Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គណៈរដ្ឋមន្ត្រី អនុម័ត​ទាំងស្រុង លើ​“​សំណើសុំ​ការពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ និង​គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​”

spot_img

​ភ្នំពេញ​៖ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា កិច្ចប្រជុំ​ពេញ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​ទាំងស្រុង លើ​“​សំណើសុំ​ការពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ និង​គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​”​។​

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ បាន​បន្ត​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី “​សំណើសុំ​ការពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ និង​គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី​៥០០​គីឡូវ៉ុល ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ និង​ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​”​។​

​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អគ្គិសនី​ថ្មី​ចំនួន ៣ គម្រោង​បន្ថែមទៀត គឺ​៖
– គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព​១៥០ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​
– គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន ៥០០​គីឡូវ៉ុល​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ​
– គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន ៥០០​គីឡូវ៉ុល ពី​បាត់ដំបង​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។

​ផលប្រយោជន៍​សំខាន់​នៃ​ការអភិវឌ្ឍន៍​គម្រោង​នេះ ក្រៅពី​ផលិត​អគ្គស​នី ៥២៧ លាន​គីឡូវ៉ាត់ម៉ោង​ក្នុង ១​ឆ្នាំ ដែលមាន​ថ្លៃ ៧,៩២ សេន​អាមេរិក​ក្នុង​១​គីឡូវ៉ាត់ម៉ោង ថេរ ៣៥​ឆ្នាំ ក​ម្រោ​ង​នេះ​នឹង​ជួយ​ស្តុក​ប្រភព​ទឹកភ្លៀង​នៅ​រដូវវស្សា​បន្ថែម ទុក​នៅក្នុង​អាងទឹក​ថ្មី​ទាំង​២​នៃ​គម្រោង​វា​រី​អគ្គិសនី​តា​តៃ​លើ ដែល​ជួយ​កាត់បន្ថយ​ការ​ហៀរ​ទឹក​ចោល និង​ការពិន័យ​ដោយ​មិនបាន​ផលិត​អគ្គិសនី​នៅ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ នៅ​រដូវវស្សា និង​ស្តុក​ទឹក​នេះ​ទុក​សម្រាប់​ការផលិត​អគ្គិសនី​នៅ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​នៅ​រដូវប្រាំង និង​បង្ហូរ​ចុះមក​ឱ្យ​អាង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នៅ​ខាងក្រោម ដើម្បី​ផលិត​អគ្គិសនី​បន្ថែម​នៅ​រដូវប្រាំង​ចំនួន ១០៨ លាន​គីឡូវ៉ាត់ម៉ោង​បន្ថែមទៀត​។

​ផ្អែក​តាមច្បាប់​ស្តីពី​សារពើពន្ធ បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​ការលើកទឹកចិត្ត​វិនិយោគ រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពន្ធ​ពី​គម្រោង ដូចតទៅ​៖
– ចំណូល​ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​កាត់​ទុក​លើ​ចំណាយ​ការប្រាក់ និង​ពន្ធ​កាត់​ទុក​លើ​ការបែងចែក​ភាគលាភ សរុប​ចំនួន ១៩៩ ៧០៥ ៩៨៤ ដុល្លារ​អាមេរិក ក្នុង​រយៈពេល​សម្បទាន ៣៩​ឆ្នាំ​
– ក្នុងករណី​អាករ​លើ​តម្លៃបន្ថែម (VAT) ត្រូវបាន​ដាក់ឱ្យអនុវត្ត រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពី​អាករ​នេះ​សរុប​ចំនួន ១៤៤ ៦២៣ ៥៥៦ ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៣៥​ឆ្នាំ នៃ​អាណត្តិ​ប្រតិបត្តិការ​អាជីវកម្ម​។ ចំណូល​ពន្ធ​ខាងលើ នៅ​មិនទាន់​គិត​បញ្ចូល​ចំណូល​ពន្ធ​មួយចំនួនទៀត​ដូចជា ពន្ធលើប្រាក់បៀវត្ស​រ៍ ពន្ធ​កាត់​ទុក​លើ​ការជួល​នានា និង​ពន្ធ​ដោយ​ប្រយោល​ដទៃទៀត​។​

