Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ៖ ថ្ងៃ​១០ វិច្ឆិកា ២០២០​ខាងមុខនេះ ជា​ខួប​លើក​ទី​៤៤​ឆ្នាំ នៃ​ការស្លាប់​យ៉ាង​វេទនា របស់​កូនប្រុស​ច្បង​របស់ខ្ញុំ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​នៅលើ​ផឹក​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃ​ចន្ទ​២​វិច្ឆិកា​នេះ​ថា​៖ ថ្ងៃ​១០ វិច្ឆិកា ២០២០​ខាងមុខនេះ​ជា​ខួប​លើក​ទី​៤៤​ឆ្នាំ នៃ​ការស្លាប់​យ៉ាង​វេទនា​របស់​កូនប្រុស​ច្បង​របស់ខ្ញុំ​(១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២០)​។ លើក​នេះ​ខ្ញុំ​ចង់​រៀបរាប់​នូវ​ដំណើររឿង​ទាក់ទង​នឹង​ការស្លាប់​របស់​កូន​ខ្ញុំ​។

​សម្តេច​បាន​ថ្លែងថា ខ្ញុំ និង​ភរិយា បាន​រៀបការ​នៅ​ថ្ងៃ​៥ មករា ១៩៧៦ ពិតមែនតែ​ក្រោយ​រៀបការ​ប្តី​ប្រពន្ធ​យើង​មិនបាន​រស់នៅ​ជាមួយគ្នា​ដោយសារ​ពួក​អង្គ​ការយក​ភរិយា​ខ្ញុំ​ទៅ​លត់​ដំ​ឱ្យ​លើក​ប្រព័ន្ធ​ភ្លឺស្រែ ប៉ុន្តែ​ខ្ញុំ​តែងតែ​ខិតខំ​រក​ពេល​ទៅ​ជួប​ភរិយា​ខ្ញុំ​។ ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ​១៩៧៦ ភរិយា​ខ្ញុំ​ចាប់​មាន​ផ្ទៃពោះ​ហើយ​ធ្វើឱ្យ​នាង​ចាញ់កូន​យ៉ាងខ្លាំង​។ ទោះ​មាន​ផ្ទៃពោះ និង​ចាញ់កូន​ក៏​ភរិយា​ខ្ញុំ​នៅតែ​ខិតខំ​ធ្វើការ​យ៉ាង​លំបាក​តាម​ការចាត់តាំង​របស់​អង្គការ​ស៊ី​អត់​ស៊ី​ឃ្លាន​ដូច​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ផ្សេងទៀត​ដែរ​។ ប្តី​ប្រពន្ធ​យើង​ពិតជា​កំសត់ យើង​មិនដែល​បានរស់នៅ​ជាមួយគ្នា​លើស​ពីមួយ​សប្តាហ៍​ឡើយ ខ្ញុំ​តែង​ស្រក់​ទឹកភ្នែក​អាណិត​ប្រពន្ធ​ពេល​នាង​ចាញ់កូន និង​មាន​ជម្ងឺ​ដោយសារ​ធ្វើការ​ធ្ងន់​ហួសកម្លាំង​។
​ក្នុង​ខែតុលា ១៩៧៦ ខ្ញុំ​បាន​សុំ​អង្គ​ការយក​ភរិយា​ខ្ញុំ​ទៅ​ទីបញ្ជាការ​កងវរសេនាធំ​ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់​(​ពេល​នោះគេ​បង្កើតជា​ស្រុក​ត្រ​មូង​)​មុន​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ​។ យុទ្ធ​មិត្ត​ក្នុង​អង្គភាព​ក៏ដូចជា​ប្រជាជន​នៅ​ភូមិ​កោះ​ថ្ម និង​ភូមិ​ក្តុល​បានផ្តល់​មតិ​មក​ខ្ញុំ​ថា ទុក​ភរិយា​ខ្ញុំ​ឱ្យ​ឆ្លងទន្លេ​នៅក្នុង​អង្គភាព​ដោយ​ឆ្មប​បុរាណ​។​

