Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល ៣​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធី​គ្រង​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​ពិធី​បុណ្យអុំទូក ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​គ្រង​ព្រះ​បរម​រាជសម្បត្តិ​របស់​ព្រះមហាក្សត្រ និង​រយៈពេល​ថ្ងៃ​២ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក មាន​ភ្ញៀវទេសចរ​ជាង ៤១​ម៉ឺន​នាក់ ដើរលេង​កម្សាន្ដ​នៅ​ទូទាំងប្រទេស​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ គឺ​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ផ្ទៃក្នុង ដែល​រួមមាន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ដែល​បាន​ដើរ​កម្សាន្ត សរុប​មាន​៤១៨,០៨៩​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន​៤១៨,០៩៦​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៥,៩៩៣​នាក់​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី បាន​បន្ដទៀតថា គោលដៅ​ទេសចរណ៍​សំខាន់ៗ មួយចំនួន​មាន​៖ ខេត្តសៀមរាប​៖ ១១១,១១១​នាក់​
ខេត្តកំពត​៖ ៤៩,៤៦០​នាក់ ខេត្ត​ព្រះសីហនុ​៖ ៣៨,៦៣៧​នាក់ ខេត្តកណ្តាល​៖ ២៩,៥៤០​នាក់ ខេត្ត​កែប​៖ ២៣,១២៨​នាក់ ខេត្តកំពង់ស្ពឺ​៖ ២០,៧៧៥​នាក់ ខេត្តមណ្ឌលគិរី​៖ ១៧,២២៩​នាក់ ខេត្តកោះកុង​៖ ១៥,៨៨៧​នាក់​។​

​ដោយឡែក​ក្រៅពី​ចំនួន​ជាង​៤១ ម៉ឺន​នាក់​ខាងលើ តាម​ការវាយតម្លៃ​រប​ស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៣០ ម៉ឺន​នាក់​ផ្សេងទៀត ដែល​បាន​ដើរ​កម្សាន្ត​នៅ​គោលដៅ​សំខាន់ៗ ពិសេស​នៅ​តំបន់​កោះ​ពេជ្រ ទស្សនា​កាំជ្រួច​នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង តំបន់​កម្សាន្ត​ជ្រោយចង្វារ និង​តំបន់​វិមាន ឈ្នះ ឈ្នះ នា​រយៈពេល​២​ថ្ងៃ​កន្លងមក នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​។​

​ជាការ​កត់សម្គាល់ ដោយ​ពុំ​មានការ​ប្រារព្ធ​ពិធី​អុំទូក​ផ្លូវការ នៅ​រាជធានី​ភ្នំពេញ ហើយ​តាម​បណ្តា​ខេត្ត ក៏​មិនមាន​ការរៀបចំ​ពិធីបុណ្យ​អុំទូក​ដូច​រាល់​ឆ្នាំ និង​អាស្រ័យ​ដោយ​បញ្ហា​ទឹកជំនន់ ចំនួន​ភ្ញៀវទេសចរ​ផ្ទែ​ក្នុង មានការ​ថយចុះ​ធៀប​ឆ្នាំមុន​។ បញ្ហា​ទឹកជំនន់ ក៏បាន​ធ្វើឱ្យ​ការដើរ​កម្សាន្ត ទៅ​គោលដៅ​ទេសចរណ៍ មួយចំនួន មានការ​លំបាក ដូច​នៅ​តំបន់​ពាយព្យ (​រួមមាន​ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និង​ពោធិ៍សាត់​) ទទួលបាន​ភ្ញៀវ​ត្រឹម​ប្រមា​២៦,៤២៦​នាក់ ខណៈដែល​តំបន់ឆ្នេរ​សមុទ្រ​ដែល​ធ្លាប់មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន ក៏​ទទួលភ្ញៀវ​បានត្រឹមតែ​ប្រមាណ​១២៧,១១២​នាក់​។​

​ប៉ុន្តែ​ទោះយ៉ាងណា ខេត្តសៀមរាប នៅតែ​ជា​គោលដៅ​ពេញនិយម ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​បាន ១១១,១១១​នាក់ ដែល​ភាគច្រើន បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន និង​សហគមន៍​នានា ក្នុង​ខេត្ត​ដូចជា តំបន់​ប្រាសាទអង្គរវត្ត ឧទ្យាន​ជាតិ​ភ្នំ​គូលែន សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ សហគមន៍​ត្រាវ​កុដិ សហគមន៍​បឹង​ឈូក​បន្ទាយស្រី រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា​ជាដើម​។​

​បើតាម​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ពាក់ព័ន្ធ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្រសួងទេសចរណ៍ បាន​ដាក់ចេញ​សារាចរ​ណែនាំ​មួយ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០ ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត និង​គ្រប់​គោលដៅ​ទេសចរណ៍​ទាំងអស់ ពង្រឹង​ការ​អនុវត្តតាម​ប្រសាសន៍​ក្រើនរំលឹក របស់​សម្តេច​តេ​ជោ ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​ត្រូវ​សហការ​យ៉ាង​ជិតស្និត​ជាមួយ គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×