Friday, September 17, 2021

​មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ លួច​រក្សាទុក​គ្រឿងញៀន​ចំនួន ២ ដុំ​មាន​ទម្ងន់​២​គីឡូក្រាម ដែល​បាន​ដកចេញ ក្នុងចំណោម​គ្រឿងញៀន ៤២ ដុំ​

​ស្ទឹងត្រែង​៖ មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន ២ គីឡូក្រាម នៅ​ចំណុច​អាហា​រដ្ឋា​ន​ម្លប់​ត្នោត ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលា​ម៉ោង​៩ យប់​ថ្ងៃទី ៣០ ខែតុលា​ឆ្នាំ ២០២០​។​

​សូម​រំលឹកថា កន្លងទៅ​ថ្មីៗ​នេះ ត្រូវគេ​រាយការណ៍​ថា​យោធា​ម្នាក់ ល្បាត​នៅ​តំបន់​ព្រំដែន​កម្ពុជា​ឡាវ ក្បែរ​បន្ទាយ​របស់ខ្លួន ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​

​យោធា​ដើរល្បាត​បាន​ប្រទះឃើញ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ដឹក​គ្រឿងញៀន​ចំនួន​២​កា​រ៉ុង ស្មើនឹង​៤២​កញ្ចប់ កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០២០​។ ពេលនោះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដួល ហើយ​ទុកចោល​រួច​គេចខ្លួន​អ្នកឃើញ​ម៉ូតូ និង​កា​រ៉ុង​ច្រក​ថ្នាំញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ បន្ទាប់មក​គាត់​រាយការណ៍​ជូន​ថ្នាក់លើ​ចំនួន ៤២​ដុំ និង​ម៉ូតូ​មួយគ្រឿង​។​
ក្រោយមកទៀត​គ្រឿងញៀន​ទាំងអស់នោះ ក៏បាន​ប្រគល់​ឲ្យ​ទៅ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​ចូលរួម​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ផង​។​

​ពេលនោះ​សមត្ថកិច្ច​បានបញ្ជាក់​ថា គ្រឿងញៀន​ចំនួន ៤២ កញ្ចប់​មាន​ទម្ងន់​ប្រមាណ​ជាង ៤១​គីឡូក្រាម ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់ ។ ក្រោយពេល​មាន​ករណី​ខាងលើ​កើតឡើង សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន ចំនួន​២​កញ្ចប់​ធំ​ប្រភេទ​កេ​ត​តា​មីន​ទំនងជា​សុទ្ធ​។ រីឯ​ជនសង្ស័យ​ខាងលើនេះ គឺជា​មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដែល​បានដឹង​ហេតុការណ៍​គ្រឿងញៀន​មុនគេ​។​

​លោក​ចែម ផានិត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ប្រតិបត្តិការ បង្ក្រាប​ឃាត់ខ្លួន​មេខ្លោង​ជួញដូរ​ថ្នាំញៀន​ម្នាក់ និង​ថ្នាំ​ចំនួន ២​កញ្ចប់​ធំ ប្រភេទ​កេ​ត​មីន​។​

​ជនសង្ស័យ​គឺជា​មេបញ្ជាការរង​យោធា​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ឈ្មោះ​អ៊ុក ដំកើង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ បាន​រក្សាទុក​គ្រឿងញៀន​ចំនួន ២ ដុំ​មាន​ទម្ងន់​២​គីឡូក្រាម ដែល​បាន​ដកចេញ​ក្នុងចំណោម​គ្រឿងញៀន ៤២ ដុំ​។ សរុបមក​កម្លាំងយោធា​ល្បាត រើស​បាន​ថ្នាំញៀន​៤២​កញ្ចក់​ធំ ហើយ​បានប្រគល់​ទៅ​ឲ្យ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កន្លងមក បែរជា​មេបញ្ជាការរង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ លាក់ទុក​ចំនួន ២​កញ្ចប់​ធំ ស្វែងរក​ទីផ្សារងងឹត​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​ឃាត់ខ្លួន​តែម្ដង​៕​ដោយ​៖​សុខុម​