Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​មេរោគ Emotet បន្ថែម​យុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការវាយលុក​

spot_img

​ភ្នំពេញ​៖ Emotet គឺជា​កម្មវិធី​មេរោគ​ដែល​ធ្វើការ​វាយលុក​តាមរយៈ​អ៊ីមែល​។ ជាទូទៅ​ជនរងគ្រោះ​ទទួលបាន​អ៊ីមែល​ដែលមាន​ភ្ជាប់​មកជា​មួយ​នឹង​ឯកសារ​ជា​ប្រភេទ Word មាន​ផ្ទុកមេរោគ ហើយ​នៅពេល​ឯកសារ​នេះ​ត្រូវបាន​បើក​វា​នឹង​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់ បើកមុខ​ងារ Macros ដែលជា​មុខងារ​មួយ​នៅក្នុង​កម្មវិធី Word ប៉ុន្តែ​នៅពេល​អ្នកប្រើប្រាស់​បើកមុខ​ងារ​នេះ វា​នឹង​បញ្ចូល​កម្មវិធី​មេរោគ Emotet ទៅក្នុង​កុំព្យូទ័រ​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​កាលពីមុន​ជនអនាមិក​បាន​ផ្ញើ​អ៊ីមែល​ទៅឱ្យ​អ្នកប្រើប្រាស់ ដោយ​បន្លំ​ធ្វើជា​អ៊ីមែល​ដែល​ទាក់ទង​ទៅនឹង​វិក័យប័ត្រ បញ្ជា​ទិញ​ទំនិញ ឯកសារ​ផ្ញើ​ទំនិញ ឬ​ព័ត៌មាន​ដែល​ទាក់ទង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ជាដើម ប៉ុន្តែ​ឥឡូវនេះ​ពួកគេ​បាន​បន្ថែម​យុទ្ធសាស្ត្រ​ថ្មី​មួយ ដោយ​បន្លំ​ធ្វើជា​សារ​មកពី​ក្រុមហ៊ុន Microsoft ដែល​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Word ដើម្បី​ទទួលបាន​មុខងារ​ថ្មីៗ​។ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នេះ​វា​នឹង​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ចុច​លើ Enable Editing បន្ទាប់មក​ចុច​លើ Enable Content ដែល​នេះ​ធ្វើឱ្យ​ពួកគេ​អាច​បញ្ចូល​កម្មវិធី​មេរោគ​ទៅក្នុង​កុំព្យូទ័រ​បាន​។​

​បច្ចុប្បន្ន​កម្មវិធី​មេរោគ Emotet កំពុងតែ​រីក​រាលដាល​យ៉ាងខ្លាំង​ជុំវិញ​ពិភពលោក ហើយ​ត្រូវបាន​អ្នកស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា​ចាត់ទុកថា​ជា​មេរោគ​មួយ​ដែលមាន​គ្រោះថ្នាក់​បំផុត​ផងដែរ​ព្រោះថា បន្ទាប់ពី​មេរោគ​នេះ​ឆ្លង​ចូលទៅក្នុង​កុំព្យូទ័រ​របស់​អ្នកប្រើប្រាស់​ហើយ វា​នឹង​បញ្ចូល​កម្មវិធី​បន្ថែម​ពីរ​ទៀត​គឺ កម្មវិធី TrickBot និង​កម្មវិធី QBot ដែលជា​កម្មវិធី​សម្រាប់​លួច​យក​លេខ​សម្ងាត់ គណនី​ធនាគារ និង​ព័ត៌មាន​ឯកជន​ភាព​ផ្សេងៗ​ទៀត​របស់​អ្នកប្រើប្រាស់ លើសពីនេះទៅទៀត វា​ក៏​អាច​នាំឱ្យ​មានការ​ជំរិត​ទារប្រាក់​តាមរយៈ​កុំព្យូទ័រ​ផងដែរ (Ransomware)​។​

​ដូច្នេះ​ដើម្បី​ការពារ​ទិន្នន័យ​នៅក្នុង​កុំព្យូទ័រ​របស់លោក​អ្នក​ក៏ដូចជា​សុវត្ថិភាព​ក្នុង​ប្រើ​ក្នុងការ​ប្រើប្រាស់​កុំព្យូទ័រ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូមឱ្យ​អ្នកប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន​នៅពេលដែល​លោកអ្នក​បានទទួល​សារ​អ៊ីមែល​ណាមួយ​នោះ​។ សូម​លោកអ្នក​កុំ​បើក​ឯកសារ​ដែលមាន​ភ្ជាប់​មកជា​មួយ​នៅពេលដែល​លោកអ្នក​ពុំ​ដឹង​ពី​ប្រភព​ច្បាស់លាស់ ជាពិសេស​សូមកុំ​ចុច​លើ​ប៊ូ​តុង​ដែល​អាចឱ្យ​បើកមុខ​ងារ Macros ព្រោះ​វា​ជា​ប្រភព​ដែល​ធ្វើឱ្យ​មេរោគ​ឆ្លង​ចូលទៅក្នុង​កុំព្យូទ័រ​របស់លោក​អ្នក​បាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×