Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុស្សរណៈ​រវាង ក្រសួង​ឧស្សាហកម្ម និង​គណៈកម្មាធិកា​រវិ​ទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​ទីក្រុង​សៀង​ហៃ នឹង​ជួយ​ដល់​ការជំរុញ​អភិវឌ្ឍន៍​លើ​កិច្ចការ​ស្រាវជ្រាវ​រួមគ្នា​ថ្មីៗ រវាង​អ្នកស្រាវជ្រាវ​កម្ពុជា​-​ចិន​

spot_img

​ភ្នំពេញ​៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​គណៈកម្មាធិកា​រវិ​ទ្យា​សាស្ត្រ និង​បច្ចេកវិទ្យា​ទីក្រុង​សៀង​ហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន បានធ្វើ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ស្តីអំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​បាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ ONLINE ពី​ចម្ងាយ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២០​។
​ហត្ថលេខី​លើ​អនុស្សរណៈ​យោគយល់​នេះ គឺ​រវាង​ឯកឧត្តម​កិ​តិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ភាគី​ចិន​សៀង​ហៃ តំណាង​ដោយ ឯកឧត្តម ZHANG QUAN, អគ្គនាយក​គ្រប់គ្រង គណៈកម្មាធិការ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ទីក្រុង​សៀង​ហៃ​។​

​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ បង្ហាញឱ្យឃើញ​កាន់តែច្បាស់​នូវ​ការអនុវត្ត​តាម​មាគ៌ា និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ស្វាគមន៍ និង​បាន​បញ្ជាក់ថា​៖ អនុស្សរណៈ​យោគយល់​លើ​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កម្ពុជា​-​ចិន (​សៀង​ហៃ​) នេះ នឹង​ជួយ​ដល់​ការជំរុញ​អភិវឌ្ឍន៍​លើ​កិច្ចការ​ស្រាវជ្រាវ​រួមគ្នា​ថ្មីៗ រវាង​អ្នកស្រាវជ្រាវ​កម្ពុជា​-​ចិន ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ការផ្លាស់ប្តូរ​បច្ចេកទេស និង​បច្ចេកវិទ្យា របកគំហើញ​ថ្មីៗ រួមទាំង​ការសហការ​អនុវត្ត​គម្រោង​ថ្មីៗ​។ អនុស្សរណៈ​យោគយល់​នេះ នឹង​បង្កើន​នូវ​ឱកាស​សហការ​រួមគ្នា​ក្នុង​អនុវត្ត​គម្រោង​ពាក់ព័ន្ធ​ទៅនឹង​ចំណុច​អាទិភាព​ដូចជា​ការបណ្តុះបណ្តាល​ស​ម​ត្ថ​ភាព​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កសិកម្ម និង​ការកែច្នៃ​កសិផល អនាម័យ និង​សុខភាព បរិស្ថាន ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ ជាពិសេស ការត្រៀម​រៀបចំ​គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើតឱ្យមាន​ជា​សាខា​ធនាគារ​បច្ចេកវិទ្យា​បៃតង​នៅ​កម្ពុជា​។

​ឯកឧត្តម​ទេសរ​ដ្ធ​មន្ត្រី​ប​ពោ្ជ​ក់ថា ការបង្កើតឱ្យមាន​ជា​សាខា​ធនាគារ​បច្ចេកវិទ្យា​បៃតង​នៅ​កម្ពុជា​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​ដ៏​ល្អ ស្របតាម​ផែនការ​អភិវឌ្ឍ​ប្រទេស​ចិន ហើយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​កៀរគរ ចាត់ចែង និង​សម្របសម្រួល​ដល់​ការប្រើប្រាស់​មូលនិធិ ឬ​ឥណទាន​បៃតង គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​វិនិយោគ​បៃតង​ខ្នាត​ធំ ដូចជា​ការវិនិយោគ​លើ​គម្រោង​វា​រី​អគ្គីសនី ថាមពលព្រះអាទិត្យ គម្រោង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​ផលប៉ះពាល់​បរិស្ថាន ពិសេស​ជួយ​ដល់​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ល​ក្ខ​ណៈ​អន្តរជាតិ ដូចជា​កិច្ចសហប្រតិបត្តិការ​ផ្លូវ និង​ខ្សែក្រវាត់ កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង រួមជាមួយ​ការចូលរួម​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០​។​