​មុន​ឆ្នាំ​២០១៥ ពេលដែល​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បណ្ដាញ​ជាតិ និង​ប្រភព​អគ្គិសនី​ធំៗ ពុំទាន់​ផ្ដល់​ផ្លែផ្កា​ជា​ដុំកំភួន ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា​មានតម្លៃ​ខ្ពស់​ណាស់ និង​ខុសៗ​គ្នា​នៅតាម​តំបន់​ផ្គត់ផ្គង់ រួច​នៅពេលនោះ​ពិតណាស់​ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា​ខ្ពស់ជាង​ថៃ​ជិត​២​ដង និង​ខ្ពស់ជាង​វៀតណាម​ជិត​៣​ដង​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៦ នៅពេលដែល​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បណ្ដាញ​ជាតិ និង​ប្រភព​អគ្គិសនី​ធំៗ ផ្ដល់​ផ្លែផ្កា​ជា​បន្តបន្ទាប់ ហើយ​បាន​ដាក់ឱ្យអនុវត្ត​ផែនការ​កាត់​បន្ថយថ្លៃ​អគ្គិសនី​មួយឆ្នាំ​ម្ដង ដែល​គណនា​តាម​ចំនួន​ផ្លែផ្កា​ដែល​ទទួលបាន​ពី​ការខិតខំ​អភិវឌ្ឍ​នេះ​។ បច្ចុប្បន្ន​ប្រសិនបើ​ធៀប​កម្រិត​ថ្លៃ​អគ្គិសនី​មុន​ឆ្នាំ​២០១៥ ថ្លៃ​អគ្គិសនី​នៅ​កម្ពុជា បាន​ថយចុះ​ជាង​មុន​៤០%​រួចហើយ​។ ប៉ុន្តែ​ទោះជា​មានការ​ផ្លាស់ប្ដូរ​ដ៏​ធំ​ដូច​ជំរាបជូន​ខាងលើ នៅតែមាន​ការនិយាយ​អំពី​ថ្លៃ​អគ្គិសនី​ខ្ពស់ ទៅតាម​ទម្លាប់​ចាស់ និង​នៅតែមាន​ការយល់ច្រឡំ​លើ​ចំណុច​មួយចំនួន​នៃ​ការ​បន្ថយថ្លៃ​អគ្គិសនី​នៅ​កម្ពុជា សូម​បំភ្លឺ​ជូន​ដូចខាងក្រោម​៖
១. មូលដ្ឋាន​នៃ​ការ​បន្ថយថ្លៃ​អគ្គិសនី​
​សូម​ជម្រាបជូន​ថា ថ្លៃ​អគ្គិសនី​ដែល​លក់​ឱ្យ​អ្នកប្រើប្រាស់​ផ្គុំ​ឡើង​ពី​ការចំណាយ​ចំនួន ៤​គឺ​៖
– ការចំណាយ​លើ​ប្រភព​អគ្គិសនី​
– ការចំណាយ​លើ​ការបញ្ជូន​អគ្គិសនី​
– ការចំណាយ​លើ​ការ​ចែកចាយ​អគ្គិសនី​
– ការចំណាយ​លើ​ការបង់​ពន្ធអាករ និង​គោលនយោបាយ​គ្រប់​ប្រភេទ​តាម​ផ្នែក​នីមួយៗ ដូច្នេះ​ដើម្បី​បន្ថយថ្លៃ​អគ្គិសនី គេ​ត្រូវ​រក​លទ្ធភាព​បន្ថយ​ការចំណាយ​ទាំង​៤ នេះឯង​។ ការបន្ថយ​ការចំណាយ​ខាងលើ មាន​ពាក់ព័ន្ធ​ជាមួយ​កត្តា​សំខាន់ ៣​គឺ​៖
– កត្តា​ទី​១ លក្ខណៈ​ធម្មជាតិ​ផ្ទាល់​របស់​ប្រទេស​នីមួយៗ​ដូចជា​៖ ត់ើ​ប្រទេស​នោះ​មាន​ប្រភព​ឥន្ធនៈ ដែលមាន​ថ្លៃ​ទាប​សម្រាប់​ផលិត​អគ្គិសនី​ដែរឬទេ​? តើ​ប្រទេស​នោះ​មាន​សក្ដានុពល​ប្រភព​អគ្គិសនី​ដែលមាន​ថ្លៃ​ទាប​សម្រាប់​ផលិត​អគ្គិសនី​ដែរឬទេ​? តើ​ប្រទេស​នោះ​មាន​ទីតាំង​អាច​នាំចូល​ប្រភព​អគ្គិសនី ដែលមាន​ថ្លៃ​ទាប​ពី​ខាងក្រៅ​ដែរឬទេ​? តើ​លក្ខណៈ​ភូមិសាស្ត្រ​របស់​ប្រទេស​នោះ អាច​អនុញ្ញាត​ឱ្យធ្វើ​ការសាងសង់​ប្រព័ន្ធ​បណ្ដាញ​បញ្ជូន​ដែលមាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ដែរឬទេ​? តើ​ទំហំ​ប្រើប្រាស់ និង​ទីតាំង​ប្រើប្រាស់​អគ្គិសនី ដែលមាន​ក្នុងប្រទេស​នោះ​អាចឱ្យ​ការបញ្ជូន និង​ការ​ចែកចាយ​អគ្គិសនី​ដំណើរការ​ដោយមាន​ការចំណាយ​ទាប​ដែរឬទេ​?
