ​ផល​កីឡា (Performance) កម្រិត​ខ្ពស់ ដល់​កីឡាករ កីឡា​កា​វិ​នី​វាយ​កូនឃ្លី​លើ​តុ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​ឯកភាព​ជាមួយ​ក្រុម​ជំនាញ​កីឡា និង​ក្រុម​សិក្សា​ស្រាវជ្រាវ​មកពី​ក្រុមហ៊ុន​កីឡា​អន្តរជាតិ តំណាង​ឲ្យ​អាជ្ញាធរ​កីឡា នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្តល់​ចំនួន​កីឡាករ កីឡាការិនី វាយ​កូនឃ្លី​លើ​តុ​ចំនួន​៨​នាក់ ត្រៀម​ទៅ​ហ្វឹកហាត់​រយៈពេល​វែង នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ដូចនេះ សូម​សហព័ន្ធ​ត្រៀមលក្ខណៈ​ជ្រើសរើស​កីឡាករ កីឡាការិនី​មាន​ទេពកោសល្យ មាន​វិន័យ ក្រមសីលធម៌​កីឡា​ល្អ​បញ្ជូនទៅ​ធ្វើការ​ហ្វឹកហាត់ ឲ្យ​ទទួលបាន​ជោគជ័យ​ត្រឡប់មក​ប្រកួត​កីឡា SEA Games ឆ្នំ​២០២៣​ដណ្ដើមយក​មេដាយមាស ចំនួន​១​គ្រឿង សម្រាប់​កីឡាវាយកូនឃ្លីលើតុ តាម​តារាង​ស​ន្ទ​ស្សន៍​មេដាយ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានប្រកាស​ក្នុង​មហាសន្និបាត​នា​ដើមឆ្នាំ​២០២០ កន្លងមក​»​។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បញ្ជាក់ថា ការប្រកួត​ឆ្នាំនេះ សហព័ន្ធ​បានរៀបចំ​ការប្រកួត​ចំនួន​ពីរ​ក្របខ័ណ្ឌ គឺ​ក្របខ័ណ្ឌ​ក​១ ចាប់ពី​អាយុ​១៩​ឆ្នាំ​ឡើងទៅ និង​ក្របខ័ណ្ឌ​ក​២ ក្រោម​អាយុ​១៨​ឆ្នាំ ដោយ​បែងចែក​ក្នុង​មួយ​ក្របខ័ណ្ឌ​មាន​៤​វិញ្ញាសា ដើម្បី​បំផុស​យុវ​កីឡាករ កីឡាការិនី​ឲ្យ​បាន​ផុសផុល ក្នុងប្រទេស​។ ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡា​ជំនាញ​មួយ​នេះ​មាន​ប្រតិភូ​កីឡាករ កីឡាការិនី​ចូលរួម​សរុប​ចំនួន​១៧៣​នាក់ មកពី​២២​ក្លិប​ទូទាំងប្រទេស​៕​ដោយ​៖​បញ្ញា​ស័​ក្តិ

spot_img
×