Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖ សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីកចម្រើន តម្រូវការ​ការងារ​មាន​ជា​បន្តបន្ទាប់ ដែល​ទាមទារ​ឲ្យមាន​ធនធានមនុស្ស​កាន់តែ​ច្រើន​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា នៅពេលដែល​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីកចម្រើន តម្រូវការ​ការងារ របស់​យើង កាន់​មាន​ជា​បន្តបន្ទាប់ ដែល​ទាមទារ​ឲ្យមាន​ធនធានមនុស្ស​កាន់តែ​ច្រើន​។ បច្ចុប្បន្ន​កម្ពុជា​យើង​បាន​ប្រើប្រាស់​ធនធាន​មនុស្ស​ពី​ខាងក្រៅ​លើ​ផ្នែក​ការសាងសង់​សំណង់ផ្សេៗ ដោយសារ​តែ​យើង​នៅ​ខ្វះ​ធនធាន​ក្នុង​ស្រុក​។ ដូច្នេះ​យើង​ត្រូវតែ​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​អោយ​ខ្លាំងក្លា​ថែម​ទៀត​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​វេ​ស្ទើ​ន បាន​មានប្រសាសន៍ថា សិស្ស​រៀន​កាន់តែ​ពូកែ គឺ​មាន​ការបង់ប្រាក់​កាន់តែ​តិច នេះ​គឺជា​អ្វីដែល​រាជរដ្ឋាភិបាល​ចង់បាន​បំផុត ដើម្បី​ចូលរួម ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ពង្រឹងគុណភាព​សិក្សា ហើយ​គុណភាព​សិក្សា​គឺជា​បញ្ហា​មួយ​ដែល​សាកលវិទ្យាល័យ​នីមួយៗ​ត្រូវតែ​គិតគូរ ដើម្បី​អោយ​ធន​ធា​មនុស្ស​របស់​យើង​កាន់តែ​មាន​ភាពរឹងមាំ​ថែម​ទៀត​នាពេលខាងមុខ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​កត់សម្គាល់​ថា ពេលដែល​ចូល​ដល់​មហាវិទ្យាល័យ​ចំនួន​និស្សិត​ស្រី​មាន​ការថយចុះ ដែល​កត្តា​ទាំងនេះហើយ​គឺ​ទាមទារ​ឲ្យមាន​ការសិក្សា​ស្រាវជ្រាវ និង​ពិភាក្សា​រវាង​ក្រសួង​អប់រំ​យុវជន និង​កីឡា​នឹង​អាណាព្យាបាល​ក្នុង​ការស្វែងរក​ដំណោះស្រាយ និង​ដើម្បី​ជំរុញ​និស្សិត ដែល​ជា​ស្ត្រី​ទទួលបាន​ការបណ្តុះបណ្តាល​លើ​វិស័យ​អប់រំ​នេះ​អោយបាន​ច្រើន​បន្ថែមទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ថា ជានិច្ចកាល​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ចំពោះ​វិស័យ​អប់រំ​នៅ​កម្ពុជា​ក្នុង​ការបណ្តុះបណ្តាល​ធន​ធាន​មនុស្ស​អោយមាន​សមត្ថភាព​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ប្រទេស​ឲ្យមាន​ការរីកចម្រើន​។ ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល បាន​ខិតខំ​កសាង​សាលារៀន ជាច្រើន​តាម​បណ្តា​ជនបទ​នានា ហើយ​យើង​ក៏​បាន​កំណត់​ថា ក្នុង​ឃុំ​មួយ យ៉ាងហោចណាស់​ក៏​ត្រូវមាន​អនុវិទ្យាល័យ​១ ផងដែរ​ដើម្បី​ធ្វើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​យើង​អោយ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើង​។ ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ចាំបាច់​នានា​ដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​សំរាប់​ជំរុញ​ភាព​លូតលាស់​នៃ​សេដ្ឋកិច្ច​កម្ពុជា និង​ធ្វើអោយ​ការរស់នៅ​របស់​ប្រជា​ល​រដ្ឋ​កាន់តែ​មាន​ភាព​ល្អប្រសើរ​។​

​កម្ពុជា​បាន​នឹង​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែលជា គោលនយោបាយ​មួយ​ក្នុង​ការជំរុញ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​អោយមាន​សន្ទុះ​ទៅមុខ ដូចជា​វិស័យ ឧស្សាហកម្ម​កាត់​ដែរ ឧស្សាហកម្ម​កសិកម្ម និង​ឧស្សា​ហម្ម​ទេ​ចរណ៍​ជាដើម ដែល​វិស័យ​ទាំងអស់នេះ នាពេល​បច្ចុប្បន្ន​បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា។​

