Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​ឲ្យ​ដំណើរការ​បន្ទប់​VIP និង​បន្ទប់​ICU សម្រាប់​ព្យាបាល​ជូន​អ្នកជំងឺ​កូ​វីដ​-១៩ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត

spot_img

​ភ្នំពេញ​៖ ដាក់​ឲ្យ​ដំណើរការ​នូវ​អគារ​ជំងឺ​កូ​វីដ​-១៩​ថ្មី នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែលមាន​គ្រែ​សរុប​ចំនួន ៥៨ បំពាក់​ទៅដោយ​សម្ភារៈ បរិក្ខារ និង​ម៉ាស៊ីន​ទំនើប​ថ្មីៗ ព្រមទាំង​មាន​បន្ទប់​ពិសេស​(VIP) និង​បន្ទប់សង្គ្រោះបន្ទាន់​(ICU)​ផងដែរ សម្រាប់​ព្យាបាល​ជូន​អ្នកជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ នា​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល Ms. Pauline Tamesis, UN Resident Coordinator លោកជំទាវ​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លក​ប្រចាំ​កម្ពុជា និង Dr. Vladanka Andreeva, UNAIDS country Director ព្រមទាំង​អមដំណើរ​ដោយ​ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល រួម​នឹង នាយក នាយករង និង​នាយផ្នែក​គ្រប់ផ្នែក​ទាំង​អស់នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។​

​លោកស្រី Pauline Tamesis ប្រធាន​សម្របសម្រួល របស់​ក្រុមទី​ភ្នា​ក់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា (UNCT) និង​លោកស្រី Li Alian ប្រធាន​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា (WHO) បាន​ថ្លែង​ប្ដេជ្ញា​គាំទ្រ​កម្ពុជា ១០០% ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ បើ​ជំងឺ​នេះ នៅតែ​បន្ដ​អូសបន្លាយ​ដល់​ឆ្នាំក្រោយៗ​ទៀត​។​

​តំណាង​អង្គការ​ទាំងពីរ ក៏​បន្ដ​អបអរសាទរ ដល់​ក្រសួងសុខាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ នៅក្នុង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ មិនឱ្យ​ឆ្លង​ចូលក្នុង​សហគមន៍ និង​អបអរសាទរ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត ដែល​ត្រូវបាន​ទទួលស្គាល់ នូវ​ការព្យាបាល​ជំងឺ​កូ​វីដ​១៩ ជាពិសេស ក្រសួងសុខាភិបាល បាន​លើក​ទឹក​ចិ​ត្ដ​ឱ្យ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព ខ្មែរ​-​សូ​វៀត ទទួល​ព្យាបាល​ឥស្សរៈជន ក៏ដូចជា​អ្នកការទូត និង​អង្គការសហប្រជាជាតិ​ជាដើម​។​

សម្រាប់​វ៉ាក់សាំង​កូ​វីដ​១៩ ពេល​មានការ​ទទួលស្គាល់​ពី​គុណភាព និង​លទ្ធភាព​នៃ​ការចាក់​ថ្នាំ​ការពារ ទទួលបាន​លទ្ធផល​ហើយ មានការ​ទទួលស្គាល់ និង​បាន​ចុះបញ្ជី​ត្រឹមត្រូវ ពី​អង្គការ​សុខភាព​ពិភពលោក កម្ពុជា​ដែលជា​ប្រទេសមួយ ទទួលបាន​ការគាំទ្រ​ខ្ពស់​ពី អង្គការ​ទទួលបន្ទុក​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង ដូច្នេះ​នឹង​ទទួលបាន​លទ្ធភាព និង​អាទិភាព​ចំពោះ​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់ (​មន្ដ្រី​សុខាភិបាល​ជួរមុខ​) បន្ទាប់មក​អ្នក​ដែល​ងាយ​ទទួល​ការឆ្លង​ជំងឺ ដូចជា ស្ដ្រី​មាន​ផ្ទៃពោះ កុមារ មនុស្ស​ចាស់ជរា និង​អ្នក​ដែលមាន​ជំងឺ​រុំ​ា​រ៉ៃ បន្ទាប់ពី​ទទួលបាន​ការសម្រេច​ពី រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងឱកាស​នោះដែរ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​គូសបញ្ជាក់ថា «​ការសម្ពោធ​ដាក់ឱ្យ​ដំណើរការ​អគារ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ បែប​លក្ខណៈ VIP និង​បន្ទប់​ព្យាបាល​ជំងឺ​កូ​វីដ​ធម្មតា នៅ​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត​នេះ គឺ​ដើម្បី​ពង្រីក​សមត្ថ​ភា​ព្យាបាល​មន្ដ្រី​របស់​យើង ឱ្យ​កាន់តែ​ល្អ​មាន​ប្រសិទ្ធភាព​ខ្ពស់ ជូន​ដល់​អ្នកដំណើរ​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា ជាពិសេស​មន្ដ្រីការទូត និង​អង្គការសហប្រជាជាតិ​ជាដើម​»​។​

​រដ្ឋមន្ដ្រី​សុខាភិបាល បានបញ្ជាក់​បន្ថែមថា បន្ទប់​ព្យាបាល​ជំងឺ​កូ​វីដ​១៩ VIP និង​បន្ទប់​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ទូទៅ គឺ​ខុសប្លែក​តែ​បន្ទប់ ជា​លក្ខណៈ​ដាច់ដោយឡែក និង​គ្រួសារ​តែប៉ុណ្ណោះ ក្រៅពីនោះ​ទាំង​សេវា ថ្នាំ​ព្យាបាល រួមទាំង​ការយក​ចិ​ត្ដ​ទុកដាក់​ដូចគ្នា​ទាំងអស់​។ ក្នុងនោះ​នៅ​មន្ទីរពេទ្យ​នេះ មាន​បន្ទប់​ព្យា​ល​បាល​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ​ផងដែរ​។​

​លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា «​យើង​នឹង​បន្ដ​ខិតខំ​ឱ្យ​អស់ពី​សមត្ថភាព ហើយ​កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​ដ៏​ឈ្លាសវៃ​រឹងមាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ខិតខំ​ប្រឹងប្រែង និង​ជានិច្ចកាល​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ដាក់ចេញ​នូវ​វិធានការ ដល់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ទទួលខុសត្រូវ ជាពិសេស​ក្រសួងសុខាភិបាល និង​មន្ដ្រី​ពាក់ព័ន្ធ​នានា ដែលមាន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដោយ​រួមគ្នា​ធ្វើ​យ៉ាងម៉េច កុំឱ្យ​ប្រទេស​កម្ពុជា​យើង​មាន ការចម្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​សហគមន៍​»​។​

​លោក​រដ្ឋមន្ដ្រី បន្តថា ដើម្បី​កុំឱ្យ​ជំងឺ​ដ៏​សាហាវ​មួយ​នេះ ឆ្លង​ចូល​សហគមន៍ គឺ​ការទប់ស្កាត់​ចំពោះ​អ្នកដំណើរ​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា គឺ​ត្រូវតែ​ធ្វើតេស្ដ​មិន​លើកលែង​ឡើយ បើ​ពិនិត្យឃើញ​មាន​ជំងឺ​កូ​វីដ​១៩ យក​គាត់​មក​ព្យាបាល​ភ្លាមៗ និង​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​មក​ធ្វើតេស្ដ ដោយ​មិន​ឱ្យទៅ​ចម្លង​ដល់​ពលរដ្ឋ​យើង នៅក្នុង​សហគមន៍​នោះទេ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×