Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម កោតសរសើរ​រុស្ស៊ី ដែល​បាន​ផលិត​នូវ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​មុនគេ និង​ទទួលបាន​ការបញ្ជាទិញ​ជាច្រើន

spot_img

​ភ្នំពេញ​៖​នៅ​រសៀល ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​សហការី​ចូលជួប​សម្ដែង​គួរសម នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​ឯកអគ្គរដ្ឋទូតរ​ស្ស៊ី ក៏បាន​សម្ដែង​នូវ​ការរំលែក​មរណទុក្ខ​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​បាន​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។ ជាមួយគ្នានេះ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា និង​កងកម្លាំង​ទាំងអស់​ដែល​បាន​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ​ង​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​គ្រា​មាន​អាសន្ន​នេះ​។​

​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ក្រសួងមហាផ្ទៃ ដែល​បាន​រក្សា​សន្តិសុខ​សុវត្ថិភាព ជូន​ដល់ទី​តាំង​ស្ថានទូត ក៏ដូចជា​មន្ត្រី​របស់​ស្ថានទូតរ​ស្ស៊ី​នៅ​កម្ពុជា​។ ឯកឧត្តម​ជម្រាបជូន​សម្ដេច​អំពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩​នៅលើ​ពិភពលោក​ដែល​នៅតែ​កំពុង​រាតត្បាត ប៉ុន្តែ​ថា​ឯកឧត្តម​សូម​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ការរីក​រាល​ជំងឺ​នេះ ធ្វើឱ្យ​ឯកឧត្តម រួមទាំង​ជនបរទេស​ដទៃទៀត​នៅ​កម្ពុជា មាន​ភាពកក់ក្ដៅ​ដូច​ប្រជាជន​កម្ពុជា​ដែរ​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ក៏បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម នូវ​ការថ្លែងអំណរគុណ​រប​ស់​រដ្ឋាភិបាល​រុស្ស៊ី​ចំពោះ​កម្ពុជា ដែល​បាន​ជួយ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​របស់​សហព័ន្ធរុស្ស៊ី និង​សម្ដែង​ក្ដី​សង្ឃឹមថា​ភាគី​កម្ពុជា និង​អាច​ទទួលបាន​ជោគជ័យ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ដែល​ជោគជ័យ​នេះ គឺជា​ការបង្ហាញ​ឥទ្ធិពល​របស់​អាស៊ី និង​កម្ពុជា​ដែល​នៅក្នុង​តំបន់​នេះ​។​

​ឯកឧត្តម បាន​បន្ត​លើកឡើង​អំពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​របស់​សហ​ព័ន្ធ​រុស្ស៊ី ក្នុងនោះ​មាន​វិស័យ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​គ្រឿងញៀន ឧក្រឹដ្ឋ​កម្ម​ឆ្លងដែន និង​សកម្មភាព​ផ្សេងៗ​ទៀត ដូចជា​ការទប់ស្កាត់​ប​ដិ​វត្ត​ន៍​ពណ៌ និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។

​ឯកឧត្តម​បាន​បន្តថា​ភាគី​រុស្ស៊ី​នៅតែ​បន្ត​ការប្ដេជ្ញាចិត្ត​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ជូន​កម្ពុជា ជាពិសេស ដល់​កងកម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​តាមរយៈ​បណ្ដាញ​អន​ឡាញ​។​

​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិការ​រវាង​ក្រសួង​ទាំងពីរ​នេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត​រុស្ស៊ី បាន​បន្តថា កន្លងមក​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ក៏ប៉ុន្តែ​ក៏​នៅមាន​ការងារ​ផ្សេងទៀត ដែល​ទាម​តារ​ឱ្យ​ភាគី​ទាំងពីរ​បន្ត​ឈានទៅ​បញ្ចប់​នាពេលខាងមុខ ក្នុងនោះ​ក៏មាន​កិច្ចព្រមព្រៀង​ស្ដីពី​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។ ឯកឧត្តម​ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ភាគី​រុស្ស៊ី​ក្នុង​ការរក្សា​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់ ឯកឧត្តម​ឯកអគ្គ​រដ្ឋ​ទូ​រុស្ស៊ី សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​រុស្ស៊ី ជាពិសេស​ចាប់តាំងពី​ពេល​ឈានទៅ​ផ្ដួលរំលំ​របប​ខ្មែរក្រហម ដែល​ពេលនោះ រុស្ស៊ី ដែល​នៅ​ជា​សហភាពសូវៀត​នៅឡើយ បាន​ចូលរួម​ជួយ​គាំទ្រ​ការ​វាយ​រំលំ​របប​ខ្មែរក្រហម និង​បន្ត​គាំទ្រ​កម្ពុជា​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​របប​អាវខ្មៅ​នេះ​ត្រឡប់មកវិញ ព្រមទាំង​បាន​ជួយ​កម្ពុជា​ក្នុង​គ្រា​ជួប​គ្រា​ដ៏​លំបាក ក្រោយពី​បញ្ចប់​នោះ​។​

​សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ​រុស្ស៊ី ជាពិសេស​នៅក្នុង​វិស័យ​ធនធានមនុស្ស ដែល​ពេលនេះ​មាន​មន្ត្រី​កម្ពុជា​ជាច្រើន​ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី​។ សម្ដេច​ក៏បាន​បង្ហាញ​ការឯកភាព​ចំពោះ​អ្វីដែល​ឯកឧត្តម ឯកអគ្គរដ្ឋទូត​រុស្ស៊ី បានលើកឡើង​ស្ដីអំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​រុស្ស៊ី និង​ជំរុញ​ឱ្យ​មន្ត្រី​ជំនាញ​ភាគី​ទាំងពីរ​ព​ន្លឿ​ន​ការបញ្ចប់​នីតិវិធី​ឈានទៅ​ចុះហត្ថលេខា​លើ​កិច្ច​ប្រ​ព្រមព្រៀង​ផ្សេងៗ​ទៀត​។​

​សម្ដេច បាន​បន្ថែមថា​ទោះបីជា​បញ្ហា​ជំងឺ​កូ​វីដ​-១៩​បាន​បង្ក​ជា​ឧបសគ្គ​នៃ​ទំនាក់ទំនង​នានា រាប់ទាំង​ជាមួយរ​ស្ស៊ី​ក្ដី ក៏ប៉ុន្តែ​ប្រទេស​ទាំងពីរ នៅតែ​ខិតខំ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ ហើយ​សម្ដេច​ក៏​សូម​កោតសរសើរ​ភាគី​រុស្ស៊ី ដែល​បាន​ផលិត​នូវ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​មុនគេ និង​ទទួលបាន​ការបញ្ជាទិញ​ជាច្រើន ជាពិសេស​ពី​ប្រទេស​ឥណ្ឌា​។​

​សម្ដេច ក៏​ពិតជា​រីករាយ​បន្ទាប់ពី​បានទទួល​ដំណឹង​ថា​ភាគី​រុស្ស៊ី ជាពិសេស​ក្រុម​អ្នកជំនាញ​រុស្ស៊ី កំពុង​សិក្សា​ជាមួយ​អ្នកជំនាញ​នៅ​កម្ពុជា​ស្ដីពី​លក្ខណៈពិសេសៗ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​មួយ​នេះ​។

​នាឱកាស​នោះដែរ សម្ដេច​ក្រឡាហោម ក៏បាន​មានប្រសាសន៍ថា​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ននេះ កម្ពុជា​កំពុង​ខិតខំ​ស្វះ​ស្វែងរក​ដៃគូ​សេដ្ឋកិច្ច ដោយ​នាពេល​កន្លងទៅនេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ភាគី​ចិន ហើយ​នាពេលខាងមុខ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េខាងត្បូង ដោ​យស​ម្ដេចក៏​សង្ឃឹមថា​ភាគី​រុស្ស៊ី និង​កម្ពុជា ក៏​អាច​នឹងមាន​កិច្ចព្រមព្រៀង​នេះដែរ​។​

​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​រុស្ស៊ី​ដែល​បានផ្ដល់​កិច្ចសហប្រតិបត្តិការ​ផ្នែក​ការពារ​សន្តិសុខ​ជាមួយនឹង​ក្រសួងមហាផ្ទៃ​។ សម្ដេច​ក៏បាន​បញ្ជាក់ជូន​សារជាថ្មី​អំពី​ការត្រៀមខ្លួន​សហការ​ជាមួយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ដែល​អាច​នឹង​កើតមានឡើង​នៅក្នុង​អាណត្តិ​ការងារ​របស់​ឯកឧត្តម​។

​ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី បាន​ថ្លែងអំណរគុណ​សម្ដេច និ​បាន​គោរព​អញ្ជើញសម្ដេច​ក្រឡាហោម ស ខេង បំពេញ​ទស្សនកិច្ច​សារជាថ្មី​នៅ​ប្រទេស​រុស្ស៊ី បន្ទាប​ប់​ពី​បញ្ហា​កូ​វីដ​-១៩ បានបញ្ចប់​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×