Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ គាំទ្រ​សម្តេច ហ៊ុន សែន បង្កើត ​”​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ” នា​ខេត្ត​ព្រះសីហនុ និង​កោះកុង​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ អ្នកឃ្លាំមើល​ការអភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ គាំទ្រ​ចំណាត់ការ របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល កម្ពុជា ដែល​បាន​សម្រេច​បង្កើត​”​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ” មាន​ទំហំ​ផ្ទៃ​ដី​ជាង ៥​ម៉ឺន​ហិច​តារ នៅ​ខេត្ត​ព្រះសីហនុ និង កោះកុង សម្រាប់​បំរើ​ដល់​វិស័យ​ទេសចរណ៍​នា​ថ្ងៃ​អនាគត​។

​អ្នកឃ្លាំមើល​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ​មាន​៖ អង្គការ​លីកាដូ និង​សមាគម​អាដហុក​ជាដើម បាន​គាំទ្រ ចំពោះ​ការចេញ​អនុក្រឹត្យ របស់ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ផ្ទៃដី​មាន​ទំហំ​ជាង ៥​ម៉ឺន​ហិកតា នៅ​ខេត្ត​ព្រះសីហនុ និង​កោះកុង បង្កើត​ជា​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នា​ថ្ងៃ​អនាគត​។

​លោកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក​(Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ នៅតាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រាជរដ្ឋាភិបាល មាន​ក្រសួង​មហាផ្ទៃ ក្រសួង​បរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រម​ទាំង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជាដើម ត្រូវ​អនុវត្ត​អនុក្រឹត្យ របស់​សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យមាន​ប្រសិទ្ធភាព​។

ជាងនេះទៀត លោកស្រី ក៏​ស្នើឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដែល​ចុះ​អនុវត្ត​ការងារ​កាត់​ឆ្វៀល​ដី​ដាក់​ជា​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នេះ មិន​ត្រូវ​ចុះ​ធ្វើ​សកម្មភាព​នាំឲ្យ​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ របស់​ប្រជាពលរដ្ឋ រស់នៅ​លើ​កោះរ៉ុង​នោះទេ​។

​ត្រង់​ចំណុច​នេះ លោកស្រី ជាប សុធា​រី ក៏​ស្នើ​ដល់​អាជ្ញាធរ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ជាដើម ឲ្យជួយ​ពន្លឿន​ការចេញ​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី នៅលើ​កោះរ៉ុង និង​កោះ​ផ្សេងៗ​ទៀត ជូន​ប្រជាពលរដ្ឋ បាន ប្រើប្រាស់​ស្រប​ច្បាប់​ឲ្យបាន​ឆាប់​។

​លោកស្រី ជាប សុធា​រី បន្តថា បើ​យើង​មើល​ទៅ​តាម​ខ្លឹមសារ​អនុក្រឹត្យ គឺ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​កោះរ៉ុង​ទាំងអស់ នឹង​មាន​កិច្ចសហការ​គ្នា ដើម្បី​ការពារ​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជាមួយគ្នា​បានល្អ​។ ប៉ុន្តែ​ប្រសិនបើ​បែរ​ជា​ខ្លឹមសារ នៃ​អនុក្រឹត្យ ដែល​រដ្ឋាភិបាល​បាន​ចេញ​មក​នេះ វា​មាន​តែ​នៅលើ​ក្រដាស ហើយ​ការចាត់ចែង​អនុវត្ត​ជាក់ស្តែង គឺ​មិន​បាន​អនុវត្ត ឬ​ធ្វើ​ទៅ​តាម​គោលបំណង ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ​។ ដូច្នេះ​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង នឹង​អាច​ប្រឈម​ការបាត់បង់​នៅ​ថ្ងៃ​ណា​មួយ​នា​ថ្ងៃ​អនាគត​។ លោកស្រី​សំណូមពរ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យមាន​ការ​រិតបន្តឹង​ផងដែ​រ ចំពោះ​បុគ្គល ដែល​បាន​ធ្វើ​សកម្មភាព​ខុសច្បាប់ និង​សំណូមពរ​ដល់​អាជ្ញាធរ​ជួយ​ដាក់​ផ្ទាំង​ប៉ាណូ​ធំៗ នៅតាម​តំបន់ ដែល​ត្រូវ​អភិរក្ស​ការពារ​ទាំង​អស់​នៅ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​។

​កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ សម្រេច​បង្កើតឲ្យមាន​ជា​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដោយ​បាន​ដាក់​ទីតាំង ឬ​តំបន់​មួយចំនួន នា​ខេត្ត​ព្រះសីហនុ និង​កោះកុង រួមមាន​៖ កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ កោះ​ម្នាស់​ក្នុង និង​សមុទ្រ​ជុំវិញ​តំបន់​ទាំងនេះ មាន​ផ្ទៃដី​សរុប ជាង ៥​ម៉ឺន ២​ពាន់ ហិកតា (៥២.៤៤៨) អោយក្លាយ​ទៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​។ ក្នុងនោះ​មាន​ផ្ទៃ​ដី​លើគោក​មាន​ទំហំ​ជាង ៥​ពាន់​ហិកតា (៥.៣១១) និង​ផ្ទៃ​ទឹក​សមុទ្រ​មាន​ទំហំ​ជាង ៤​ម៉ឺន ៧​ពាន់​ហិកតា (៤៧.១៣៧)​។

​ខ្លឹមសារ​នៅក្នុង​អនុក្រឹត្យ​នេះ គឺ​មាន​គោលដៅ ធានា​ថែរក្សា និង​ការពារ​សោ​ភណ្ឌ​ភាព ព្រៃឈើ​ធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​លើ​កោះ និង​បរិវេណ​សមុទ្រ​ជុំវិញ​។ ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។ រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ​។ លើកកម្ពស់​ការចូលរួម របស់​សហគមន៍​មូលដ្ឋាន​ក៏ដូចជា​សាធារណជន ក្នុង​ការរួមចំណែក​ដល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។

អនុក្រឹត្យ​ដដែល បង្ហាញថា ការកំណត់​ផ្ទៃដី​ជាង ៥​ម៉ឺន​ហិកតា ជា​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​នាឱកាស​នេះ គឺ​មិន​រាប់បញ្ចូល​ដី​កម្មសិទ្ធិឯកជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​នោះទេ​។

​អនុក្រឹត្យ​មាន​ចុះហត្ថលេខា និង​បោះត្រា ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន ដែល​មាន​សមត្ថកិច្ច​រៀប​ចំ និង​គ្រប់គ្រង​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និង​រដ្ឋបាល​ដែនដី​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដើម្បី​ធានា​កិច្ច​គាំពារ បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

ជាងនេះទៀត ក្រសួង​បរិស្ថាន ក៏​ត្រូវ​កំណត់ និង​បែងចែក​កាត់​ឆ្វៀល​ផ្ទៃ​ដី​វិនិយោគ ដី​លំនៅដ្ឋាន ដីស្រែ​ចម្ការ និង​ដី​អាស្រ័យ​ផល​ជាក់ស្តែង របស់​ប្រជាពលរដ្ឋ នៅលើ​កោះ​នានា នៃ​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង ដោយ​អនុលោម​តាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​។

អនុក្រឹត្យ​នេះ ក៏​បាន​ចាត់ ឲ្យ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន រដ្ឋ​មន្ត​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ប្រធាន​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ ឲ្យមាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨​តទៅ​៕ ដែន សីមា​

 

spot_img
×