Friday, September 17, 2021

ស្ពានបេតុង​ខ្សែកាប​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះនរា នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ស្អែក​នេះ

​ភ្នំពេញ​៖ ស្ពានបេតុង​ខ្សែកាប​១​ខ្សែ​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅកាន់​តំបន់​កោះនរា នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ស្អែក​នេះ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ស្ពានបេតុង​ខ្សែកាប​នេះ ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅកាន់​តំបន់​កោះនរា​ដោយ​ឆ្លងកាត់​ទន្លេបាសាក់ មាន​ប្រវែង​សរុប​៨២៤​ម៉ែត្រ មាន​ទទឹង​២៤.៥​ម៉ែត្រ ប្រើ​រយៈពេល​សាងសង់​៣៥​ខែ និង​គ្រោង​ចំណាយ​ថវិកា​សរុប​៣៨​លាន​ដុល្លារ​អាមេរិក​។

​ស្ពាន​នេះ ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា OCIC ប្រើប្រាស់​សម្រាប់​ចរាចរ​ទ្វេ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​២​ទៅ​២​មក និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​១​ទៅ​១​មក ដោយ​សសរស្ពាន​ខ្សែកាប​ទាំង​២​មាន​ឆ្លាក់​ចម្លាក់​រចនាបទ​ខ្មែរ និង​មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ផងដែរ​។ ហើយ​សម្រាប់​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​នេះដែរ គឺ​មិន​អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹកទំនិញ​ប្រភេទ​ធន់​ធំ ឬ​ធ្ងន់ៗ បើកបរ​ឆ្លងកាត់​ឡើយ​។​

​លោក ទូច សំណាង អគ្គនាយករង​ក្រុមហ៊ុន OCIC បាន​ឲ្យ​ដឹងថា ស្ពាន​មួយ​នេះ​មិន​ត្រឹមតែ​ត​ភ្ជាប់​រវាង​ទីក្រុង​កោះ​ពេជ្រ និង​ទីក្រុង​កោះនរា​នោះទេ តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការតភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ​១ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់ កាត់បន្ថយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​១ ជាពិសេស​ចំណុច​ស្ពាន​ព្រះមុនីវង្ស​នៅ​ខណ្ឌ​ច្បារអំពៅ​។​
​សូមបញ្ជាក់ថា គម្រោង​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅកាន់​តំបន់​កោះនរា​នេះ បង្ហាញ​វត្តមាន ស្រប​ពេលដែល​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែលជា​ក្រុមហ៊ុន​សំណង់ និង​អចលនទ្រព្យ​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​បង្កើត​ទីក្រុង​រណប​ថ្មី​មួយ​នៅ​តំបន់​កោះនរា​។ គម្រោង​ទីក្រុង​រណប​ថ្មី​នេះ នឹង​ចាប់ផ្តើម​ចាក់​ខ្សាច់​បំពេញ​នៅតាម​បណ្តោយ​ជួរ​មាត់ទន្លេ​ចាប់ពី​តំបន់​កោះនរា កាត់​តាម​ទន្លេតូច​ឆ្ពោះទៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ហើយ​តាមរយៈ វត្តមាន​ស្ពាន​ខ្សែកាប និង​គម្រោង​ទីក្រុង​រណប​ថ្មី​នេះ វា​នឹងធ្វើ​ឲ្យ សកម្មភាព​សេដ្ឋកិច្ច និង​ការធ្វើ​ចរាចរណ៍ នៅ​តំបន់​ជ្រោយចង្វា តំបន់​កោះ​ពេជ្រ និង​តំបន់​ច្បារអំពៅ កាន់​តែមាន​សភាព​ផុសផុល​ឡើង​ខ្លាំង​ជាង​មុន​៕ ដោយ​៖ CEN​