Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានបេតុង​ខ្សែកាប ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះនរា និង​ស្ពានបេតុង ពី​ផ្លូវជាតិ​លេខ​១ ទៅ​កោះនរា នឹង​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​២៦​ខែតុលា ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន

spot_img

​ភ្នំពេញ​៖ ប្រសិនបើ​គ្មាន​ការប្រែប្រួល នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ពី​ផ្លូវជាតិ​លេខ​១ ទៅកាន់​តំបន់​អភិវឌ្ឍ​កោះនរា និង​ស្ពានបេតុង​ខ្សែកាប​ពី​តំបន់​អភិវឌ្ឍ​កោះនរា ទៅកាន់​ទីក្រុង​កោះ​ពេជ្រ ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​បើតាម​លិខិតអញ្ជើញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​នេះ លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី នឹង​អញ្ជើញ​ជា​អធិបតីភាព​ធ្វើ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ទាំងពីរ​នេះ​។

​ស្ពានបេតុង​ខ្សែកាប​១​ខ្សែ ដែល​ឆ្លងកាត់​ទន្លេបាសាក់ គឺ​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​គម្រោង​អភិវឌ្ឍន៍​កោះនរា មាន​គម្រោង​ថវិកា​សាងសង់​តម្លៃ ៣៨​លាន​ដុល្លារ​អាមេរិក​។​

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន OCIC បានបង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​នៃ​គម្រោង​ស្ថាបនា​ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​គម្រោង​អភិវឌ្ឍន៍​កោះនរា គឺ​តួ​ស្ពានបេតុង​ខ្សែកាប និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន មាន​ប្រវែង​សរុប ៨២៤​ម៉ែត្រ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ា​ណ័​រ​» ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ថ្ងៃទី​២៦​នេះ​ខ្ញុំ​ទៅ​បើក​ការដ្ឋាន​ទៀត​។ បើក​ការដ្ឋាន​កសាង​ស្ពាន ត​ភ្ជាប់​កោះ​ពេជ្រ​ជាមួយ​កោះនរា​»​។​

​តាមរយៈ​សមិទ្ធផល​ជា​បន្តបន្ទាប់​នេះ ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ជាថ្មី​ថា ឧបសគ្គ​ទាំងឡាយ​មិនអាច​បង្អាក់​ការអភិវឌ្ឍ​កម្ពុជា​បានទេ​។ សម្តេច​តេ​ជោ បាន​បន្ថែមថា ទន្ទឹមនឹង​ការរីកចម្រើន​ទៅមុខ​ជា​លំដាប់​របស់​កម្ពុជា​នៅពេលនេះ ធ្វើ​ឲ្យ​ក្រុម​អ្នកប្រឆាំង​មិនដែល​ពេញចិត្ត និង​កោតសរសើរ​ឡើយ ប៉ុន្តែ​សម្តេច​សង្កត់ធ្ងន់ថា សម្តី​អ្នក​ទាំងនោះ គឺជា​សម្តី​អត់​ប្រយោជន៍ ប្រៀបបាន​នឹង​សំឡេង​សត្វ​សុនក​ព្រុស​អញ្ចឹង​។​

​គម្រោង​ស្ថាបនា​ស្ពានបេតុង​ខ្សែកាប ត​ភ្ជាប់​កោះ​ពេជ្រ ទៅ​កោះនរា ទំនងជា​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុងពេល​ដ៏​ឆាប់​ខាងមុខនេះ ដោយសារ​សម្ភារៈ និង​គ្រឿងចក្រ​មួយចំនួន សម្រាប់​សាងសង់ ត្រូវបាន​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ( OCIC ) បាន​ស្នើសុំ​គោលការណ៍​នាំចូល ពី​ក្រសួង​សេដ្ឋកិច្ច​រួចហើយ​។​

​យោងតាម​លិខិត​មួយច្បាប់​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ផ្ញើជូន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្ភារៈ និង​គ្រឿងចក្រ​សម្រាប់​ស្ថាបនា​ស្ពាន ដែល​ក្រុមហ៊ុន OCIC ស្នើសុំ​នាំចូល​នេះ មានតម្លៃ សរុប ៤០.៨៨៨.៥៨០ ដុល្លារ​អាមេរិក ដោយ​ពន្ធ និង​អាការ​ផ្សេងៗ ជា​បន្ទុក​របស់​រដ្ឋ ដោយ​សាងសង់​រយៈពេល​៣៨​ខែ​។​

​សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​កោះនរា នេះ ដែលមាន​ទីតាំង​ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ រា​ធានី​ភ្នំពេញ នេះ​បើ​យោង​តាមរយៈ​លិខិត​លេខ ១០៨៥ សជណ​.​កស ចុះ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍន៍​កោះនរា​របស់ខ្លួន ក្នុង​លិខិត​ដដែល​នោះ មាន​បញ្ជាក់ថា ក្រុមហ៊ុន OCIC នឹង​ស្ថាបនា​ស្ពានបេតុង​ខ្សែកាប​ចំនួន ១ ខ្សែ ដើម្បី​ត​ភ្ជាប់​ទីក្រុង​កោះ​ពេជ្រ ទៅ​គម្រោង​អភិវឌ្ឍ​កោះនរា​។​

​ក្រោយពី​សាងសង់​រួច ស្ពាន​នេះ នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍រ​បស់​ប្រជាពលរដ្ឋ​នៅ​ស្ពាន​មុនី​វង្ស បាន​មួយកម្រិត​ធំ ពេល​ស្ថាបនា​រួច​។ ជាពិសេស​ជាងនេះទៅទៀត នឹង​ជួយ​ត​ភ្ជាប់​គមនាគមន៍ និង​សកម្មភាព​សេដ្ឋកិច្ច​ពី​តំបន់​ជ្រោយចង្វារ តំបន់​កោះ​ពេជ្រ ទៅ​តំបន់​បឹង​ស្នោះ និង​ច្បារអំពៅ​ថែម​ទៀតផង​។​

​បើតាម​ក្រុមហ៊ុន​នេះ គម្រោង​ទីក្រុង​រណប​ថ្មី កោះនរា គ្រោង​ចំណាយ​វិនិយោគ​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ​។​

​យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន OCIC បានបង្ហាញ​អំពី​លក្ខណៈ​បច្ចេកទេស​នៃ​គម្រោង​ស្ថាបនា​ស្ពានបេតុង​ខ្សែកាប ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​គម្រោង​អភិវឌ្ឍន៍​កោះនរា គឺ​តួ​ស្ពានបេតុង​ខ្សែកាប និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន មាន​ប្រវែង​សរុប ៨២៤​ម៉ែត្រ ក្នុងនោះ ទទឹង​ស្ពាន មាន​ទំហំ ២៤,៥​ម៉ែត្រ​។ បណ្តោយ​ស្ពានបេតុង មាន​ប្រវែង ៤៨៣​ម៉ែត្រ (​សសរស្ពាន​មាន​គម្លាត ២០​ម៉ែត្រ​+២១​ម៉ែត្រ +១០៨​ម៉ែត្រ +១០៨​ម៉ែត្រ +១០៨​ម៉ែត្រ +២៣​ម៉ែត្រ +២៣​ម៉ែត្រ​)​។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​ទីក្រុង​កោះ​ពេជ្រ មាន​ប្រវែង ២៤៩​ម៉ែត្រ​។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​គម្រោង​កោះនរា មាន​ប្រវែង ៩២​ម៉ែត្រ​។ ទទឹង​ត​ភ្ជាប់​ក្បាលស្ពាន​សរុប​ទាំង​ផ្លូវ​ស្រប​ក្បាល​តួ​ស្ពាន មាន​ទំហំ ២១,៥០​ម៉ែត្រ​។ ទទឹង​ត​ភ្ជាប់​ក្បាលស្ពាន សម្រាប់តែ​ស្ពាន​មេ មាន​ទំហំ ២៤,៥០​ម៉ែត្រ​។ គន្លង​ផ្លូវ​សម្រាប់​រថយន្ត មាន​ទំហំ ៣,២៥​ម៉ែត្រ មាន ២​គន្លង​ទៅ និង ២​គន្លង​មក​។ គន្លង​ផ្លូវ​សម្រាប់ទោ​ចក្រយានយន្ត មាន​ទំហំ ២,៥០​ម៉ែត្រ មាន ១​គន្លង​ទៅ និង ១​គន្លង​មក​។ គន្លង​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង មាន​ទំហំ ១,២៥​ម៉ែត្រ សងខាង​។ ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ជម្រាល​ទទឹង​ស្ពាន ២​ភាគរយ​។ សសរ​សម្រាប់​ព្យួរ​ខ្សែកាប មាន​កម្ពស់ ៦០​ម៉ែត្រ គិត​ចាប់ពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស​។ សសរស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​សរុប​ចំនួន ២ ក្នុងនោះ​សសរស្ពាន​នីមួយៗ​ប្រើប្រាស់​គ្រិះ​ខួង​ចំនួន ១៨​ដើម អង្កត់ផ្ចិត​ទំហំ ២​ម៉ែត្រ​។ ប្រវែង​គ្រឹះ​ខួង មាន​អង្កត់ផ្ចិត​ទំហំ ២​ម៉ែត្រ សសរស្ពាន​ទី​១ មាន​ជម្រៅ ៥៩,៤០​ម៉ែត្រ និង​សសរស្ពាន​ទី​២ មាន​ជម្រៅ ៧៣,៤០​ម៉ែត្រ​។​

