Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​

spot_img

​កំពង់ឆ្នាំង​៖​ក្រសួង​អភិវឌ្ឍន៍ជនបទ ចុះ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ សុវត្ថិភាព​ចរាចរណ៍ ដល់​សិស្ស និង​ពលរដ្ឋ នៅ​ខេត្តកំពង់ឆ្នាំង កំពង់ធំ និង​ខេត្តសៀមរាប មុន​បុណ្យអុំទូក ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវ និង​ឲ្យ​អ្នកដំណើរ​កាន់តែ​យល់ច្បាស់ ពី​ច្បាប់​ចរាចរណ៍​។​

​លោក គង់ សុវណ្ណ ទីប្រឹក្សា​សុវត្ថិភាព​ចរាចរណ៍ នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​ទី​២ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​២៣ ខែតុលា ក្នុង​យុទ្ធនាការ​នៅក្នុង​ខេត្ត​ទាំង​៣​នោះ​ថា យុទ្ធនាការ​នេះ ធ្វើឡើង ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ស្តីពី​សុវត្ថិភាព​ចរាចរណ៍ និង​ជំរុញ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​គ្រប់ៗ រូប​គោរព​ច្បាប់​ចរាចរណ៍​ឱ្យ​ខ្ជាប់ខ្ជួន​គ្រប់ពេល​ធ្វើដំណើរ​លើ​ដងផ្លូវ និង​បន្ដ​ផ្សព្វផ្សាយ​ជារឿយៗ​ដល់​សមាជិកគ្រួសារ កូនចៅ មិត្តភក្តិ និង​អ្នកភូមិ​ជាមួយគ្នា​។ យុទ្ធនាការ​នេះ​ជា​ផ្នែក​មួយ នៃ​សកម្មភាព​អាទិភាព របស់​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍ នៃ​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​២ ដែល​កំពុង​ចូលរួមចំណែក​អនុវត្ត​ស្របតាម​ផែនការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងទិសដៅ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​របួស​ធ្ងន់ធ្ងរ​ឱ្យបាន​៥០% ។​

​លោក​បន្តថា ក្រៅពី​សារ​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍ ក្នុង​កម្មវិធី​នេះ ក្រុមការងារ​បានធ្វើកា​រហែ​ក្បួន គោយន្ត ម៉ូតូ​និង​កង់ កាត់​តាម​ទីប្រជុំជន សាលារៀន វត្ត​អារាម និង​ភូមិ​ប្រជាពលរដ្ឋ និង​កន្លែង​ទីប្រជុំជន ដោយមាន​ការផ្តល់​សារ​អប់រំ​តាមរយៈ​ឧបករណ៍​បំពង​សំឡេង ។ លោក​ថា តាមរយៈ​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ ពី​សុវត្ថិភាព​ចរាចរណ៍ ដល់​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ក្នុង​ខេត្ត​ខាងលើនេះ នឹង​អាចរួមចំណែក​ក្នុងការ​កាត់បន្ថយ ចំនួន​អ្នកស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា ស្របតាម​ផែនការ​សកម្មភាព​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​រាជរដ្ឋាភិបាល បានកំណត់​កាត់បន្ថយ​ចំនួន​អ្នក​បាត់បង់​ជីវិត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឲ្យ​បាន​៥០%​នា​ឆ្នាំ​២០២១​ខាងមុខ​។​

​យោងតាម​របាយការណ៍​ការិយាល័យ​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​បង្ហាញថា រយៈពេល​ត្រីមាស​ទី​១ ឆ្នាំ​២០២០​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៩១៦​លើក បណ្តាលឱ្យមាន​ជនរងគ្រោះ​ដល់​ជីវិត​ចំនួន​៤៩៣​នាក់ និង​របួស​ធ្ងន់ធ្ងរ​ចំនួន​៨៤៦​នាក់​។ ដូច្នេះ​ដើម្បី​រួមចំណែក​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ក្រសួង​អភិវឌ្ឍន៍ជនបទ​តាមរយៈ​កិច្ច​គាំទ្រ​ជំនួយ​បច្ចេកទេស និង​ថវិកា អំពី​ដៃគូ​អភិវឌ្ឍន៍ រួមមាន​ធនាគារអភិវឌ្ឍន៍អាស៊ី
​ទីភ្នាក់ងារ​អភិវឌ្ឍន៍​នៃ​ប្រទេស​បារាំង និង​កម្មវិធី​ជំនួយ​អូស្ត្រាលី បាន​លើកកម្ពស់​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ក្នុង​តំបន់​គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ជំហាន​២ ក្នុង​ខេត្ត​ចំនួន​១០ រួមមាន​កំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និង​សៀមរាប ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×