Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម

spot_img

​ភ្នំពេញ​៖ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា សហការ​ជាមួយ​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ដែល​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ កន្លងមកនេះ​។​

​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ រៀបចំឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បង្កើន​ការយល់ដឹង​ដល់​មន្ត្រី​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

​គណៈអធិបតី​នៃ​អង្គសិក្ខាសាលា​នាពេលនោះ​រួមមាន លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ស៊ុំ ស​ន្និ​សិទ្ធ ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា លោក ប៉ែន ពេជ្រ​សាលី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​និង​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌ និង​លោកស្រី​សាយ សំអាត ប្រធាន​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​។

​នាឱកាស​នោះ អង្គសិក្ខាសាលា បាន​ស្តាប់​ប្រសាសន៍​ស្វាគមន៍​របស់​គណៈអធិបតី ដោយមាន​ភ្ជាប់​ខ្លឹមសារ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​រៀបចំ​ច្បាប់​ទាំងពីរ​នេះ​ឡើង ក្នុង​គោលដៅ​ប្រឆាំង​ការប្រព្រឹត្ត​បទល្មើស​សម្អាត​ប្រាក់ បទល្មើស​ហិរញ្ញប្បទាន​ភេរវកម្ម បទល្មើស​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ដើម្បី​ការពារ​ផលប្រយោជន៍ និង​រក្សា​សន្តិសុខ​ជូន​ប្រជាជន ហើយក៏​ប្រើ​ជា​មូលដ្ឋាន​គតិយុត្ត​មួយ​ដ៏​រឹងមាំ ដែលមាន​ការទទួលស្គាល់​ពី​មជ្ឈដ្ឋាន​ជាតិ និង​ពិភពលោក ស្របតាម​សភាពការណ៍​វិ​វត្ត​ថ្មីៗ ពាក់ព័ន្ធ​នឹង​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។

​ច្បាប់​ទាំងពីរ​នេះ ក៏​នឹង​ជួយ​លើកកម្ពស់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​អាច​ធើ្វ​ឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​និង​ធនាគារ​មាន​ភាពរឹងមាំ ស្ថិរភាព និង​សុចរិត​ភាព ព្រមទាំង​ចូលរួមចំណែក​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​គាំទ្រ​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ដោយសារ​ការទុកចិត្ត​របស់​វិនិយោគិន​ជាតិ​និង​អន្តរជាតិ ក៏ដូចជា​សាធារណជន​មកលើ​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ​កម្ពុជា ហើយ​មិន​មានការ​រឹតបន្តឹង​លំហូរ​សាច់ប្រាក់​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​នានា ដែលមាន​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រីកចម្រើន​នៅ​ទូទាំង​ពិភពលោក​។

​បើទោះបីជា​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីត​១៩ យ៉ាងណាក្តី ក៏​សិក្ខាសាលា​ដ៏​វិសេសវិសាល​និង​មាន​អត្ថន័យ​នាពេលនោះ​អាច​ប្រព្រឹត្តទៅបាន​ក្រោម​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​ភាតរភាព ស្រប​ពេលដែល​ប្រទេស​កម្ពុជា​យើង​មាន​សន្តិភាព សុវត្ថិភាព ស្ថិរភាព​សង្គម និង​ការអភិវឌ្ឍ​ឥតឈប់ឈរ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​ដោយ​៖CEN

 

spot_img
×