​ផ្នែក​ខាង​កោះ​ពេជ្រ មាន​សសរស្ពាន ៣៖ សសរ​ក្បាលស្ពាន​ទី​១ មាន​គ្រឹះ​ខួង អង្កត់ផ្ចិត ១,២០​ម៉ែត្រ គុណ​នឹង ៨​ដើម ប្រវែង ៣០,៩០​ម៉ែត្រ​។ សសរ​ក្បាលស្ពាន​ទី​២ មាន​គ្រឹះ​ខួង អង្កត់ផ្ចិត ១,២០​ម៉ែត្រ គុណ​នឹង ៨​ដើម ប្រវែង ៣១,៤០​ម៉ែត្រ​។ សសរ​ក្បាលស្ពាន​ទី​៣ មាន​គ្រឹះ​ខួង អង្កត់ផ្ចិត ១,៥០​ម៉ែត្រ គុណ​នឹង ១០​ដើម ប្រវែង ៤៣,៥០​ម៉ែត្រ​។​

ផ្នែក​ខាង​គម្រោង​កោះនរា មាន​សសរស្ពាន ៣៖ សសរ​ក្បាលស្ពាន​ទី​១ មាន​គ្រឹះ​ខួង អង្កត់ផ្ចិត ១,២០​ម៉ែត្រ គុណ​នឹង ៨​ដើម ប្រវែង ៤១,១០​ម៉ែត្រ​។ សសរ​ក្បាលស្ពាន​ទី​២ មាន​គ្រឹះ​ខួង អង្កត់ផ្ចិត ១,២០​ម៉ែត្រ គុណ​នឹង ៨​ដើម ប្រវែង ៤៧,០០​ម៉ែត្រ​។ សសរ​ក្បាលស្ពាន​ទី​៣ មាន​គ្រឹះ​ខួង អង្កត់ផ្ចិត ១,៥០​ម៉ែត្រ គុណ​នឹង ១០​ដើម ប្រវែង ៤៧,២០​ម៉ែត្រ​។​

ជើងតាង​ស្ពាន មាន​ទំហំ​អតិបរិមា ២៤,៣ គុណ​នឹង ១៧,៧​ម៉ែត្រ កម្រាស់ ៤,៥០​ម៉ែត្រ​។ កម្ពស់​អតិបរិមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន មាន​កម្ពស់ ៨​ម៉ែត្រ (​កម្រិត​ទឹក​នៅ​រដូវវស្សា​ខ្ពស់បំផុត​)​។ កម្ពស់​អតិបរិមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន មាន​កម្ពស់ ១៨​ម៉ែត្រ (​កម្រិត​ទឹក​នៅ​រដូវប្រាំង​ទាប​បំផុត​)​។ គម្លាត​ពី​សសរស្ពាន​ខ្សែកាប មាន​ប្រវែង ១៨០​ម៉ែត្រ​។ សសរស្ពាន​ខ្សែកាប​នីមួយៗ មាន​ខ្សែកាប​ចំនួន​មួយ​ជួរ ១៦​ដើម​សងខាង ដោយ​ក្នុង​១​ដើម មានភ្ជាប់​ខ្សែកាប​តូចៗ ពី ២៧ ទៅ ៣១​ដើម ដែលមាន​អង្កត់ផ្ចិត ១៥,២​មិ​លី្ល​ម៉ែត្រ​។ សសរស្ពាន​ខ្សែកាប​ទាំង ២​ដើម មាន​ឆ្លាក់​ចម្លាក់​ក្បាច់​ខ្មែរ​ជាពិសេស​។ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​។ រៀបចំ​បណ្តា​យ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន​។ ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូសចរាចរ​។​

​សូមជម្រាបថា ក្រៅពី​កសាង​ស្ពាន​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះនរា ក្រុមហ៊ុន OCIC ក៏បាន​បង្ហាញ​គម្រោង ស្ពានបេតុង​ភ្ជាប់​ពី​គម្រោង​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ​១​ផងដែរ ដែល​គម្រោង​នេះ រួមមាន​៖ ទីតាំង​ស្ពាន​ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ថវិកា​សាងសង់​ចំនួន​១.៦០៦.៣៥៣​ដុល្លា​អាមេរិក ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា (OCIC) បណ្តោយ​ស្ពាន​៖ ៦០​ម៉ែត្រ ទទឹង​ស្ពាន ២១​ម៉ែត្រ បណ្តោយ​ស្ពានបេតុង ៤៥​ម៉ែត្រ​
​ផ្លូវ​គល់ស្ពាន​សងខាង ១៥​ម៉ែត្រ (​បេតុង​អារ​មេ​) រយៈពេល​សាងសង់ ១២​ខែ​៕​

ដោយ : បញ្ញាស័ក្តិ

spot_img
×