Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ហ៊ុន ម៉ា​នី លើកទឹកចិត្ត​ដល់​យុវជន ធ្វើយ៉ាងណា​ប្រឹងប្រែង​ក្តាប់​នូវ​ចំណេះដឹង និង​បទពិសោធន៍ ក្នុងការ​បង្កើត​អាជីវកម្ម និង​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ស្របតាម​តម្រូវការ​ទីផ្សារ​

spot_img

​ព្រៃវែង​៖ ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​លើកទឹកចិត្ត​ដល់​យុវជន យុវនារី នៃ​អង្គ​វេទិកា ធ្វើយ៉ាងណា​ប្រឹងប្រែង​ក្តាប់​នូវ​ចំណេះដឹង និង​បទពិសោធន៍​ដែល​ទទួលបាន​ពី​កិច្ចពិភាក្សា​នេះ ដើម្បី​ធ្វើជា​ទុន​បន្ថែម​ក្នុងការ​ចាប់យក​ឱកាស​ឈានទៅរក​ភាពជោគជ័យ​ក្នុងការ​បង្កើត​អាជីវកម្ម និង​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ស្របតាម​បរិបទ និង​តម្រូវការ​ទីផ្សារ​។​

ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក បាន​ថ្លែង​បែបនេះ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ ក្នុង​វេទិកា​ពិភាក្សា​ដើម្បី​លើកកម្ពស់​សមត្ថភាព​យុវជន និង សហគ្រិន ក្រោម​ប្រធានបទ «​ការជំរុញ​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​» នៅ​ខេត្តព្រៃវែង ។​

​វេទិកា​ពិភាក្សា​ដើម្បី​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិន​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៖ (១) ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​វិស័យ​កសិកម្ម​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ខណៈដែល​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​កំពុងតែ​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​(២) ចែករំលែក​បទពិសោធ​ន៍ និង​ចំណេះដឹង​ល្អៗ​របស់​វាគ្មិន​ជំនាញ​មកពី​ស្ថាប័ន​នានា​ជាពិសេស​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​ធុរកិច្ច ដើម្បី​ជាការ​បំផុសគំនិត និង​ជួយ​ជំរុញ​ឲ្យ​យុវជន​ចាប់អារម្មណ៍​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​របស់ខ្លួន​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​។​

ឯកឧត្ដម ហ៊ុន ម៉ា​នី ដែលជា​អធិបតី​ក្នុង​វេទិកា​ពិភាក្សា​នេះ បាន​កោតសរសើរ​ពី​សារសំខាន់​នៃ​ប្រធានបទ​ដែល​លើក​យកមក​ពិភាក្សា ដោយបាន​ផ្សារភ្ជាប់​ទៅនឹង​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា កំពុងតែបន្ត​ធ្វើជា​បន្ត​បន្ទាប់ សម្រាប់​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម ឲ្យ​ក្លាយទៅជា​វិស័យ​អាទិភាព​ក្នុងការ​បង្កើត​ការងារ​ថ្មី និង​រក្សា​លំនឹង​សេដ្ឋកិច្ចជាតិ ជាពិសេស​ក្នុងដំណាក់កាល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ជះឥទ្ធិពល​លើ​សេដ្ឋកិច្ច និង​សង្គម​ទូទាំង​ពិភពលោក​។​

​ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​លើកទឹកចិត្ត​ដល់​យុវជន យុវនារី នៃ​អង្គ​វេទិកា ធ្វើយ៉ាងណា​ប្រឹងប្រែង​ក្តាប់​នូវ​ចំណេះដឹង និង​បទពិសោធន៍​ដែល​ទទួលបាន​ពី​កិច្ចពិភាក្សា​នេះ ដើម្បី​ធ្វើជា​ទុន​បន្ថែម​ក្នុងការ​ចាប់យក​ឱកាស ឈានទៅរក​ភាពជោគជ័យ​ក្នុងការ​បង្កើត​អាជីវកម្ម និង​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ស្របតាម​បរិបទ និង​តម្រូវការ​ទីផ្សារ​។ លោក​បាន​លើកឡើងថា​៖ «​យើង​ម្នាក់ៗ​អាចមាន​គោលដៅ​ខុសគ្នា​ក្នុង​ជីវិត ប៉ុន្តែ​ជម្រើស​របស់​យើងទាំងអស់គ្នា គឺ​ការអភិវឌ្ឍ​ខ្លួន និង​ការពង្រឹង​សមត្ថភាព ចំណេះដឹង ចំណេះធ្វើ ដើម្បី​ការប្រកួតប្រជែង​ក្នុង​ទីផ្សារ​»​។ ទន្ទឹមនេះ​លោក​បន្ថែមថា ជាមួយនឹង​ការពង្រឹង​សមត្ថភាព​ផ្ទាល់ខ្លួន ការលើកកម្ពស់​សមត្ថ​ភាព​ប្រកួតប្រជែង​កម្ពុជា​ជារួម ក្នុង​បរិបទ​សាកលភាវូបនីយកម្ម គឺជា​កត្តាចាំបាច់​ដែល​ត្រូវការ​ការចូល​រួមទាំង​អស់​គ្នា ជាពិសេស​យុវជន​តែម្តង​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្ដម ហ៊ុន ម៉ា​នី ក៏បាន​ផ្តាំផ្ញើ​ការ​នឹករលឹក​ដល់​អាជ្ញាធរ និង​កងកម្លាំង​ដែល​កំពុង​បំពេញការងារ​យ៉ាងសកម្ម ក្នុងដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​កំពុងតែជួបប្រទះ​នូវ​វិបត្តិ​គ្រោះទឹកជំនន់ ដោយ​លោក បាន​មានប្រសាសន៍ថា​៖ «​ខណៈដែល​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​កំពុង​រៀបចំ​នូវ​វេទិកា​ពិភាក្សា​នេះ ទឹកចិត្ត និង​អារម្មណ៍​គិតគូរ​របស់​យើង នៅតែ​បន្ត​ដក់​ជាប់​នៅ​ជាមួយនឹង​បងប្អូនៗ ជា​អាជ្ញាធរ និង​កងកម្លាំង​ដែល​កំពុងតែ​ឈរជើង ធ្វើការ​ទាំងយប់​ថ្ងៃ ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​តាម​តំបន់​ជន់​លិច នៅក្នុង​បណ្តា​ខេត្ត​ដែល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​មួយចំនួន​»​។​

​សូម​ជម្រាបជូន​ផងដែរ​ថា វេទិកា​ពិភាក្សា​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិន ក្រោម​ប្រធានបទ​៖ «​ការជំរុញ​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​» ត្រូវបាន​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ហិរញ្ញវត្ថុ ផ្គត់ផ្គង់ និង​ជំរុញ​សហគ្រិនភាព នៃ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក ដោយមាន​ការសហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ រដ្ឋបាលខេត្ត​ព្រៃវែង និង​ស​.​ស​.​យ​.​ក ខេត្តព្រៃវែង​។ តាមរយៈ​វេទិកា​ពិភាក្សា​នេះ មិន​ត្រឹមតែ​ជា​វេទិកា​សម្រាប់​វាគ្មិន​ជំនាញ​នេះ​ទេ ក្នុងនោះ​បងប្អូន​ប្រជាកសិករ​គំរូ​នៃ​ខេត្តព្រៃវែង ក៏បាន​ចែករំលែក​បទពិសោធន៍ បញ្ហា​ប្រឈម និង​ភាពជោគជ័យ​របស់ខ្លួន​ក្នុងការ​ប្រកបរ​បរក​សិ​កម្ម​ជាពិសេស​ការដាំដុះ​បន្លែ និង​ចិញ្ចឹមសត្វ ដល់​អ្នកចូលរួម​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ខែសីហា ឆ្នាំ​២០២០ ស​.​ស​.​យ​.​ក បានរៀបចំ​វេទិកា​ពិភាក្សា​លើកកម្ពស់​សមត្ថភាព​យុវជន និង​សហគ្រិន ក្រោម​ប្រធានបទ​៖ «​ការជំរុញ​សហគ្រិន​វ័យក្មេង​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​» នេះ នៅក្នុង​ខេត្តស្វាយរៀង​។ ទន្ទឹមនេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​ស្វែងរក​លទ្ធិភាព​ក្នុងការ​រៀបចំ​វេទិកា​ពិភាក្សា​នេះ ឱ្យបាន​ទូលំទូលាយ​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា​ជា​បន្តបន្ទាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×