– កត្តា​ទី​២ ប្រសិទ្ធភាព​នៃ​ការធ្វើផែនការ​អភិវឌ្ឍន៍ ការ​វ​និ​យោគ និង​ការគ្រប់គ្រង និង​ដំណើរការ​ផ្នែក​នីមួយៗ
– កត្តា​ទី​៣ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​លើ​ការវិនិយោគ​លើ​បរិស្ថាន និង​លើ​ពន្ធអាករ​។ ប្រទេស​ណា​ក៏​ចង់ឱ្យ​ថ្លៃ​អគ្គិសនី​របស់​ប្រទេស​ខ្លួន​ទាប​ជាងគេ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ និង​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ដែរ ប៉ុន្តែ​ប្រទេស​នីមួយៗ អាច​ត្រឹមតែ​ខិតខំ​បង្កើន​ប្រសិទ្ធភាព​នៃ​ការធ្វើផែនការ ការអភិវឌ្ឍន៍ ការវិនិយោគ និង​ការគ្រប់គ្រង និង​ដំណើរការ ព្រមទាំង​កែសម្រួល​គោលនយោបាយ​របស់ខ្លួន​ខ្លះ​ប៉ុណ្ណោះ ប៉ុន្តែ​មិនអាច​កែប្រែ​ការចំណាយ​មួយផ្នែកធំ​ដែល​ពាក់ព័ន្ធ​ជាមួយ​លក្ខណៈ​ធម្មជាតិ​ផ្ទាល់​របស់​ប្រទេស​ខ្លួន​បានទេ គឺ​ដូច្នេះហើយ ដែល​ប្រទេស​នីមួយៗ មាន​កម្រិត​ថ្លៃ​អគ្គិសនី​មិន​ដូចគ្នា​ទេ សូម្បីតែ​ក្នុង​សហរដ្ឋអាមេរិក ថ្លៃ​អគ្គិសនី​ក្នុង​រដ្ឋ​ទាំង​៥០ ក៏មាន​កម្រិត​ថ្លៃ​អគ្គិសនី​ខុសគ្នា​ដែរ ដែល​ក្នុងនោះ​មាន​ទាំង​រដ្ឋ​ដែលមាន​ថ្លៃ​អគ្គិសនី​ទាប​ជាង​កម្ពុជា និង​មាន​ទាំង​រដ្ឋ​ដែលមាន​ថ្លៃ​អគ្គិសនី​ខ្ពស់ជាង​កម្ពុជា​។ ដូចគ្នា​ដែរ ក្នុងប្រទេស​អាស៊ាន ថ្លៃ​អគ្គិសនី​នៅ​ហ្វីលីពីន​ខ្ពស់​ជាងគេ​នៅ​សឹង្ហ​បុរី សឹង្ហ​បុរី​ខ្ពស់ជាង​ថៃ ថៃ​ខ្ពស់​ជា​ឥណ្ឌូនេស៊ី ឥណ្ឌូនេស៊ី​ខ្ពស់ជាង​វៀតណាម វៀតណាម​ខ្ពស់ជាង​ម៉ាឡេស៊ី ម៉ាឡេស៊ី​ខ្ពស់ជាង​ឡាវ និង​ឡាវ​ខ្ពស់ជាង​ប្រ៊ុយនេ​។ កន្លងមក​មាន​ប្រទេស​ខ្លះ​បាន​ប្រើប្រាស់​វិធី​កំណត់ឱ្យ​ថ្លៃ​ធ្យូងថ្ម ឬ​ឧស្ម័ន លក់​ឱ្យ​រោងចក្រ​ផលិត​អគ្គិសនី​ឱ្យទាប ឬ​ប្រើ​វិធី​បំពេញ​ខាត​ឱ្យ​សហគ្រាស​អគ្គិសនី ដើម្បីឱ្យ​ថ្លៃ​អគ្គិសនី​របស់​ប្រទេស​ខ្លួន​ចុះ​ទាប​ជាង​ប្រទេស​ដទៃ​ដែរ ប៉ុន្តែ​វិធី​ទាំងនេះ បានធ្វើឱ្យ​ប្រទេស​ទាំងនោះ​ជាប់ផុង និង​កំពុង​រើខ្លួន​ចេញពី​អន្លង់​នេះ ការយល់ដឹង​និង​បទពិសោធន៍​លើ​មូលដ្ឋាន និង​ការ​បន្ថយថ្លៃ​អគ្គិសនី​ជា​បន្តបន្ទាប់ បានធ្វើឱ្យ​ប្រទេស​នីមួយៗ កំណត់​គោលដៅ​នៃ​ការ​បន្ថយថ្លៃ​អគ្គិសនី​របស់​ប្រទេស​គេ​ត្រឹមតែ​ខិតខំ​បន្ថយ​ឱ្យអស់​លទ្ធភាព​ក្នុងស្ថានភាព​នៃលក្ខណៈ​ផ្ទាល់​របស់​ប្រទេស​គេ​ប៉ុណ្ណោះ មិនមែន​ក្នុង​គោលដៅ​ឱ្យ​ឈ្នះ​ប្រទេស​នេះ ឬ​ប្រទេស​នោះ នោះទេ​។​
