Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ពលរដ្ឋ​រងគ្រោះ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​អូរជ្រៅ (​គោលដៅ​ទី​១ ចំនួន​៥​ពាន់​គ្រួសារ​)

spot_img

​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្តដំណើរ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជា​ស្បៀងអាហារ និង​សម្ភារៈប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៥​ពាន់​គ្រួសារ នៅក្នុង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពេលនេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ពាំនាំ​នូវ​ព្រះរាជសារ​ផ្តាំ​សាកសួរ​សុខទុក្ខ​ពី​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នេះ​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​សូម​ចូលរួម​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រោះ​ដោយ​ទឹកជំនន់​នេះ​ជាង​៤​ម៉ឺន​គ្រួសារ​ដែល​រងគ្រោះ និង​ចូលរួម​រំលែក​ទុក្ខ ចំពោះ​គ្រួសារ​ដែល​បាន​បាត់​បង់ជីវិត​ក្នុងពេល​មាន​គ្រោះទឹកជំនន់​នេះ​ផងដែរ ដែលមាន​ចំនួន​២២​នាក់​បាន​បាត់​បង់ជីវិត ក្នុង​៣៩​នាក់​ទូទាំងប្រទេស​។ ក្នុងនោះ​សម្តេច​តេ​ជោ​បាន​ផ្តល់ជូន​គ្រួសារ​ដែល​បាត់​ស​ជិ​ក​សម្រាប់​រៀបចំ​បុណ្យសព​ចំនួន​១២​លាន​រៀល និង​មាន​សប្បុរសជន​បាន​បរិច្ចាគ​បន្ថែម ចំនួន​៤​លាន​ទៀត ដូច្នេះ​១​គ្រួសារ​ទទួលបាន​១៦​លាន​រៀល​។ នេះ​គឺជា​រឿង​ដែល​គួរអោយ​សោកស្តាយ ក៏ប៉ុន្តែ​អ្វីដែល​សំខាន់​យើង​ត្រូវតែ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​នេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ទោះជា​យ៉ាងណាក៏ដោយ ពេលនេះ​ពេល​យើង​កំពុង​មានទុក្ខ​នោះ គឺមាន​កម្លាំង​មហាជន​ជាច្រើន​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ក្នុង​ការជួយ​បងប្អូន​ប្រជាពលរដ្ឋ​យើង ដែល​រហូតមក​ដល់ពេលនេះ​យើង​ទទួលបាន​ការបរិច្ចាគ​ថវិកា​ពី​បណ្តា​សប្បុរសជន​ប្រមាណ​ជាង​៨​លាន​ដុល្លារ​។

