Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ម៉ៅ ធនិន​៖ «​នៅពេល​យើង​ក្រ យើង​ប្រឹង​ឱ្យមាន ហើយ​នៅពេលដែល​យើង​មាន យើង​ត្រូវ​ប្រឹង​ជួយ​អ្នកក្រ​»

spot_img

ពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា ការជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ពិតជា​មានគុណ​តម្លៃ និង​គុណធម៌​ធំធេង​ណាស់ សម្រាប់​មនុស្សជាតិ​យើង​គ្រប់ៗ​រូប​។ ត្រូវ​ចងចាំ​ថា «​នៅពេល​យើង​ក្រ យើង​ប្រឹង​ឱ្យមាន ហើយ​នៅពេលដែល​យើង​មាន យើង​ត្រូវ​ប្រឹង​ជួយ​អ្នកក្រ​» ទាំងនេះ​គឺជា​កា​ត្វ​កិច្ច​របស់​គ្រួសារ​យើង ដើម្បី​ជួយ​ឱ្យ​សង្គមជាតិ​រីកចម្រើន​ថ្កុំថ្កើង​ទៅមុខ​។​

​ឯកឧត្តម​បាន​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​លោក​ឧកញ៉ា ទុយ គី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត ផ្តល់ជូន​ក្រុមគ្រួសារ​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ ទូទាំង​ក្រុង​ពោធិ៍សាត់ ប្រមាណ​១​ពាន់​នាក់ ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​បរិវេណ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​។​

​ឯកឧត្តម ម៉ៅ ធនិន បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ទាំង​ទ្វេរ តែងតែ​គិតគូរ និង​បារម្ភ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​ទុកឱ្យ​នរណាម្នាក់​ស្លាប់ ដោយ​អត់​អាហារ​នោះឡើយ​។

​ឯកឧត្តម​បាន​ថ្លែងថា ក្នុង​គ្រា​ដែល​ប្រទេសជាតិ​កំពុង​ជួប​ការលំបាក ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ (Covid-19) ជាពិសេស​បញ្ហា​ចំពោះ​នៅមុខ​ដែល​ទើបតែ​កើតមាន​ថ្មីៗ គឺ​ជំនន់​ទឹកភ្លៀង​នោះ​, ឯកឧត្តម​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ និង​កម្លាំងចិត្ត ជួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សិស្សានុសិស្ស ក្នុងការ​បង្រៀន​វគ្គ​សិក្សា​បំប៉ន​ដោយ​ឥតគិតថ្លៃ និង​ថត​វីដេអូ​មេរៀន សម្រាប់​ការសិក្សា​តាម​Online ជូន​ក្មួយៗ​សិស្សានុសិស្ស​គ្រប់​កម្រិត​។​

​ឯកឧត្តម​បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​ក្នុង​ឆ្នាំ​២០២០​នេះ មិនមែន​កើតមាន​តែ​នៅ​ខេត្តពោធិ៍សាត់​យើង​មួយ​ទេ គឺ​កើតមាន​ស្ទើរតែ​គ្រប់​ខេត្ត ជាពិសេស​ខេត្ត​ដែល​ទទួលរង​ការវាយប្រហារ​ធ្ងន់ធ្ងរ​ជាងគេ គឺ​ខេត្តបន្ទាយមានជ័យ​។ ឯកឧត្តម​បាន​បន្ថែមថា ទាំង​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត និង​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់ បាន​ខិតខំ​ទាំងយប់ ទាំង​ថ្ងៃ​ក្នុងការ​ទប់ទល់ ទឹកជំនន់ និង​ជួយសង្គ្រោះ ក៏ដូចជា​ការគៀងគរ​រក​មូល​នី​ធិ​សម្បុ​រសធម៌ នាំយក​អំណោយ​រួមទាំង​សម្ភារៈ ចែកជូន​ដល់​ប្រជាពលរដ្ឋ​យើង​។​

​ឯកឧត្តម ម៉ៅ ធនិន ក៏បាន​អំពាវនាវ​ដល់​មហា​គ្រួសារ​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ​ទាំងអស់ ក្រោយពី​ទឹក​ស្រក​វិញ ត្រូវ​រួមគ្នា​ទប់​រក្សា​ទឹក​ទុក នៅតាម​ប្រឡាយ​មេ ប្រឡាយ​រង​ស្រះ ឬ​ស្រែ​ឱ្យនៅ​គង់វង្ស ដើម្បី​មានលទ្ធភាព​ស្តារឡើងវិញ សម្រាប់​ឱ្យ​បងប្អូន​យើង​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​ការងារ​បង្កបង្កើនផល នៅ​រដូវប្រាំង​ខាងមុខ​។ ជាមួយគ្នា​នោះ​ត្រូវ​ថែរក្សា​សុខភាព ដោយ​ផឹក​ស្អាត ហូប​ស្អាត រស់នៅ​ស្អាត និង​ត្រូវ​ប្រយ័ត្ន​ក្មេង​តូចៗ​លង់ទឹក ជាពិសេស​ត្រូវ​បន្ត​ផ្សព្វផ្សាយ និង​អនុវត្តន៍​ពី​វិធាន​ការការពារ​ជំងឺ​កូ​វីដ​១៩​។

​គួរ​បញ្ជាក់ថា បន្ទាប់ពី​ទទួលរង​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ រយៈពេល​ជាច្រើន​ថ្ងៃ​មក ធ្វើឱ្យ​ក្នុងភូមិ​សាស្ត្រ​ក្នុង​ខេត្តពោធិ៍សាត់ បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​តាម​ដងស្ទឹង​ពោធិ៍សាត់ និង​រង​ប៉ះពាល់ ៦​ក្រុង​/​ស្រុក ក្នុងនោះ​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង បាន​រង​ប៉ះពាល់​ខ្លាំងជាងគេ បណ្តាលឱ្យ​លិចលង់​ផ្លូវ​មួយចំនួន ប៉ះពាល់​ដល់​លំនៅដ្ឋាន ដំណាំ​ស្រូវ ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន និង​បណ្តាលឱ្យ​បាត់បង់​អាយុជីវិត​មនុស្ស​៦​នាក់​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×