ដោយសារ​ការព្រួយបារម្ភ​អំពី​ការឆ្លង​ទន្លេ​កូន​ដំបូង​ហើយ​ដែល​អាច​ឈានដល់​ការវះកាត់​ខ្ញុំ និង​ភរិយា​បាន​ពិភាក្សាគ្នា​ហើយ​សម្រេច​ថា​ត្រូវ​ឆ្លងទន្លេ​នៅ​មន្ទីរពេទ្យ​សុ​វត្តិភាព​ជាង​។ ចុងខែ​តុលា ១៩៧៦ ខ្ញុំ​បាន​បញ្ជូន​ភរិយា​ខ្ញុំ មកកាន់​មន្ទីរពេទ្យ​តំបន់​ដែលមាន​ទីតាំង នៅ​ស្រុក​មេមត់​(​ពេលនេះ​ជា​វិទ្យាល័យ​មេមត់​)​។ នៅ​មន្ទីរពេទ្យ មាន​គ្រូពេទ្យ​ស្ត្រី​ម្នាក់​ជា​ពេទ្យឆ្មប​ដែល​ធ្លា​ប់រៀន​ពេទ្យ​ជាមួយ​ភរិយា​ខ្ញុំ ដែលជា​ពេទ្យឆ្មប​ដូចគ្នា​។ ឯ​ប្រធាន​មន្ទីរពេទ្យ​គឺជា​មនុស្ស​ល្អ​និង​រាប់អាន​ជាមួយ​ខ្ញុំ​ច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​ខ្ញុំ​មានការ​ជឿទុកចិត្ត​ទៅលើ​មន្ទីរពេទ្យ​នេះ​។ ជា​អកុសល​តាំងពី​ពេល​យក​ភរិយា​ចូល​មន្ទីរពេទ្យ​នា​ចុងខែ​តុលា ១៩៧៦ ខ្ញុំ​ពុំដែល​បាន​ទៅ​ជួប​ភរិយា​ខ្ញុំ​ទេ ដោយសារ​ជាប់​កិច្ចការ​ផង និង​ប្រធាន​យោធា​តំបន់​ដែល​មក​នៅ​អង្គភាព​ខ្ញុំ ខ្វះ​អា​ធ្យា​ស្រ័យ​ផង​ដែល​មិនអាច​សុំច្បាប់​ទៅ​មើល​ប្រពន្ធ​បាន​។​

​ដូច​ទេវតា​បានរៀបចំ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែវិច្ឆិកា ១៩៧៦ ប្រធាន​យោធា​តំបន់​បាន​ប្រាប់​ខ្ញុំ​ថា ព្រឹកស្អែក​(១០ វិច្ឆិកា​) សែន​ឯង ត្រូវធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ​ទៅ​ស្រុក​ពាមជីលាំង​(​ស្រុក​ពាមជីលាំង​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៣ ដោយ​យក​ឃុំ​ខ្លះ​នៃ​ស្រុក​ត្បូងឃ្មុំ និង​ឃុំ​ខ្លះ​នៃ​ស្រុក​ក្រូច​ឆ្នា​)​។ ខ្ញុំ​ត្រេកអរ​ខ្លាំងណាស់​ហើយ​សង្ឃឹមថា និង​បាន​ចូល​មើល​ប្រពន្ធ​នៅ​មន្ទីរពេទ្យ​ព្រោះ​ផ្លូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ ដែល​មន្ទីរពេទ្យ​នៅជាប់​និង​ផ្លូវ​ស្រាប់​។ ជាមួយនឹង​ការរីករាយ​ខ្ញុំ​ក៏មាន​ការងឿងឆ្ងល់​លើ​ប្រធាន​យោធា​តំបន់​រូបនេះ​ដោយសារ​ការធ្វើដំណើរ​ទៅ​ស្រុក​ពាមជីលាំង​គឺ​ទៅរក​នារី​១០០​នាក់​ដើម្បី​រៀបការ​ឱ្យ​យុទ្ធជន​ពិការ​ដែលជា​កិច្ចការ​របស់​ស្នងការ​នយោបាយ មិនមែន​រូបខ្ញុំ​ដែល​ទទួល​ការងារ​សេនាធិការ​នោះឡើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានលើកឡើង​ទៀតថា ខ្ញុំ​បាន​ចោទ​ចេញ​ជា​សំណួរ​ថា​តើ​គាត់​អាច​បោក​ខ្ញុំ​យកទៅ​ចាប់​នៅក្រៅ​អង្គភាព​ឬទេ​? ព្រោះ​វា​ជា​របៀប​ដែល​ពួកនេះ​ធ្លាប់​បានធ្វើ​ពីមុនមក​ក្នុង​ការចាប់​កម្មាភិបាល​យុទ្ធជន​វា​តែង​ប្រាប់ថា​ទៅ​រៀន​ឬ​ទៅ​បំពេញការងារ​ឬ​បេសកម្ម​នៅក្រៅ​អង្គភាព​។ បញ្ហាសំខាន់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលបញ្ជា​យ៉ាង​ឆាប់​នោះ គឺ​ខ្ញុំ​ចង់​ឆ្លៀត​ចូល​មើល រ៉ានី ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មេមត់ ព្រោះ​យើង​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ កាត់​តាម​មុខ​មន្ទីរពេទ្យ​នេះ​។ អាស្រ័យ​ដោយ​និស្ស័យ​ប្តី និង​ប្រពន្ធ ឪពុក និង​កូន​នៅ​យប់​ថ្ងៃ​៩ ឈានដល់​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា​ឆ្នាំ​១៩៧៦ ខ្ញុំ​ដេក​មិន​លក់​សោះ សំឡេង​សត្វ​មៀម ខ្លែងស្រាក និង​សត្វ​ផ្សេងៗ​ទៀត​បាន​យំ​ឭ​កងរំពង​ចេញពី​ដើម​ជ្រៃ​ដ៏​ធំ ដែល​នៅ​ឃ្លាត​ពី​ផ្ទះ​ខ្ញុំ​ប្រហែល​៣០​ម៉ែត្រ ធ្វើអោយ​ខ្ញុំ​ព្រឺក្បាល​។ ខ្ញុំ​មាន​អារម្មណ៍​ថា​នឹងមាន​ហេតុ​ការ​មិនល្អ​សម្រាប់​ខ្ញុំ​ហើយ ព្រោះ​តាំងពី​ធំ​ដឹងក្តី​មក ខ្ញុំ​ហាក់​មាន​អ្នក​តាម​ថែរក្សា ដែល​អាចអោយ​ខ្ញុំ​ដឹង​មុន​នូវ​ហេតុការណ៍ ដែល​នឹង​កើត​នាពេលខាងមុខ ទាំង​ល្អ ទាំង​អាក្រក់ តាមរយៈ​នៃ​ការ​យល់សប្តិ​ឬ​តាមរយៈ​សត្វ​យំ ឬ​ប្រផ្នូល​ផ្សេងៗ​ទៀត​។​ល​។ យប់នោះ​ខ្ញុំ​នឹក រ៉ានី ខ្លាំងណាស់ ហើយ​គិតថា រ៉ានី អាច​ឆ្លងទន្លេ​យប់​នេះ​។ ខ្ញុំ​ដេក​មិន​លក់​សោះ ហើយ​ក្រោយ​ម៉ោង​១២​យប់ សត្វ​មិន​គ្រាន់តែ​នៅ​ដើម​ជ្រៃ​ប៉ុណ្ណោះ​ទេ​ដែល​យំ តែ​នៅ​ដើមឈើ​ក្រៅ​បន្ទាយ​ក៏​ស្រែកយំ​គួរ​ឲ្យ​តក់ស្លុត​។ ក្រោយ​ម៉ោង​១២​យប់ ជា​ពេលដែល រ៉ានី ចាប់ផ្តើម​ឈឺពោះ​ឆ្លងទន្លេ​។ ម៉ោង​ប្រហែល​២​រំលង​អា​ធ្រា​ត​ចូលដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ខ្ញុំ​ចេញមកក្រៅ​ផ្ទះ ឃើញ​ភ្លើង​ហោះ​ចេញពី​ដើម​ជ្រៃ​ទៅ​កន្លែង​ផ្សេង និង​ពី​កន្លែង​ផ្សេង​មក​ដើម​ជ្រៃ​វិញ​។ សំឡេង សត្វ​យំ​កាន់តែ​កងរំពង​ខ្លាំង​ឡើង ហាក់​ចង់​ដាស់តឿន​ខ្ញុំ​ថា​ខ្ញុំ​នឹង​ជួប​គ្រោះ​។ ខ្ញុំ​ព្រឺក្បាល​កាន់តែខ្លាំង និង​នឹក​ទៅដល់​ភរិយា​របស់ខ្ញុំ​កាន់តែខ្លាំង​។ ខ្ញុំ​អង្គុយ​យំ​ម្នាក់ឯង​អាណិត​ខ្លួន អាណិត​ប្រពន្ធ​ដែល​ខំ​មក​តាម​ប្តី​ក្នុងពេលដែល​ប្តី​មិនអាច​ការពារ និង​ថែ​
​ទាំ​ប្រពន្ធ​បាន​រហូត​ខ្ញុំ​គិតថា​មិនគួរ​មាន​ប្រពន្ធ មានកូន​ក្នុងពេលដែល​ប្រទេសជាតិ​កំពុង​ជួបនឹង​គ្រោះថ្នាក់​បែបនេះ​ទេ​។ ខ្ញុំ​មិន​សម្រាក​ទេ និង​បន់​អោយ តែ​មេឃ​ឆាប់​ភ្លឺ​។ ខ្ញុំ​បាន​ពិនិត្យ​សម្ភារ​របស់ខ្ញុំ​ឡើងវិញ ដែល​កាំភ្លើង​ខ្ញុំ​បាន​បញ្ចូល​គ្រាប់កាំភ្លើង​ខ្លីម៉ាក K54​សម្រាប់​ក្រវ៉ាត់​នឹង​ចង្កេះ និង​កាំភ្លើងខ្លី​មួយ​ដើម​ទៀត​ម៉ាក K59 ដាក់​ក្នុង​កាបូបស្ពាយ​របស់ខ្ញុំ​។ កាំភ្លើង​ទាំង​២​ដើម​បើក​សោរ​ត្រៀមប្រយុទ្ធ​ហើយ​ស្រេច ព្រោះ​បារម្ភ​ប្រធាន​យោធា​តំបន់ បោក​ខ្ញុំ​យកទៅ ចាប់​ឬ​សម្លាប់​ក្រៅ អង្គភាព​។

​ម៉ោង​ប្រមាណ​៥ មិនទាន់​ភ្លឺ​ផង ប្រធាន​យោធា​តំបន់​បាន​ជិះ​ម៉ូតូ​មកដល់​ផ្ទះ​ខ្ញុំ ហើយ​សួរ​ខ្ញុំ​ថា តើ​រៀបចំខ្លួន​ហើយ​ឬ​នៅ យើង​ចេញដំណើរ​ទាន់ពេល​ព្រឹក​។ ខ្ញុំ​បាន​ឆ្លើយតប​ថា រួចហើយ​បង​។ ប្រធាន​យោធា​តំបន់​បាន​ប្រាប់​ខ្ញុំ​ថា សែន​ឯង​ជា​អ្នកជិះ​ម៉ូតូឌុប​ខ្ញុំ​។ ពេលនោះ​ខ្ញុំ​គិតថា​ពិតជា​មិន​ស្រួល​ហើយ ហេតុ​អី​គាត់​អោយ ខ្ញុំ​ជិះ​ម៉ូតូឌុប​គាត់​ទៅ​ទៅវិញ​? ឆ្លៀតពេល​មិនទាន់​ចេញពីផ្ទះ ខ្ញុំ​បាន​ដើរចូល​ទៅក្នុង​បន្ទប់​ដកយក​កាំភ្លើង​ចេញពី​ស្រោម​មក​សៀត​នឹង​ចង្កេះ​ឆ្វេង​វិញ​ងាយស្រួល​ប្រើ​ដៃស្តាំ​ដកចេញ​ហើយ​បាញ់​តែម្តង​។ ពេល​ជិះ​ម៉ូតូ​ចេញមក​តាមផ្លូវ​ខ្ញុំ​គិតថា​ប្រសិន​ម្នាក់នេះ​ដក​កាំភ្លើង​ភ្ជង់​ខ្ញុំ​ពីក្រោយ ខ្ញុំ​ត្រូវ​ផ្តួល​ម៉ូតូ​ភ្លាម​ដើម្បីឱ្យ​ដួល​ទាំងអស់គ្នា និង​ដើម្បី​កុំអោយ​គាត់​បាញ់​ខ្ញុំ​ពីក្រោយ​បាន​។ ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​អោយ​លឿន ព្រោះ​គាត់​ពិតជា​មិន​ហ៊ាន​បាញ់​ទេ​នៅពេល​ម៉ូតូ​នៅមាន​ល្បឿន​លឿន​។ នេះ​ជាការ​ដែល​ខ្ញុំ​គិត​ដើម្បី​ការពារ​ជីវិត​នាពេលនោះ តែ​រឿង​បែបនេះ​មិនបាន​កើតឡើង​នាពេល​នោះទេ ដូចនេះ​បានជា​ខ្ញុំ​យក​កា​រស​ន្ឋិ​ដ្ឋា​ន​មួយ​ថា​មូលហេតុ​ដែល​គាត់​ឲ្យ​ខ្ញុំ​ជិះ​ម៉ូតូឌុប​គាត់​អាច​បណ្តាលមកពី​គាត់​មិន​ទុកចិត្ត​ខ្ញុំ ខ្លាច​ខ្ញុំ​បាញ់​គាត់​ពីក្រោយ​ដូច ដែល​ខ្ញុំ​គិត​ទៅលើ​រូបគាត់​នៅ​ពីក្រោយ​ខ្ញុំ​ដែរ​។ ផ្លូវជាតិ​លេខ​៧ ពី​ឃុំ​ទ​ន្លូ​ង មក​មន្ទីរពេទ្យ​នៅ​អនុវិទ្យាល័យ​មេមត់ ទទួលរង​ការខូចខាត​យ៉ាងខ្លាំង​តាំងពី ឆ្នាំ​១៩៧០-១៩៧១ ពេលដែល​កងទ័ព​អាមេរិក និង​វៀតណាម​ខាងត្បូង បញ្ជូន​រថក្រោះ​មក​បើកបរ​លើផ្លូវ​នេះ​នៅពេលដែល​គេ​ចូល​ឈ្លានពាន​កម្ពុជា​នាពេលនោះ​។ ដូចនេះ​ទោះ​ត្រូវ​ជិះ​លឿន ក្នុង​ចម្ងាយ​ផ្លូវ​ជាង​៣០​គីឡូម៉ែត្រ យើង​ត្រូវ​ប្រើពេល​ប្រមាណ​មួយ​ម៉ោង​។ ចេញមក​ម៉ោងជាង​៥ មកដល់​មន្ទីរពេទ្យ​ម៉ោងជាង​៦​ព្រឹក​។ ពេល​ដល់​មន្ទីរពេទ្យ ខ្ញុំ​បត់​ម៉ូតូ​ចូល​មន្ទីរពេទ្យ​ប្រធាន​យោធា​តំបន់​សួរ​ខ្ញុំ​ថា ចូល​មន្ទីរពេទ្យ​ធ្វើ​អី​? ខ្ញុំ​ឆ្លើយថា​ចូល​មើល​ប្រពន្ធ​ខ្ញុំ​បន្តិច ព្រោះ​គាត់​សម្រាក​ពេទ្យ​នៅទីនេះ​។ គាត់​ថា​តែ​បន្តិច​ទេ​ណា​ប្រញាប់​ធ្វើដំណើរ​ទាន់​ព្រឹក​។ ក្រោយ​ម៉ោង​៦​ព្រឹក ភាព​តក់ស្លុត​បានកើត​ឡើង​សម្រាប់​រូបខ្ញុំ គឺ​នៅពេលដែល​ខ្ញុំ​បាន​ចូលដល់​មន្ទីរពេទ្យ មាន​ស្ត្រី​ដែល​សម្រាក​ព្យាបាល​ជាមួយ​ភរិយា​ខ្ញុំ បាន​ស្រែកប្រាប់​ខ្ញុំ​ថា ប្អូន​ប្រពន្ធ ប្អូន​ឆ្លងទន្លេ ឯ​កូន​ស្លាប់​ហើយ​។ ឯ​បងៗ​ផ្សេងទៀត​ស្រែកថា រ៉ានី ឆ្លងទន្លេ ឯ​កូន​ស្លាប់​ហើយ​។ មាន​បងស្រី​ម្នាក់​បាន​និយាយថា​រវល់​ទៅណា​មិន​មក​មើល​ប្រពន្ធ ទុក​ឲ្យ​ប្រពន្ធ​ឆ្លងទន្លេ​តែឯង​។​ល​។​
​ខ្ញុំ​ពុំ​ឆ្លើយតប​ជាមួយ​ពួកគាត់​ទេ តែ​ប្រឹង​រត់​សំដៅទៅ​បន្ទប់​សម្រាលកូន​ដែល​បិទទ្វារ​ជិត ខ្ញុំ​រុញ​ទ្វារ​បើក ឡើង​មិនឃើញ រ៉ានី ទេ​ព្រោះ​ពេទ្យ​បាន​បញ្ជូន រ៉ានី នៅ​បន្ទប់​សម្រាក​មួយ​ផ្សេងទៀត​។ និស្ស័យ​ឪពុក និង​កូន ខ្ញុំ បែរជា​សម្លឹង​ទៅ​ឃើញ​ទារ​កមួយ​ដែល​កំពុង​ហូរឈាម​ចេញ​តាម​មាត់ មាន​ស្លាកស្នាម និង​ឆ្អឹងខ្នង​ប៉ះ​នឹង​ជ្រុង​គ្រែ​បាក់ឆ្អឹង​ខ្នង និង​មាន​ប្រឡាក់​ដី​។ នោះ​គឺ​កូន​នេះ​កើតមក​ត្រូវ​ពេទ្យ​ធ្វើ​ឲ្យ​របូត​ពី​ដៃ​ធ្លាក់​ទៅលើ​ជ្រុង​គ្រែ ហើយ​ធ្លាក់​ទៅ​ដី ទើប​រើស​ពី​ដី មក​ដាក់​ចោល​លើ​គ្រែ​វិញ​។ ដោយ​ឃើញ កូន​នៅ​ហូរឈាម​តាម​មាត់​នៅឡើយ ខ្ញុំ​ប្រឹង​ស្រែក​ឲ្យ​គេ​ជួយសង្គ្រោះ​ជីវិត​កូន​ខ្ញុំ​។ អ្នកជំងឺ​ជា ស្ត្រី​៥​នាក់​បាន​ចូល​មកជួយ​មើល​ដោយ​ក្តី​អាណិត បន្តិចក្រោយមក​ប្រធាន​មន្ទីរពេទ្យ​ក៏បាន​ចូលមក​ដល់​។ គាត់​ក៏​ជា​មនុស្ស​ល្អ​ម្នាក់​បាន​សំដែង នូវ​ការសោកស្តាយ និង​សុំ​ការ​អធ្យាស្រ័យ​ជំនួស​គ្រូពេទ្យ ដែល​ធ្វើការ​ធ្វេសប្រហែស ធ្វើ​ឲ្យ​មានរឿង​សោកនាដកម្ម​នេះ​កើតឡើង​។ ខ្ញុំ​បានស្នើ​សុំ​ប្រធាន​មន្ទីរពេទ្យ​ឲ្យ​ជួយ​រក​ចបកាប់​ដើម្បី​ខ្ញុំ​យក​សាកសព​កូន​ខ្ញុំ​ទៅ​កប់​ប៉ុន្តែ​ស្រាប់តែ​ប្រធាន​យោធា​តំបន់​ស្រែក​ពី​មាត់ទ្វារ​មក​ថា មិនបាច់​យក​ខ្មោច​កូន​នេះ​ទៅ​កប់​ខ្លួនឯង​ទេ មាន​ពេទ្យ​យកទៅ​កប់​ហើយ​។ ពេល​ឃើញ​ប្រធាន​យោធា​តំបន់​មកដល់ ខ្ញុំ​ក៏បាន​ស្នើសុំ​ទៅ​គាត់ ដោយ​ពាក្យ​រាបសា​រទាំង​ទឹកភ្នែក​ថា