២. ការប្រៀបធៀប​ថ្លៃ​អគ្គិសនី​រវាង​ប្រទេសមួយ និង​ប្រទេស​មួយទៀត​
​របៀប​គិតថ្លៃ​អគ្គិសនី​របស់​ប្រទេស​នីមួយៗ មិន​ដូចគ្នា​ទេ ជាពិសេស​ចំពោះ​អ្នកប្រើប្រាស់​ធុន​មធ្យម ធុន​ធំ និង​ធុន​ដុំ​។ នៅ​កម្ពុជា គិតថ្លៃ​អគ្គិសនី​តាមរបៀប​សាមញ្ញ គឺ​សរុប​បញ្ចូល​គ្នា​ក្នុង​ថ្លៃ​ថាមពល​តែមួយ​មុខ ប៉ុន្តែ​ប្រទេស​ដទៃទៀត​គេ​បាន​កែទម្រង់​គិតថ្លៃ​អគ្គិសនី​តាម​ថ្លៃ​ប្រើប្រាស់​អានុភាព​ដោយឡែក បូក​នឹង​ថ្លៃ​ប្រើប្រាស់​ថាមពល​ពេលយប់ ពេល​ថ្ងៃ ពេល​ថ្ងៃ​ធ្វើការ ពេល​ថ្ងៃ​ឈប់សម្រាក​ដោយឡែក និង​បូក​នឹង​ការយកថ្លៃ​សេវា​ផ្សេងៗ​ដោយឡែក​។ ដូច្នេះ​ការប្រៀបធៀប​ថ្លៃ​អគ្គិសនី​របស់​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ដទៃ ដោយ​យកតែ​អត្រា​ថ្លៃ​ថាមពល​អគ្គិសនី​របស់​កម្ពុជា ដែលជា​ថ្លៃ​សរុប ទៅ​ធៀប​ជាមួយនឹង​អត្រា​ថ្លៃ​ថាមពល​អគ្គិសនី​របស់​ប្រទេស​ផ្សេងទៀត ដែល​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ថ្លៃ មិនមែនជា​ការប្រៀបធៀប​ត្រឹមត្រូវ​ទេ​។​
​ការប្រៀបធៀប​ដែល​ត្រឹមត្រូវ គឺ​ការប្រៀបធៀប​ការចំណាយ​សរុប​នៃ​ការប្រើប្រាស់​អគ្គិសនី​របស់​អ្នកប្រើប្រាស់​ណាមួយ ដែល​ប្រើ​របៀបនេះ​នៅ​កម្ពុជា​ត្រូវ​បង់ថ្លៃ​អគ្គិសនី​សរុប​ប៉ុន្មាន រួច​បើ​ប្រើ​អគ្គិសនី​របៀប​ដដែល​នេះ នៅ​ប្រទេស​ផ្សេង​តើ​ត្រូវ​បង់ថ្លៃ​សរុប​អស់​ប៉ុន្មាន​។ តាម​ការ​គណនា​របស់​ជំនាញ ការចំណាយ​លើ​ការប្រើ​អគ្គិសនី​នៅ​កម្ពុជា មិន​ខ្ពស់​ជាងគេ​ទេ ទាំង​នៅក្នុង​តំបន់ និង​ទាំង​នៅក្នុង​ពិភពលោក​។ ដូច្នេះ ក្នុងការ​រៀបចំ​គោល​យោ​បាយ​ផ្សេងៗ ប្រសិនបើ​ចាំបាច់​ត្រូវធ្វើ​ការប្រៀបធៀប​ថ្លៃ​អគ្គិសនី​រវាង​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ផ្សេងទៀត​ជៀស​ពុំរួច ស្នើ​សុំឱ្យ​អ្នករៀបចំ​ធ្វើការ​ប្រៀបធៀប​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ដូច​បាន​ជំរាបជូន​ខាងលើ កុំ​យក​ការប្រៀបធៀប​មិន​ត្រឹមត្រូវ ឬ​ការ​លឺ​ត​គ្នា ឬ​ការនិយាយ​ត​គ្នា​មក​រៀបចំ​ជា​គោលនយោបាយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×