Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រយៈពេល ៩​ខែ ឆ្នាំនេះ បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣ ឃាត់ខ្លួន​២២០០ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ជាង ៤០០​គីឡូ​

spot_img

​ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បើក​កិច្ចប្រជុំ វាយតម្លៃ​សភាពការណ៍ និង​បូកសរុប​លទ្ធផល រយៈពេល ៩​ខែ ឆ្នាំ ២០២០ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣/១.៣១១​ករណី កើន​២២​ករណី ស្មើ ១,៦៥% ឃាត់ខ្លួន​២២០០/២១១២​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៤០០,៤៩/៤៣,១៣​គ​.​ក្រ រួម​នឹង​មធ្យោបាយ សម្ភារ​វត្ថុតាង​មួយចំនួនទៀត​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានរៀបចំ​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់ រយះពេល​៩​ខែ និង​លើក​ទិសដៅ​បន្ត ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សមាសភាព​អញ្ជើញ​ចូលរួម​លោកនាយ​ករង​មន្ទីរ លោកនាយ​ការិយាល័យ និង​លោក​នាយរង​
​ការិយាល័យ សរុប ៩២​នាក់ (​ស្រី ២​នាក់​) ។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឡើងរាយការណ៍ លទ្ធផល​កិច្ចប្រតិបត្តិការ រយៈពេល​០៩​ខែ នៃ​ឆ្នាំ​២០២០​នេះ របស់​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន សរុប​ចំនួន ១.៣៣៣/១.៣១១​ករណី កើន​២២​ករណី ស្មើ ១,៦៥% ឃាត់ខ្លួន​២២០០/២១១២​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៤០០,៤៩/៤៣,១៣​គ​.​ក្រ រួម​នឹង​មធ្យោបាយ សម្ភារ​វត្ថុតាង​មួយចំនួនទៀត​។ ក្នុងនោះ ៖
-​ករណី​ជួញដូរ ៧៥៩/៦៣៦​ករណី កើន ១២៣​ករណី ស្មើ​១៦% ឃាត់ខ្លួន​១១៣៦/៩៤១​នាក់ កើន ១៩៥​នាក់ ស្មើរ ១៧,១៦%​។​
-​ករណី​សំយោគ​-​កែច្នៃ​៣/១​ករណី ឃាត់ខ្លួន ៧​នាក់​/០
-​ករណី​ប្រើប្រាស់ ៥៧១/៦៧៤​ករណី ឃាត់ខ្លួន ១០៥៧/១១៧១​នាក់​។​
​ដោយឡែក​រយៈពេល ០២​សប្ដាហ៍​ដើមខែ​តុលា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បង្ក្រាប​ករ​ណី​ធំៗ បាន​ចំនួន ០៥​ករណី ឃាត់ខ្លួន ១៣​នាក់ ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ទម្ងន់ ២.១១៣,៣៦​គ​.​ក្រ (​ក្នុងនោះ​សារធាតុ​ញៀន​ប្រភេទ​ការ​ទី​ណូន​ទម្ងន់ ១.៩០០​គ​.​ក្រ​) ។​

​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ប្រធាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ រួមជាមួយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ កឹម​យ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន គួបផ្សំ​ការដកចេញ​នូវ​វិធានការ​គន្លឹះ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ កម្លាំង​អនុវត្ត​ច្បាប់​បាន​បើក​កិច្ចប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​យ៉ាងសកម្ម​ផុសផុល និង​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ​ករណី​ធំៗ ៣០​ករណី (​ទីតាំង​កែច្នៃ ០៣​កន្លែង​) ត្រូវបាន​បង្ក្រាប​ដោយ​ចាប់យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​ប្រមាណ​ជាង ០២​តោន ព្រមទាំង​ចាប់​មេក្លោង​ចំនួន ១១​នាក់ និង​ខ្សែរយៈ​បណ្ដាញ​ចំនួន ៤៧​នាក់​។​
​តាមរយៈ​ការអនុវត្ត​វិធាន​រដ្ឋបាល​និង​វិធាន​ច្បាប់ ក្នុង​កិច្ច​បើក​ប្រតិបត្តិ​ការបង្ក្រាប​តាម​ទីតាំង​សប្បាយដ្ឋាន បាន​ជះ​ឥ​ទ្ធ​ពល​ដល់ ទីផ្សារ​ជួញដូរ​និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅក្នុង​ប្រទេស​។​
​ជាក់ស្ដែង​ផ្អែក​តាម​លទ្ធផល​បង្ក្រាប​ពិនិត្យឃើញ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន មានការ​ថយចុះ​៣,២៨%​ធៀប​និង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៩​។​

​ការពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ជាតិ​-​អន្តរជាតិ រួមទាំង​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ក្នុងការ​ផ្លាស់ប្ដូរ​និង​ផ្ដល់ព័ត៌មាន​ទាន់ពេលវេលា គួបផ្សំ​សមត្ថភាព​បទបិសោធ​ទ៍​របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​ឧបករណ៍​បច្ចេកទេស​ផង​នោះ បានធ្វើ​ឲ្យ​កិច្ចប្រតិបត្តិការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​កាន់​តែមាន​ប្រសិទ្ធភាព​។ ជាក់ស្ដែង​ករណី​លួច​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​កម្ពុជា ១៦​ករណី​ធំៗ ទៅ​ប្រទេស​ទី​៣ ត្រូវបាន​បង្ក្រាប ក្នុងនោះ តាមផ្លូវ​គោក ០៧​ករណី តាមផ្លូវ​អាកាស ០៣​ករណី តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍​ចំនួន ០៥​ករណី និង​ផ្លូវទឹក​ចំនួន ០១​ករណី ដែលមាន​បរិមាណ​សារធាតុ​ញៀន​សរុប​ប្រមាណ ២៩៣,៤២​គ​.​ក្រ ។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​លើកឡើងថា «​នេះ​ជា​លទ្ធផល និង​ជា​គុណសម្បត្តិ​របស់​កងកម្លាំង​យើង ក្នុង​កិច្ចប្រតិបត្តិការ​កន្លង​មក​គឺ​យើង​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ដែលមាន​ការកើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​យើង​ចាប់បាន​គ្រឿងញៀន និង​សារធាតុ​ផ្សំ​ជិត ៣​តោន​កាលពីពេល​ថ្មីៗ​នេះ ។ ប៉ុន្តែ​យើង​ក៏​នៅមាន​ចំណុច​ខ្វះខាត ចន្លោះប្រហោង​មួយចំនួន ពាក់ព័ន្ធ​នឹង​ជំនាញ បច្ចេកទេស​ផងដែរ ដែល​ត្រូវ​ទាមទារ​ឲ្យ​កម្លាំង​យើង​ខិតខំ​ពង្រឹងសមត្ថភាព​បន្ថែមទៀត ។​

​មុន​នឹក​បិទ​កិច្ចប្រជុំ​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ បានដាក់​ទិសដៅ​បន្ត​ចំនួន​៦​ចំណុច ដល់​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ទាំងអស់ ដើម្បី​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជ​រដ្ឋ​ភិ​បាល ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត ។​
​នៅក្នុង​កិច្ចប្រជុំ​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​នៃ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​រយៈពេល​៩​ខែ (​ពីថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០) នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ តំ​ណា​
​ង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​គូសបញ្ជាក់ថា ទិសដៅ​ទាំង​៦​ចំណុច​នោះ​រួមមាន ៖
១-​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​ប្រសិទ្ធភាព​
២-​បន្ត​ជំរុញ​ការស្រាវជ្រាវ​ស៊ើបអង្កេត​បណ្តា​ករណី​ធំៗ ដែល​នៅ​សេសសល់ ដើម្បី​បង្ក្រាប​ឲ្យ​ដល់​ប្ញ​សគល់​
៣-​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​សម្អាត​ប្រាក់ ដែលជា​ផល​នៃ​បទល្មើស​គ្រឿងញៀន​
៤-​បន្ត​ជំរុញ​អនុវត្ត​វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការនាំ​ចូល ការ​លួចលាក់​កែច្នៃ និង​ការជួញដូរ​ប្រើប្រាស់​នៅតាម​គោលដៅ​សប្បាយដ្ឋាន ដោយ​ត្រូវ​ពង្រឹង​ការតាមដាន​គ្រប់គ្រង​ត្រួតពិនិត្យ​សកម្មភាព​នៅតាម​បន្ទាត់​ព្រំដែន ព្រមទាំង​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត ដោយ​អនុវត្តតាម​ស្មារតី​នៃ​ពាក្យស្លោក​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ «៣​កុំ ១​រាយការណ៍​»​។​
៥-​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន ជាមួយ​ដៃគូ​សហប្រតិបត្តិការ​ទាំ​ង​ក្នុង​និង​ក្រៅ​តំបន់ ដោយ​ខិតខំ​កសាង និង​ពង្រឹង​យន្តការ​ទំនាក់ទំនង​ឲ្យ​បានច្បាស់លាស់ ។​
៦-​ពង្រឹងសមត្ថភាព​មន្ត្រី នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) និង​លើកកម្ពស់​សមត្ថភាព​ម​ន្ត្រី​អនុវត្ត​ច្បាប់ តាមរយៈ​ការបណ្តុះបណ្តាល​សមត្ថភាព​ជំនាញ​និង​ច្បាប់​។ ទន្ទឹម​នោះ បង្កើន​ការគាំទ្រ​លើកទឹកចិត្ត និង​ពង្រឹង​វិន័យ សីលធម៌ មនសិការ​វិជ្ជាជីវៈ​ដ​ល់​កងកម្លាំង​។​
​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ ក៏បាន​នាំយក​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ថ្លែងអំណរគុណ​ពី​សំណាក់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ អំពី​ការចូលរួម​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​១៩ ដោយ​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ថ្វីត្បិតតែ​កម្ពុជា​យើង​ការថែរក្សា ការប្រយុទ្ធប្រឆាំង​មាន​លទ្ធផល​ល្អ តែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​បន្ថែមទៀត ត្រូវ​រក្សា​គម្លាត ពាក់​ម៉ាស់ បាញ់​អាល់កុល ឬ​ជែ​ល ជាប្រចាំ ជាពិសេស​ត្រូវ​ណែនាំ​អប់រំ​ដល់​បងប្អូន​ក្រុមគ្រួសារ​ឲ្យ​បាន​យល់ដឹង​ពី​វិធី​ការពារ​វីរុស​ដ៏​កាច​សាហាវ​មួយ​នេះ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×