Wednesday, September 22, 2021

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​និង​ធ្វើ​របាយការណ៍​បន្ទាន់ នៃ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​ជួសជុល​និង​ស្តារឡើងវិញ​

ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យអាជ្ញាធរ​ខណ្ឌ​ទាំង ១៤​និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​របាយការណ៍​ឲ្យ​បាន​ជាក់លាក់​និង​ជាបន្ទាន់ ដើម្បី​ស្រង់​ទិន្នន័យ​នៃ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ក្នុងដំណាក់កាល​លិចលង់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ។ ការជំរុញ​បែបនេះ​គឺ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​របាយការណ៍​ជាក់លាក់​មួយ​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ ក៏ដូចជា​រាជរដ្ឋាភិបាល ក្នុង​ការសុំ​ថវិកាជាតិ​យកមក​ធ្វើការ​ជួសជុល​កែវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ខូចខាត​នេះ​ឲ្យ​បានល្អ​ប្រសើរ​ឡើងវិញ​។​

​នា​រសៀល​ថ្ងៃ​អង្គារ​ទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ពិនិត្យ​លើ​ការងារ​តាម​វិស័យ ជុំវិញ​ផលប៉ះពាល់​ដោយសារ​គ្រោះ​ជំនន់​ទឹកភ្លៀង ព្រមទាំង​ការចាត់វិធានការ​ក្នុងការ​ថែទាំ និង​ជួសជុល​នូវ​បណ្តា​ហេ​ត្ថា​រចនាសម្ព័ន្ធ​សាធារណៈ​នានា ដែល​បាន​ទទួលរង​ការខូចខាត សំដៅ​ធ្វើយ៉ាងណា​ឱ្យមក​ប្រក្រតីភាព​ឡើងវិញ ដូច​មុនពេល​មាន​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ បានធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​នៅតាម​បណ្តា​ខណ្ឌ​មួយចំនួន​ពិសេស ខណ្ឌ​នៅ​ជាយក្រុង​បានទទួល​រង​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ។ លោក​ស្នើ​ឲ្យ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ទាំងអស់ រួមជាមួយ​និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ចុះ​ពិនិត្យ​និង​ធ្វើ​របាយការណ៍​ឲ្យ​បាន​លឿន ដើម្បី​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​របាយការណ៍​ជូនទៅ​រាជរដ្ឋាភិបាល​ក្នុង​ការសុំ​ថវិកា​យកមក​ធ្វើការ​ជួសជុល​កែលម្អ ការខូចខាត​នេះ​ឡើងវិញ ពិសេស​គឺ​ការកសាង​នូវ​ប្រព័ន្ធ​លូ ប្រឡាយ​បង្ហូរទឹក និង​ការជួសជុល​បណ្ដាល​ផ្លូវ​ដែល​ខូចខាត​មួយចំនួន​ផ្សេងទៀត ដើម្បី​ត​ភ្ជាប់​ឡើងវិញ សម្រួល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាកសិករ​ដែល​ខូចខាត​ផល​ស្រូវ ដំណាំ​រួមផ្សំ​យើង​ក៏​នឹងត្រូវ​ផ្តល់ជូន​ពួកគាត់​ផងដែរ​។​

លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ផងដែរ​ថា ក្នុងអំឡុង​នៃ​ការ​នៃ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ បើ​គ្មាន​ការដឹកនាំ​និង​ចុះ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ទេ​ផលប៉ះពាល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​នេះ តែ​ដោយ​ការខិតខំ​ប្រឹងប្រែង​ជំរុញ​ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះស្រាយ​បញ្ហា​ទឹក​ជន់​លិច​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ ជាមួយនឹង​កាយ​ពង្រីក​ប្រឡាយ​បង្ហូរទឹក​ជាដើម​បានធ្វើ​ឲ្យ​ផលប៉ះពាល​មាន​លក្ខណៈ​ធូរស្រាល​។​

លោក​បញ្ជាក់ថា ការពង្រីក​នៅ​ប្រឡាយ​បង្ហូរទឹក​មាន​លក្ខណៈ​ធំ​ជាង​មុននេះ ក្រោយពី​ការកាយ​ប្រឡាយ​នេះហើយ យើង​នឹង​រក្សា​ប្រឡាយ ក្នុង​ទំហំ​ដដែល​ដោយ​មិនមាន ការ​លុប​ដាក់​ប្រព័ន្ធ​លូ​តូច​ទេ សំដៅ​ធ្វើយ៉ាងណា កុំ​ឲ្យ​មាន​បញ្ហា​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ លិចលង់​នៅ​ឆ្នាំក្រោយៗ​ទៀត​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​