Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​មោង​ឬ​ស្ទឹង​ដូន​ទ្រី គួរ​ពិនិត្យ​លទ្ធភាព​ទឹក​ឲ្យ​បានច្បាស់លាស់ មុននឹង​ចាប់​ផ្ដើមធ្វើ​ស្រូវ​បង្កើន​រដូវ បន្ទាប់ពី​ទឹកជំនន់​ស្រក ព្រោះ​អាងទឹក​ទំនប់​បាសាក់ មានទឹក​ត្រឹម​បាត​អាង​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ស្ទឹង​មោង​ឬ​ស្ទឹង​ដូន​ទ្រី​ស្ថិត​ក្នុងស្រុក​រុក្ខ​គិរី និង​ស្រុក​មោងឫស្សី គួរ​ពិនិត្យ​លទ្ធភាព​ទឹក​ឲ្យ​បានច្បាស់លាស់​សិន មុននឹង​ចាប់​ផ្ដើមធ្វើ​ស្រូវ​បង្កើន​រដូវ បន្ទាប់ពី​ទឹកជំនន់​ស្រក ព្រោះ​អាងទឹក​ទំនប់​បាសាក់ ដែលជា​ប្រភព​ខាងលើ មានទឹក​ត្រឹម​បាត​អាង​។

​អាងទឹក​ទំនប់​បាសាក់​នៅសល់​ទឹក​មិន​ពេញ​អាង​ដូច​ប្រព័ន្ធធារាសាស្ត្រ​ដទៃ​ក្នុង​ខេត្តបាត់ដំបង ព្រោះ​កាលពី​សប្ដាហ៍​ទី​២​នៃ​ខែតុលា​ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​ដែលមាន​កម្លាំង​ខ្លាំង បាន​ហូរ​បុក​ទំនប់ទឹក​មួយ​នេះ​បាក់​ដាច់ ហើយ​ទឹកបាន​ជន់​នាច​លិច​ភូមិក ផ្ទះសម្បែង ដំណាំ​កសិកម្ម រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ក្នុងស្រុក​រុក្ខ​គិរី និង​ស្រុក​មោងឫស្សី អូសបន្លាយ​ជាច្រើន​ថ្ងៃ បង្ក​ការរំខាន​ដល់​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពលរដ្ឋ​ជាច្រើន​ពាន់​គ្រួសារ ហើយ​ទំនប់​នេះ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កំពុងធ្វើការ​ចាក់ដី ជួសជុល​ឡើងវិញ​ផងដែរ​។​

​ការអំពាវនាវ​នេះ បាន​ធ្វើឡើង​ក្នុងពេល​ចុះ​ចែក​ថ្នាំ​ចម្រុះ​និង​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​និង​ពិនិត្យ​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់​នៅ​ស្រុក​រុក្ខ​គិរី កាលពី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០២០​។

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ទឹកជំនន់​នៅ​ចុងរដូវ​វស្សា​ក្នុង​ខេត្តបាត់ដំបង បាន​ប៉ះពាល់​ដំណាំ​កសិកម្ម​ជាច្រើន​ម៉ឺន​ហិកតា ពិសេស​ដំណាំ​ស្រូវ ដោយ​ការលិចលង់​ពី​ទឹកជំនន់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​នៅតាម​ស្រុក​មួយចំនួន​មានការ​ភ័យខ្លាច​ពី​ទឹកជំនន់ រហូតដល់​មាន​អ្នកខ្លះ​បង្ហូរទឹក​ចេញពី​ស្រែ​អស់ ហើយ​បើ​មិនមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ទេនោះ ស្រូវ​អាច​ប្រឈម​នឹង​ស្កក់​។​មួយវិញទៀត ក៏មាន​ពលរដ្ឋ​ខ្លះ​គាត់​បាន​បូមទឹក​ពី​ស្រះ ដើម្បី​ចាប់​ត្រី ដែល​បញ្ហា​នេះ ក៏​ជា​កង្វល់​មួយ​របស់​អាជ្ញាធរ ព្រោះ​ខ្លាច​គាត់​អត់​ទឹក សម្រាប់​ស្រោចស្រព​ដំណាំ​ផ្សេងៗ​ឬ​សម្រាប់​ទុក​ប្រើប្រាស់​នៅ​រដូវប្រាំង​។​បញ្ហា​នេះ ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​ធ្វើការ​ណែនាំ​ពួកគាត់​។​បញ្ហា​មួយទៀត​គឺ​ការចាប់​ផ្ដើមធ្វើ​ស្រូវ​បង្កើន​រដូវ របស់​ពលរដ្ឋ នៅពេល​ទឹក​ស្រក​ទៅវិញ ស្នើសុំ​ពួកគាត់​ត្រូវ​ពិនិត្យ​លទ្ធភាព​ប្រភពទឹក​នៅ​បែក​ខាងលើ ពិសេស​អ្នក​នៅតាម​បណ្ដោយ​ស្ទឹង​មោង ព្រោះ​ទឹក​នៅ​ទំនប់​បាសាក់​នៅសល់​ត្រឹម​បាត​អាង ត្រូវ​មើលថា​អាចធ្វើ​ស្រែ​បាន​ឬ​អាច​មានទឹក​ត្រឹម​ប្រើប្រាស់​នៅ​រដូវប្រាំង ហើយ​បង្វែរ​មក​ដាំ​បន្លែ​និង​ចិញ្ចឹមសត្វ​វិញ ព្រោះ​ពេលធ្វើ​ស្រែ​ទៅ​គ្មាន​ទឹក​ស្រោចស្រព​គ្រប់គ្រាន់ ស្រូវ​រង​ការខូចខាត កាន់តែ​ធ្វើ​ឲ្យ​ជីវភាព​ក្នុង​គ្រួសារ​លំបាក​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​អាជ្ញាធរ​តាម​បណ្ដា​ស្រុក​ជួប​បញ្ហា​ជំនន់​ទឹកភ្លៀង​នា​ឆ្នាំ​២០២០​នេះ ត្រូវធ្វើ​ការវាយតម្លៃ ស្រង់​ទិន្នន័យ​ពលរដ្ឋ​រង​ការប៉ះពាល់​ឲ្យ​បានច្បាស់លាស់ ដើម្បី​ធ្វើ​ការចែក​ពូជស្រូវ ពូជ​បន្លែ​ឬ​កូន​ត្រី ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ស្ដារ​ជីវភាព​ឡើងវិញ នៅពេល​ទឹក​ស្រក​។​

​គួរបញ្ជាក់​ផងដែរ​ថា​នៅ​ថ្ងៃទី​២៩​ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​អញ្ជើញ​ចុះមក​ចែក​ពូជស្រូវ ពូជ​បន្លែ​និង​កូន​ត្រី ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ចំនួន​២​គឺ​ស្រុក​សង្កែ​និង​ស្រុក​រុក្ខ​គិរី ជា​ជំ​ហ៊ាន​ដំបូង សម្រាប់​ខេត្តបាត់ដំបង ៕​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×