Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា ៖ អំពាវនាវ​ឱ្យ​គ្រប់​សមាសភាព ពាក់ព័ន្ធ​ទាំងអស់​បន្ត​រួមគ្នា ដើម្បី​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទទួលបាន​ជោគជ័យ​

spot_img

​ភ្នំពេញ​៖ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការ​ស្តីទី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មានប្រសាសន៍​បែបនេះ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​ពិនិត្យ​បញ្ចប់​គោលការណ៍​ណែនាំ​នៃ​ការព្យាបាល វិបត្តិ​បណ្តាលមកពី​ការប្រើប្រាស់​អាភៀន​លើស​កម្រិត​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ នេះ​នៅ​ខេត្តសៀមរាប ក្រោយ​បាន​ដំណើរ​ការតាំង​ពីថ្ងៃ​១៩ ខែតុលា ឆ្នាំ​២០២០​មក​។

​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងសុខាភិបាល និង​តំណាង​ពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ស្នងការ​នគរបាល​ខេត្តសៀមរាប មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និង​ខេត្តបន្ទាយមានជ័យ និង​ក្រុម​គោលដៅ​និង​អង្គការ​កសាង​។

​លោក​វេជ្ជបណ្ឌិត ស៊ិន អ៊ា​ប តំណាងឱ្យ​ក្រសួងសុខាភិបាល បានធ្វើ​របាយការណ៍​ជូន​ថា ក្រោយពី​ដំណើរការបាន​បី​ថ្ងៃ​កន្លងមក កិច្ចប្រជុំ​បានធ្វើ​កិច្ច​ពិភាក្សាគ្នា​យ៉ាង​ផុលផុស ដោយ​ប្រមូលបាន​នូវ​មតិយោបល់​ដែលជា​ធាតុ​ចូល​បន្ថែម​ពី​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ។

​ក្នុងឱកាស​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការ​ស្តីទី ការកើនឡើង​នៃ​ចំនួន​អ្នកចូលរួម​គ្រប់​សមាស​ភាព​ពាក់ព័ន្ធ​រាជរដ្ឋាភិបាល អង្គការ​ដៃគូ វិស័យ​ឯកជន បានធ្វើឱ្យ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ទទួលបាន​ជោគជ័យ ការងារ​ផ្សព្វផ្សាយ​អប់រំ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​គ្រឿងញៀន និង​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​គឺ​នៅតែ​ចាំបាច់​ដែល​ត្រូវតែ​រួមគ្នា​ដោះស្រាយ និង​សូម​អំពាវនាវ​ឱ្យមាន​កិច្ចសហការ​ថែមទៀត​រវាង​វិស័យ​អនុវត្ត​ច្បាប់ វិស័យ​សុខាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គោលនយោបាយ​ភូមិ ឃុំ​/​សង្កាត់​មាន​សុវត្ថិភាព ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ ប្រសិនបើ​មិនមាន​កិច្ចសហការ​ពហុ​វិស័យ​បែបនេះ​ទេ ។​

​ជាមួយគ្នានេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក នាក់ យុ​ទ្ធា បាន​ថ្លែង​ដោយ​សង្ឃឹម​មុតមាំ​ថា គោលការណ៍​ណែនាំ​នៃ​ការព្យាបាល វិបត្តិ​បណ្តាលមកពី​ការប្រើប្រាស់​អាភៀន​លើស​កម្រិត​នឹង​ក្លាយជា​ឧបករណ៍​ស្តង់ដារ​សម្រាប់​ផ្តល់​សេវា​សង្គ្រោះបន្ទាន់​ដល់​អ្នកប្រើប្រាស់​អាភៀន​លើស​កម្រិត ដែល​អាច​អនុវត្តបាន​ទាំងអស់គ្នា ស្របតាម​តម្រូវការ និង​បរិបទ​ជាក់ស្តែង​នៃ​ប្រទេស​កម្ពុជា​យើង ។​

​បើ​យោងតាម​របាយការណ៍រ​បស់​ការិយាល័យ​អង្គការសហប្រជាជាតិ​ស្តីពី​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) បាន​បង្ហាញថា នៅ​ឆ្នាំ​២០២០ នេះ លើ​សកលលោក​មាន​អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រមាណ ២៦៩ លាន​នាក់ ដែល​ក្នុងនោះ​ប្រមាណ ៣៥,៦ លាន​នាក់ ជា​អ្នកញៀន​គ្រឿងញៀន ហើយ​អ្នកប្រើប្រាស់​អាភៀន​មាន​ប្រមាណ ៥៨ លាន​នាក់ ស្ថិតក្នុង​លំដាប់​ទី​២ បន្ទាប់ពី​អ្នកប្រើប្រាស់​កញ្ឆា​ដែលមាន​ប្រមាណ ១៩២ លាន​នាក់ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×