ភ្នំពេញ៖ ការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន កាលពីយប់មិញ (ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ)គឺ កងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់(ស្រី២៨នាក់)ដើម្បីទៅ ជំនួសកងរាជអាវុធហត្ថលេខ៨៦១ ដែលត្រូវបញ្ចប់បេសកកម្ម នឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមបានអញ្ជើញជូនដំណើរដោយផ្ទាល់នៅព្រលានយន្តហោះ VIP។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រាម ទទួលបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងUN ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩។
ឯកឧត្តម បានក្រើនរំលឹកដល់នាយទាហានទាំងអស់ ដែលចេញទៅបំពេញបេសកកម្ម និងកំពុងបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រីអង្គការសហប្រជាជាតិ នៅក្នុងតំបន់បំពេញបេសកកម្មរបស់ខ្លួន និងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារជាតិ ពីវិធានការការពារ ទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។
សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជាង៧ពាន់នាក់ ក្នុងនោះមានស្ត្រីចំនួនជាង៣៥០នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ បច្ចុប្បន្ន កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេ លំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕ ដោយ៖CEN