Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​នឹង​ប្រជុំ​ជា​វិសាមញ្ញ​នៅ​ថ្ងៃទី​១៤ កុម្ភៈ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​មួយចំនួន​លើ​ការសម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​

spot_img

រដ្ឋសភា​បាន​សម្រេច​ថា នឹង​បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​មួយចំនួន​ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល និង​ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ពិនិត្យ និង​សិក្សា​ចប់​សព្វគ្រប់​តាម​នីតិវិធី​។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។​

ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​ដឹកនាំ​ដោយ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា រដ្ឋសភា​ក៏​បាន​សម្រេច​ប្រគល់ សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​៣៤​ថ្មី មាត្រា​៤២ មាត្រា​៤៩ មាត្រា​៥៣ និង​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដល់​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​

​របៀបវារៈ​រដ្ឋសភា​គ្រោង​លើកយក​មក​ពិភាក្សា និង​អនុម័ត​ក្នុង​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​នោះ​មាន ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​។ ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​២៦ មាត្រា​២៧​ថ្មី មាត្រា​២៨ មាត្រា​៣១ និង​មាត្រា​៣២ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×