Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងអគ្គិសនីកម្ពុជា បង្កើនបណ្ដុះបណ្ដាលជំនាញបច្ចេកទេសអគ្គិសនី ដល់យុវជន

spot_img

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអគ្គិសនីកម្ពុជា បានចុះហត្ថលេខានៃការយោគយល់គ្នា ស្តីពី “ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជន-យុវនារី ដើម្បីទទួលបានឱកាសការងារ” សម្រេចគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ របស់រាជរដ្ឋាភិបាល និងដើម្បីបំពេញតម្រូវការទីផ្សារការងារ ផ្នែកអគ្គិសនី សំដៅបង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយលោកពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ។

លោក ពេជ សោភ័ន បានឲ្យដឹងថា កិច្ចសហការបង្កើនបណ្ដុះបណ្ដាល ធនធានមនុស្សលើវិស័យអគ្គិសនីនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ដែលកំពុងមានការកើនឡើងខ្ពស់។

លោករដ្ឋលេខាធិការក្រសួងការងារបានបន្ថែមថា គម្រោងបណ្ដុះបណ្ដាលនេះ ក៏អាចផ្ដល់ឱកាសឲ្យសិស្សនិស្សិត-គ្រូទៅធ្វើទស្សនកិច្ចសិក្សាចាំបាច់ នៅមូលដ្ឋានការងាររបស់អគ្គិសនីកម្ពុជាផងដែរ។ រីឯអគ្គិសនីកម្ពុជា ក៏ទទួលបានធនធានមនុស្ស សម្រាប់បម្រើការងារក្នុងវិស័យរបស់ខ្លួនដែរ ដើម្បីធ្វើឲ្យវិស័យអគ្គិសនី នៅកម្ពុជាមានការអភិវឌ្ឍ ហើយសមស្របទៅតាមការកំណត់ របស់រាជរដ្ឋាភិបាល ពិសេសឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥។

លោក កែវ រតនៈ បានឲ្យដឹងថា កិច្ចសហការក្នុងអនុស្សរណៈនេះ មិនមានកំណត់រយៈពេលទេ ដរាបណាអគ្គីសនីកម្ពុជា មានថវិកាគ្រប់គ្រាន់ក្នុងការជួយជ្រោមជ្រែង គឺនៅតែបន្តជួយក្រសួងការងារទៀតដែរ ដែលការជួយជ្រោមជ្រែងនេះ មានជាថវិកា និងសម្ភារសិក្សា។

លោកអគ្គនាយក បានបង្ហាញមូលហេតុដែលអគ្គិសនីកម្ពុជាសហការជាមួយក្រសួងការងារដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាក្រសួងគ្រប់គ្រងលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់ប្រជាពលរដ្ឋខ្មែរ ដូច្នេះមានតែក្រសួងការងារទេ ដែលជាដៃគូសក្តិសមជាងគេ។

“បច្ចុប្បន្ន អគ្គិសនីកម្ពុជាមានវិស្វករជំនាញជាង៥ពាន់នាក់ ដោយមិនទាន់រាប់បញ្ចូលសេវាករ ដែលចែកចាយអគ្គិសនីទូទាំងប្រទេសជាង៣០០នាក់ទៀត និងមិនទាន់រាប់ទាំងជាងភ្លើង នៅតាមមូលដ្ឋាននានាជាច្រើនពាន់ផងដែរ ហើយទៅថ្ងៃអនាគត វិស័យអគ្គិសនីត្រូវការបុគ្គលិកជំនាញ សេវាករ និងជាងជំនាញជាច្រើននាក់ទៀត” លោកកែវ រតនៈ បានថ្លែងបន្ថែមដូច្នេះ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×