​សម្តេច​តេ​ជោ​បាន​បន្តទៀតថា ក្នុង​កាលៈទេសៈ​នេះ យើង​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ផង រួមគ្នា​ទប់ទល់​ការលំបាក​ដោយ​គ្រោះទឹកជំនន់​ផង​។ ក្នុងដំណាក់កាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះ សម្តេច​តេ​ជោ នៅតែ​បន្ត​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូ​ង​ការពារ​ខ្លួន​ជាប់​ជាប្រចាំ ជាពិសេស​ការអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានគិត​រួចជាស្រេច​ហើយ​ថា ក្រោយ​ទឹកជំនន់ រាជរដ្ឋាភិបាល​បាន​ត្រៀម​ពូជស្រូវ​ចំនួន​២,០០០​តោន ដែលជា​ពូជស្រូវ​មិន​ប្រកាន់​រដូវ ដោយ​ក្នុង​មួយ​គ្រួសារ​នឹង​ទទួលបាន ១០០​គីឡូក្រាម ហើយ​ផ្តល់ជូន​សម្រាប់តែ​អ្នក​ដែល​ខូចខាត​តែប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​មិន​ធ្វើ​ស្រូវ តែ​ពួកគាត់​ដាំ​ដំណាំ​នោះ គឺ​រាជរដ្ឋាភិបាល​នឹង​ផ្តល់នូវ​ពូជ​ចំនួន​០៦​មុខ​ដំណាំ ដើម្បី​ទុក​បង្ករ​បង្កើន​ផល​ក្រោយ​ទឹក​ស្រក​វិញ ថែមទាំង​មាន​គ្រឿងចក្រ​កសិកម្ម​មក​បម្រើ​ជូន​ប្រជាកសិករ​ផងដែរ​។ សម្តេច​តេ​ជោ ក៏​បានអោយ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវមាន​ការវាយតម្លៃ​នៃ​ការខូចខាត​របស់​ប្រជាពលរដ្ឋ​ក្នុងពេល​ទឹកជំនន់ ជាពិសេស​ក្រសួងកសិកម្ម ដោយ​យើង​ដោះស្រាយ​ជូន​តែ​អ្នក​ដែល​ខូចខាត​ទេ​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ក្រោយពេល​សម្តេច​ចែក​រួច​នៅថ្ងៃនេះ សម្តេច​នឹង​ប្រគល់អោយ​ឯកឧត្តម គន់ គឹម អនុប្រធាន​ទី​១​គណកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​នឹង​បន្ត​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​បន្តទៀត​ដែល​នៅ​សេសសល់​។ ទាក់ទង​វិស័យ​អប់រំ​វិញ សម្តេច​បាន​ជំរុញ​អោយ​ក្រសួង​អប់រំ​ពិនិត្យមើល​សាលារៀន​ណា​ដែល​លិចលង់ គឺ​អោយ​ត្រូវ​អាជ្ញាធរ​ខ្លួនឯង​តាម​មូលដ្ឋាន​នីមួយៗ តាមដាន​មើល​ពី​ការខូចខាត​របស់​សាលារៀន មុននឹង​អោយ​សិស្ស​ចូលរៀន ក្រែងលោ​មាន​ហានិភ័យ​ពេល​សិស្ស​កំពុង​សិក្សា​នោះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​បណ្តា​សប្បុរសជន ដែល​ជួយផ្តល់​ជា​ថវិកា​ក្តី​ជា​សម្ភារៈ​ស្បៀងអាហារ​ក្តី តាមរយៈ​រាជរដ្ឋាភិបាល ឬ​កាកបាទក្រហម ឬ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការចុះ​ចែក​ផ្ទាល់​ដល់​ប្រជាជន​ដែល​រងគ្រោះ​។ សម្តេច​តេ​ជោ​ក៏បាន​កោតសរសើរ​ចំពោះ​ស្ថាប​ន័​ថ្នាក់ជាតិ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ​ក្រុមយុវជន​ទាំងអស់​ដែល​បាន​ចូលរួម​ជួយសង្គ្រោះ​ប្រជាជន​នៅ​តំបន់​រងគ្រោះ​ដែល​នេះ ដែល​បានបង្ហាញ​នូវ​កម្លាំង​សាមគ្គីភាព​ដ៏​រឹងមាំ​និង​ទូលំទូលាយ​នៃ​ជាតិ​យើង​។​

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា អ្វីដែល​សំខាន់​គឺ​ការជម្លៀស​ប្រជាជន​ចេញពី​កន្លែង​រងគ្រោះ​អោយបាន​ដើម្បី​ជៀសវាង​ការគ្រោះថ្នាក់​ដល់​អាយុជីវិត​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ជា​អោយបាន​ល្អ ជាពិសេស​ការការពារ​ការចម្លង​ការរីក​រា​ល​ដាល​ជំងឺ​កូ​វី​១៩ ក៏ដូចជា​ជំងឺ​អ​សន្ន​រោគ​ផ្សេងៗ ដែល​អាច​កើតមានឡើង​នៅពេល​ទឹកជំនន់ និង​ក្រោយពេល​ទឹក​ស្រក ធ្វើយ៉ាងណា​ត្រូវ​ហូប​ស្អាត ផឹក​ស្អាត និង​ការរស់នៅ​ប្រកបដោយ​អនាម័យ​ល្អ​។ ចំពោះ​អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នាំ​ពេលនេះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​២៥​គីឡូ​, មី​១​កេស​, ទឹកត្រី​១​យួ​, ទឹកស៊ីអ៊ីវ​១​យួ​, ទឹកបរិសុទ្ធ​១​កេះ​ធំ​, ឃី​ត​១ (​មុង​១ ភួយ​១ ខ្នើយ​១ ក្រមា​១ កន្ទេល​១) និង​ថវិកា ៥​ម៉ឺន​រៀល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×