Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​កាកបាទក្រហមកម្ពុជា​អំពាវនាវ​ដល់​ប្រជាជន​រដ្ឋ​បន្ត​ថែទាំ​សុខភាព អនាម័យ ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះធម្មជាតិ ការពារ​កុមារ​និង​ចាស់ជរា​ឲ្យ​ជៀស​ផុតពី​ការ​លង់ទឹក​

spot_img

​ភ្នំពេញ​៖​នេះ​ជា​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បានលើកឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ២៥​ខែតុលា​ឆ្នាំ​២០២០ អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន ១.២៥០​គ្រួសារ រស់នៅក្នុង​សង្កាត់​ចំនួន​៦ (​ក្នុងចំណោម​សង្កាត់​ទាំង ៨) នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ពាំនាំ​ព្រះរាជបន្ទូល​របស់ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែមាន​ព្រះរាជហឫទ័យ​យកចិត្តទុកដាក់ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជានុរាស្ត្រ​គ្រប់ពេលវេលា​។

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សម្តែង​នូវ​មនោសញ្ចេតនា​អាណិតអាសូរ ចែករំលែក​នូវ​ការលំបាក ការសោកស្តាយ​យ៉ាង​ក្រៃលែង និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ​អ្នកស្លាប់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ ដែលជា​គ្រោះធម្មជាតិ​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​គូសបញ្ជាក់​បន្ថែមថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ផ្ទាល់ រួមជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ និង​មិន​ទុក​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចោល​ឡើយ​។
​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៥​ខែតុលា​ឆ្នាំ​២០២០​នេះ​គ្រួសារ​រងគ្រោះ​នីមួយៗ​ទទួលបាន​៖​អង្ករ​៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹកត្រី​៦​ដប ទឹក​សុទ្ធ​អរុណា​១​កេស ឃី​ត ១​កញ្ចប់ (​មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​២) នំប៉័ង​ផ្អែម ១​នំ និង​ទឹកបរិសុទ្ធ ១​ដប​។

​ចំពោះ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​៤ លើ​ខណ្ឌ​១៤ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងនោះ​មានផ្ទះ​ចំនួន​១០.៨៨៣​ខ្នង រង​ផលប៉ះពាល់ និង​មាន​អ្នករងគ្រោះ​សរុប​ចំនួន ១០.៨២៥​គ្រួសារ​។ ខណ្ឌ​រងគ្រោះ​ទាំង​៤​មាន​ខណ្ឌដង្កោ ៥.៥៨៧​គ្រួសារ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៣.១៨១​គ្រួសារ ខណ្ឌ​ច្បារអំពៅ ១.៦៧២​គ្រួសារ និង​ខណ្ឌ​កំបូល ៣៨៥​គ្រួសារ​។​

​សូមជម្រាបថា បើ​យោងតាម​ព័ត៌មាន​ពី​កាកបាទក្រហមកម្ពុជា បាន​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១​ដល់ទី​២២​ខែតុលា​២០២០​មាន​រាជធានី​.​ខេត្ត​ចំនួន​១៩ ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ជនរងគ្រោះ​ចំនួន​៣៩​នាក់​បាន​ស្លាប់ ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​ស្លាប់​២២​នាក់ និង​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប​ប្រមាណ​១២​ម៉ឺន​២​ពាន់​គ្រួសារ​៕​ដោយ​៖​ឡេង បញ្ញា​ឬ​ទ្ធិ​

spot_img
×