​ស្ថិតក្នុង​ឱកាស​ដ៏​វិសេស​នេះ ភាគី​ចិន សៀង​ហៃ​ក៏បាន​ថ្លែងអំណរគុណ​ដល់ កម្ពុជា ចំពោះ​ការ​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យូរអង្វែង និង​ជា​មិត្តភាព ហើយ​បាន​គូសបញ្ជាក់​អំពី​ការប្តេជ្ញា​ចូលរួម​ជំរុញ​នូវ​ការអនុវត្ត​អនុស្សរណៈ​យោគយល់​នេះ ឱ្យ​លេចចេញ​ជា​រូបរាង និង​លទ្ធផល ក្នុងពេល​ខាងមុខ​។​អនុលោម​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​គោលដៅ​សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ (២០១៩-២០២៣) គាំទ្រ​ដោយ​ការជំរុញ​អនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា (២០១៦-២០៣០) និង​រួមចំណែក​ព​ន្លឿ​ន​ការសម្រេចបាន​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម (២០១៥-២០២៥) ក្នុង​គោលដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ប្រកបដោយ​ភាពស៊ីសង្វាក់ កាត់បន្ថយ​គម្លាត​ការអភិវឌ្ឍន៍ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា ប្រកបដោយ​ភាព​រីកចម្រើន តម្លាភាព និង​ភាពថ្លៃថ្នូរ ការខិតខំ​អភិវឌ្ឍន៍ និង​លើកទឹកចិត្ត វិនិយោគ​ទៅលើ​វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ពិតជា​មាន​សារសំខាន់​បំផុត​សម្រាប់​កម្ពុជា​ស្របតាម​សម័យកាល​បច្ចេកវិទ្យា​ថ្មី ដែល​សកលលោក​បាន​ប្រសិទ្ធ​នាម​ថា បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ។ ការអភិវឌ្ឍន៍​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ អាច​រីកចម្រើន​ទៅ​លឿន​បាន ក៏​អាស្រ័យទៅលើ​កត្តា​ផ្សេងៗ​ជាច្រើន ក្នុងនោះ​កិច្ចសហប្រតិបត្តិការ​ជាតិ និង​អន្តរជាតិ​គឺជា​កត្តា​លី​ករ​ដ៏​សំខាន់​និង​ចាំបាច់​ផងដែរ​។ អនុស្សរណៈ​យោគយល់​នេះ ក៏បាន​បង្ហាញ​នូវ​សមិទ្ធិផល​ថ្មី​មួយ​របស់ កម្ពុជា ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល និង​អនុសាសន៍​ដ៏​វិសេសវិសាល​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការបន្ត​ខិតខំ​ធ្វើកំណែទម្រង់​ខាងក្នុង និង​ការស្វាគមន៍​នូវ​កិច្ចសហប្រតិបត្តិការ​ខាងក្រៅ​របស់​កម្ពុជា ហើយ​ជា​ឆន្ទៈ​ដ៏​មោះមុត លក្ខណៈ​ជា​យុទ្ធសាស្ត្រ បែប​វិទ្យាសាស្ត្រ​ដ៏​ត្រឹមត្រូវ​ក្នុង​កិច្ចដំណើរការ​ស្វែងរក​សន្តិភាព និង​វឌ្ឍនៈភាព​ជូន​ទឹកដី​សុវណ្ណ​ភូមិ​របស់​កម្ពុជា និង​ការបង្កើន​ភាតរ​ភាពជា​មួយ​បណ្តា​ប្រទេស​នានា​។​

​ក្នុងន័យនេះ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​បន្ត​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​ជា​អាទិភាព លើ​ការជំរុញ​អភិវឌ្ឍន៍​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ គាំទ្រ​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម សហគ្រិនភាព និង​ការអភិវឌ្ឍន៍​បៃតង ក៏ដូចជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×