Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ការងារ ជំ​រុញឱ្យ​រោងចក្រ​សហគ្រាស​ផលិតផល​ធ្វើដំណើរ និង​កាបូប រួមគ្នា​បង្កើតជា​សមាគម​មួយ​ស្របតាម​ច្បាប់​ស្តីពី​សហជីព​

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ បាន​បើក​កិច្ចប្រជុំ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) សម្រាប់​រោងចក្រ សហគ្រាស​ផលិតផល​ធ្វើដំណើរ និង​កាបូប នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​នេះ ដើម្បី​ផ្សព្វផ្សាយ​អំពី​កាតព្វកិច្ច​របស់​រោងចក្រ សហគ្រាស​នៃ​វិស័យ​ផលិតផល​ធ្វើដំណើរ និង​កាបូប ក្នុងការ​អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម អ៊ិត សំហេង រដ្ឋមន្ត្រី​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជំរុញ​ឱ្យ​រោងចក្រ សហគ្រាស​ផលិតផល​ធ្វើដំណើរ និង​កាបូប រួមគ្នា​បង្កើតជា​សមាគម​មួយ​ស្របតាម​ច្បាប់​ស្តីពី​សហជីព ដើម្បី​ជា​តំណាង​របស់ខ្លួន ដើម្បី​ចូលរួម​ក្នុង​កិច្ចសន្ទនា​សង្គម​នានា​ឱ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​ទទួលយកបាន​ពី​គ្រប់ភាគី​។​

​ឯកឧត្តម បាន​ចាប់អារម្មណ៍​លើ​វិស័យ​ផលិតផល​សម្ភារ​ធ្វើដំណើរ និង​កាបូប ដែល​បច្ចុប្បន្ននេះ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ហើយ​បើតាម​ការប៉ាន់ស្មាន​នៅ​ឆ្នាំនេះ មានការ​រីកចម្រើន​ដូចជា​វិស័យ​វាយ​ន​ភណ្ឌ​ដែរ​។ វិស័យនេះ នឹង​ជំរុញ​ឲ្យ​មាន​កំណើន​ការងារ​ធ្វើ ក៏ដូចជា​ជំរុញ​ដល់​ការលើកកម្ពស់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ស្រប​ពេលដែល​កម្ពុជា​បាន​ប្ដេជ្ញា​យ៉ាងខ្ពស់​ក្នុងការ​អនុវត្ត​វិជ្ជាជីវៈ​មួយ ក៏ដូចជា​ការគោរព​នូវ​លក្ខខណ្ឌ​ការងារ​កាន់តែ​ប្រសើរ ស្របទៅតាម​អនុសញ្ញា​អន្តរជាតិ​ដែល​បានធ្វើ​សច្ចាប័ន​កន្លងទៅ​។
​កម្ពុជា​ក៏បាន​គោរព​នូវ​លក្ខខណ្ឌ​ការងារ​ទាំងឡាយ ដើម្បី​ឆ្លើយតប​នឹង​ការនាំ​ផលិតផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ប្រកបដោយ​និរន្តរភាព​។​

​អនុវត្តតាម​ស្មារតី​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​ការងារ និង​ក្រសួងពាណិជ្ជកម្ម សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដែលមាន​ការគាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ បាន​ឯកភាព​ក្នុងការ​ពង្រីក​វិសាលភាព នៃ​ការអនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដោយ​ដាក់បញ្ចូល​វិស័យ​ផលិតផល​ធ្វើដំណើរ និង​កាបូប ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ តាមរយៈ​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ​កម្ពុជា និង​បទដ្ឋាន​ការងារ​ស្នូល​ដែល​បានទទួល​ស្គាល់​ជា​អន្តរជាតិ សម្រាប់​ឆ្នាំ​២០២០-២០២២​។

​លើសពីនេះទៅទៀត កិច្ចពិភាក្សា​នឹង​កំណត់​នូវ​ចំណុច​អាទិភាព និង​បញ្ហា​ប្រឈម​នានា​របស់​វិស័យ​ផលិតផល​ធ្វើដំណើរ និង​កាបូប ក្នុងការ​អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ដើម្បី​រៀបចំ និង​ដាក់ចេញ​ជា​បែបបទ និង​នីតិវិធី​អនុវត្ត​គម្រោង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល​បាន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ ដើម្បី​ឲ្យ​ការអនុវត្ត​គម្រោង​មាន​ភាពប្រសើរ​ថែមទៀត​។ ទោះ​ជាមាន​បញ្ហា​ប្រឈម និង​ការលំបាក​មួយចំនួន​ក៏ដោយ ប៉ុន្តែ​កម្ពុជា​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ធ្វើ​កិច្ចការ​នេះ​យ៉ា​ល្អប្រសើរ​។​

​យ៉ាងណាក៏ដោយ ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា មកដល់ពេលនេះ បញ្ហា​ត្រូវបាន​ដោះស្រាយ ដែល​ទាមទារ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ឲ្យ​បាន​កាន់តែ​សកម្ម ដើម្បី​ផលប្រយោជន៍​សម្រាប់​រោង​ចក្រ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ការទទួល​បានការ​លើកទឹកចិត្ត ពី​រដ្ឋាភិបាល​កម្ពុជា និង​ទទួលបាន​ការបញ្ជាទិញ​កាន់តែច្រើន​ផងដែរ​៕
​ដោយ​៖CEN

 

spot_img
×