Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​សហព័ន្ធ​កា​រ៉ា​តេ​ស្នើ​ឲ្យ​បន្ត​ការខិតខំ​ឲ្យ​ខ្លាំងក្លា ដើម្បី​ជោគជ័យ ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បាន​ស្នើសុំ​ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ​បង្វឹក និង​កីឡាករ កីឡា​កា​វិ​នី​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង សហការគ្នា​បង្កើន​ភាព​ស្និទ្ធស្នាល​ស្វាហាប់​ក្នុង​ការងារ​ជំនាញ​កីឡា​កា​រ៉ា​តេ​ឲ្យ​កាន់តែ​ខ្លាំងក្លា និង ឆន្ទៈ​មោះមុត​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅ​ដណ្ដើម​ជោគជ័យ ក្នុងការ​ប្រកួត​កីឡា SEA Games ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នេះ​ជា​លើកឡើង​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ នៅក្នុង​ឱកាស​បិទ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំ​២០២០ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ នៅ​សាល​មជ្ឈមណ្ឌល​កា​រ៉ា​តេ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បន្ទាប់ពី​ដំណើរការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​៣​ថ្ងៃ​។​
​ឯកឧត្តម​ប្រធាន​សហព័ន្ធ​កា​រ៉ា​តេ​កម្ពុជា​បន្តថា តាម​របាយការណ៍​រប​ស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ឆ្នាំនេះ ការចូលរួម​របស់​កីឡាករ កីឡាការិនី មានការ​កើនឡើង​ច្រើនជាង​ឆ្នាំមុនៗ បើទោះបី​យើង​កំពុងស្ថិត​ក្នុង​បរិបទ​ជំងឺ COVid-19 និង​ជួប​គ្រោះធម្មជាតិ ទឹកជំនន់​ដោយ​ទឹកភ្លៀង​ក៏ដោយ ។ នេះ​សបញ្ជាក់​ពី​ការរីកចម្រើន ឡើងវិញ​នៃ​វិស័យ​កីឡា​កា​រ៉ា​តេ​កម្ពុជា ជាពិសេស​គឺ​ការចូលរួម​យ៉ាង​ផុលផុស​ពី​សិស្ស​គុន​កីឡា​កា​រ៉ា​តេ​គ្រប់​ក្លិប សមាគម និង​សាលា​គុន ដែលជា​ការផ្តល់​កម្លាំង​ចិត្ត​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​ឲ្យ​ខិតខំ​បម្រើ​ប្អូនៗ​កីឡាករ កីឡាការិនី បន្តទៅទៀត​។ វិស័យ​កីឡា​កា​រ៉ា​តេ​ពិត​ជាមាន​សារៈសំខាន់ ដោយ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​សុខភាព​, បង្កើន​មិត្តភាព និង​សាមគ្គីភាព​រវាង​អ្នក​ហាត់​កា​រ៉ា​តេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានរួម​ចំណែក​យ៉ាង​ធំ ក្នុង​ការវាស់ស្ទង់​កម្រិត​បច្ចេកទេស​របស់​កីឡាករ កីឡា​ការ​នី​ម្នាក់ៗ ហើយក៏​បានផ្តល់​ភាពងាយស្រួល​ដល់​គ្រូបង្វឹក​អាច​ជ្រើសរើស​បាន​កីឡាករ​ឆ្នើមៗ សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ និង​អន្តរជាតិ​ជាច្រើន​ជា​បន្តបន្ទាប់ ដូចជា​ការត្រៀម​ចូលរួម​រួម​ប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ចុងឆ្នាំ​២០២១, ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២១, ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​មុន​ការប្រកួត (Pre-SEA Games) ឆ្នាំ​២០២២ ដែល​ការប្រកួត អន្តរជាតិ​ទាំងនេះ ដើម្បី​គោលដៅ​ដ៏​ធំចម្បង​របស់ខ្លួន ឈាន​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ឥឡូវនេះ សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បានសម្រេច​ទទួល​គ្រូបង្វឹក​ខ្សែក្រវាត់​៨​ជាន់ គឺ លោកគ្រូ Hassan មកពី​ប្រទេស​អ៊ីរ៉ង់​បានមក​ដល់ទី​នេះហើយ ដែល​លោកគ្រូ​នឹង​បង្វឹក​កីឡាករ កីឡា​កា​វិ​នី​ជម្រើសជាតិ​ផ្នែក​ប្រយុទ្ធ “Kumite” និង​លោកគ្រូ​ជប៉ុន​ម្នាក់ទៀត គឺ​លោកគ្រូ Shoki Toyarma នឹង​បង្ហាត់​ក្រុម​ជម្រើស​ផ្នែក​កាតា “Kata” ។ លោកគ្រូ​បង្វឹក​បរទេស​ទាំងពីរ​នាក់​ពិតជា​មាន​ឆន្ទៈ​ខ្ពស់​ចង់​ជួយ​ឲ្យ​កីឡាករ កីឡា​កា​វិ​នី​កម្ពុជា​ដណ្តើមបាន​មេដាយ ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ពិសេស​គឺ​ការប្រកួត​កីឡា SEA Games ឆ្នាំ​២០២៣​។ ប៉ុន្តែ គ្រូ​ល្អ ខ្លាំងពូកែ​យ៉ាងណាក៏ដោយ កីឡាករ កីឡាការិនី​គ្មាន​ទេពកោសល្យ គ្មាន​ឆន្ទៈ​មោះមុត ស្មារតី​រឹងមាំ​ជា​អ្នក​ប្រយុទ្ធ​ពិតប្រាកដ ក៏​មិនអាច​ឈ្នះ​គេ​បានដែរ​។ ដូចនេះហើយ​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បានដាក់​ក្តី​សង្ឃឹមលើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​គ្រូបង្វឹក កីឡាករ កីឡាការិនី ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ហ្វឹកហាត់ ដោយ​លះបង់​ការឈឺចាប់​ឲ្យ​បាន​ដល់​កម្រិត ដើម្បី​ទទួលបាន​គុណ​ផល​កីឡា (Performance) កា​រ៉ា​តេ កម្រិត​ខ្ពស់ ដើម្បី​ដណ្តើម​ជ័យលាភី​មេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការ​ប្រកួត និង​លើក​ឧត្តមភាព​កីឡា​កា​រ៉ា​តេ​កម្ពុជា​លើ​ឆាក​អន្តរជាតិ​។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​កា​រ៉ា​តេ ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០​នេះ​មាន​ប្រតិភូ កីឡាករ កីឡាការិនី​ចំនួន​២៣៦​នាក់​មកពី​២៣​ក្លិប ដែល​វិញ្ញាសា​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន​៣៦ មាន​វិញ្ញាសា​គោល​ធំៗ ដូចជា​ផ្នែក​កាតា​ឯកត្តជន កាតា​ក្រុម ប្រយុទ្ធ​ឯកត្តជន ប្រយុទ្ធ​ក្រុម ដែល​នៅ​ថ្ងៃ​បិទ​ការប្រកួត​នេះ​គណៈកម្មការ​បច្ចេកទេស​បាន​សម្រិតសម្រាំង​បាន​ម្ចាស់​ជ័យលាភី​លើ​គ្រប់​វិញ្ញាសា​ទាំងអស់​ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

 

spot_img
×