​សម្តេច​តេជោ បាន​បន្ថែមថា “​ទាក់ទង​នឹង​ប​បញ្ហា​ចរាចរណ៍ នឹង​ការកាត់ត​ទ្រុង​ឡាន​ខុស​បច្ចេកទេស​កាលពី​ប៉ុន្មាន​ថ្ងៃនេះ គឺ​មាន​ឡាន​ជាច្រើន​រយ​គ្រឿង​ត្រូវបាន​កាត់​ទ្រុង​ចេញ ។ ឡាន​ត​ទ្រុង​ខុស​បច្ចេកទេស​ទាំងនេះ គឺ​មាន​រាប់ពាន់​គ្រឿង​។ សម្តេច​តេជោ បានកត់សម្គាល់​ឃើញ​ថា នៅពេល​ដែល​សម្តេច​បាន​ដាក់ចេញ​នូវ​បទបញ្ជា គឺ​ឃើញ​មន្ត្រី​បាន​ចាត់វិធានការ​ធ្វើ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍សង្ក​ត់​ធ្ងន់​ថា​ជា​ថ្មី​ម្តងទៀត តើ​មន្ត្រី​យើង​អនុវត្ត​ច្បាប់ ឬ​អនុវត្ត​បទបញ្ជា​? មន្ត្រី និង​អាជ្ញាធម៌​ពាក់ព័ន្ឋ​ទាំងអស់ ត្រូវតែ​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ឲ្យបាន​ល្អ​ជា​ប្រចាំ មិនមែន​ធ្វើ​តែ​ក្នុង​ពេល​នាយក​រដ្ឋមន្ត្រី​ចេញ​បទបញ្ជា​ទេ​”​។​

​សម្តេច​តេជោ ថ្លែងថា “​សិស្ស និស្សិត​នៅ​ទូទាំង​ប្រទេស ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​យើង​ផ្ទាល់​ក្នុង​ការសិក្សា ។ មិន​ប្រាកដ​ថា​កូនចៅ​ដែល​កើត​ក្នុង​ត្រកូល​អ្នក​មានទ្រព្យ គឺ​សុទ្ធតែ​រៀន​ពូកែ​ជាង​កូនអ្នកក្រ​នោះទេ​។​

​ពិតណាស់ ការសិក្សា​រៀនសូត្រ​គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ពឹង​លើ​សមត្ថភាព​ផ្ទាល់ខ្លួន​។ “​រៀន​ទើប​ចេះ​” ហើយ​ច្បាស់​ណាស់ គឺ​យើង​អាច​កាត់បន្ថយ​គម្លាត​ខួរក្បាល​បាន បើ​ក្មួយៗ​និង​ចៅៗ​ខិតខំ​ប្រឹងប្រែង​ព្យាយាម​សិក្សា​រៀនសូត្រ​។ ប៉ុន្តែ​យើង​មិន​អាច​កាត់បន្ថយ​គម្លាត​ទ្រព្យសម្បត្តិ​បានទេ ប្រសិនបើ​យើង​មិន​ខិតខំ​ប្រឹងប្រែង​ធ្វើការ ឬ​ខិតខំ​ប្រកប​ការងារ​”​។​

​សម្តេច​តេជោ បញ្ជាក់ថា ថ្ងៃទី​១៤ កុម្ភ ស្អែក​នេះ គឺជា​ថ្ងៃ​នៃ​ក្តីស្រឡាញ់ គឺ​មានន័យថា ស្រឡាញ់​ប្រទេសជាតិ ស្រឡាញ់​ក្រុមគ្រួសារ ស្រឡាញ់​ជីដូន​ជីតា ស្រឡាញ់​ឪពុកម្តាយ ស្រឡាញ់​បងប្អូន ស្រឡាញ់​មិត្ត​ភ័ក្តិ សុំ​កូន​ក្មួយ​កុំ​ប្រគល់​ខ្លួន​ឲ្យ​បុរស​ណា​ទាំងអស់​។​

​សូម​កូន​ក្មួយ​បាន​ជួបជុំ​សប្បាយរីករាយ​ជាមួយ​ក្រុម​គ្រួសារ និង​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត​គ្រប់ៗ​គ្នា​កុំបី​ខាន​។​ ​នៅក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ដែល​នឹង​មក​ដល់​ខាង​មុខ​នេះ (១៥ កុម្ភៈ​) សូម​បងប្អូន​ប្រជាពលរដ្ឋ កុំអោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​អោយសោះ ទោះ​បី​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ទាំង​នៅក្នុង​ទីក្រុង នឹង​នៅ​តាម​បណ្តា​ខេត្ត​នានា​។ ទន្ទឹមនឹងនេះ សូម​បងប្អូន​ចូលរួម​ទប់ស្កាត់ កុំអោយ​មាន​អគ្គីភ័យ​ឆេះ​ផ្ទះ​អោយសោះ គឺ​ត្រូវ​ពន្លត់​ភ្លើងទៀន ធូប ក្រោយ​ពេល​ចប់​ពិធី​សែន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×