Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ និង​អង្គការ OXFAM ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ទទួល​ជំនួយ​ឧបត្ថម្ភ​សម្រាប់​រៀបចំ​យន្តការ​ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ អង្គការ OXFAM ទទួល​ជំនួយ​ឧបត្ថម្ភ​សម្រាប់​រៀបចំ​យន្តការ​ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។​

​អង្គការ OXFAM បានប្រកាសថា អង្គការ​អុក​ស្វា​ម​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ជាមួយនិង​ក្រសួងយុត្តិធម៌​ដើម្បី​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម របស់​ក្រសួង​ក្នុងការ​រៀបចំ​យន្តការ ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​។ អុក​ស្វា​ម​មាន​ជំនឿ​ជាក់​ថា​យន្តការ​នេះ និង​ជួយ​សំរួល​ដល់​ការដោះស្រាយ​វិវាទ​មួយចំនួន​ដែល​ទាក់ទង​និង​ដីធ្លី ធនធានធម្មជាតិ អំពើហិង្សា​ក្នុង​គ្រួសារ​និង​បណ្តឹងរដ្ឋប្បវេណី​ប្រកបដោយ​យុត្តិធម៌ និង​តម្លាភាព​សម្រាប់​ជនរងគ្រោះ​។ យន្តការ​នេះ​ក៏​និង​ជួយ​ឲ្យ​អុក​ស្វា​ម​អាច​បន្ត​ការ​ខិត​ប្រឹងប្រែង​របស់ខ្លួន ដើម្បី​ជួយ​គាំទ្រ​ដល់​សហគមន៍​នៅ​ទូទាំងប្រទេស​កម្ពុជា​ដែល​រួមមាន កសិករ​ខ្នាតតូច សហគមន៍​ដែល​អាស្រ័យ​ផល​លើ​ធនធានធម្មជាតិ សហគ្រាស​ខ្នាតតូច ស្ត្រី​និង​ជនជាតិដើម​ភាគតិច​ជាដើម ដើម្បីអោយ​សហគមន៍​ទាំងនោះ អាច​ទទួលបាន​សិទ្ធិ​គ្រប់គ្រាន់​នៅពេល​ដែលមាន​វិវាទ​ណាមួយ​កើតឡើង ជុំវិញ​ការកាន់កាប់​ដីធ្លី​និង​អាស្រ័យ​ផល​ពី​ធនធានធម្មជាតិ​។

​ចាប់តាំងពី​ឆ្នាំ​២០១៣ អុក​ស្វា​ម​ក្រោម​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប​បាន​បង្កើត​វេទិកា សម្រាប់​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​សហគមន៍​ជនបទ ឲ្យ​មានឱកាស​ទាក់ទង​ជាមួយនឹង​អាជ្ញាធរ មូលដ្ឋាន​និង​ខេត្ត តាមរយៈ​ការជួយ​ពង្រឹងសមត្ថភាព​របស់​ភាគី​ពាក់ព័ន្ធ ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។ តាមរយៈ​គម្រោង​នេះ​យើង​បាន​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ជាង​១៥​ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​ការងារ​អភិបាលកិច្ច​ដីធ្លី ធនធានធម្មជាតិ​និង​ជលផល​។

​អង្ក​ការ​អុក​ស្វា​ម​សង្ឃឹមថា កិច្ចសហការ​ជាមួយ​ក្រសួងយុត្តិធម៌ និង​ផ្តល់ឱកាស​ឲ្យ​យើង​ចែករំលែក​ធាតុ​ចូល​ផ្នែក​បច្ចេកទេស និង​ផ្តល់​ការសម្របសម្រួល​សម្រាប់​ការចូលរួម និង​ការផ្តល់​ប្រឹក្សា​ដ៏​សំខាន់​ពី​សំណាក់​សង្គម​ស៊ីវិល ដើម្បី​ធានា​ឲ្យ​បាន​ថា​តម្រូវការ​និង​កង្វល់​របស់​ប្រជាពលរដ្ឋ ត្រូវបាន​រាប់បញ្ចូល​ទៅក្នុង​ដំណើរការ នៃ​ការអភិវឌ្ឍ​គោលនយោបាយ ស្តីពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។​

​យើង​សង្ឃឹមថា គោលនយោបាយ​ស្តីពី​ការដោះស្រាយ​វិវាទ ក្រៅ​ប្រព័ន្ធតុលាការ និង​ត្រូវ​ពង្រីក​វិសាលភាព​របស់ខ្លួន កាន់តែ​ទូលំទូលាយ​ទូទាំងប្រទេស​កម្ពុជា ដើម្បី​ជួយ​គាំទ្រ​សហគមន៍​ដែលមាន​វិវាទ​ជុំវិញ កម្មសិទ្ធិ​គ្រប់គ្រង​ដីធ្លី​និង​ធនធានធម្មជាតិ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×