ខ្ញុំ​សុំ​អនុញ្ញាត​ពី​បង​ដើម្បី​យកស​ពកូន​ទៅ​កប់ និង​នៅ​មើលថែ​ប្រព​ន្ទ​ខ្ញុំ ដែល​ទើប​ឆ្លងទន្លេ​។ អា​ឃោរឃៅ​មួយ​នេះ​ចាប់ផ្តើម​បញ្ចេញ​នូវ​សារជាតិ​របស់​វា​មកហើយ វា​មិន​គ្រាន់តែ​មិន​ចូលរួម​សោកស្តាយ​នូវ​ការបាត់បង់​ដ៏​ធំធេង​របស់ខ្ញុំ តែ​វា​បែរជាយក​ពេលនេះ​មក​បំបាក់ស្មារតី​ខ្ញុំ​ទៀតផង​។ ចម្លើយ​របស់​វា​មកកាន់​ខ្ញុំ​ដំបូង​វា​និយាយថា ចរិត​ពួក​អនុ​ធន​មិន​កែប្រែ​សោះ កម្មសិទ្ធិ មនោសញ្ចេតនា​ក្រាស់ មិត្តឯង​មិនមែន​គ្រូពេទ្យ​ទេ បើ​មិត្តឯង​នៅ​ក៏​អា​កូន​នេះ​មិន​រស់​ឡើងវិញ​ដែរ​។ មាន​ពេទ្យ​យក​ខ្មោច​កូន​នេះ ទៅ​កប់​ហើយ​មិនបាច់​កប់​ខ្លួនឯង​ទេ​។ ការងារ​អង្គការ​សំខាន់​ជាង​ការងារ​បុគ្គល​។ ឮ​សំដី​បែបនេះ​កំហឹង​ខ្ញុំ​ក្តៅ​រោលរាល​ពេញ​ខ្លួន តែ​ការអត់ធ្មត់​គឺជា​រឿង​ចាំបាច់ ព្រោះ​ការដឹកនាំ​ការតស៊ូ​រំដោះប្រទេស​ពី​ពួក​អង្គការ​ទើប​អស់​មនុស្ស​បែប​តិរច្ឆាន​នេះ​។ មុន​វា​ដើរ​ចេញទៅ វា​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ទៅ​ចាំ​នៅ​ខាងក្រៅ​១៥​នាទី ត្រូវ​ចេញដំណើរ​។ ប្រធាន​មន្ទីរពេទ្យ​ដែល​នៅ​ទីនោះ​ដែរ សំដែង​ការហួសចិត្ត​ផង និង​ភ័យខ្លាច​ផង ហើយ​ចូលរួម​អាណិតអាសូរ​ដល់​ខ្ញុំ​។ ជាមួយ​ទឹកភ្នែក​ដែល​ស្រ​ក់មក​មិន​ឈប់ ខ្ញុំ​បាន​ទាញយក​ក្រ​ម៉ា ពី​ករ​ខ្ញុំ​ដែល​សើម​ដោយ​ទឹកភ្នែក​របស់ខ្ញុំ​មក​រុំ​សព​កូន​របស់​ខ្ញុ​
​ំ​ហើយ​ស្នើសុំ​ប្រធាន​មន្ទីរពេទ្យ​អោយជួយ​រក​ក្រដាស់​សរសេរ​អក្សរ​ថា (​កំសត់​) ដាក់​ក្នុង​កូន​ដប ដើម្បី​យកទៅ​កប់​ជាមួយ​កូន​ខ្ញុំ​។ បំណង​របស់ខ្ញុំ​គឺ​ដាក់ឈ្មោះ​កូន​នេះ​មាន​ឈ្មោះថា “​កំសត់​”​និង​ងាយ​ចំណាំ ដោយ​យើង​មាន​អក្សរ​នៅក្នុង​ដប​បិទ​ជិត​។ ខ្ញុំ​មិន​ច្បាស់​ថា​ប្រធាន​មន្ទីរពេទ្យ ធ្វើតាម​សំណូមពរ​ខ្ញុំ ឬ​អត់​នោះទេ ព្រោះតែ​ប៉ុន្មាន​ខែក្រោយ​មក គាត់​ក៏ត្រូវ​ពួក​អង្គការ​ចាប់​យកទៅ​សម្លាប់​ដែរ​។ ដូចនេះហើយ ទើប​ខ្ញុំ​មិនដឹង​ថាស​ពកូន​របស់​ខ្ញុំ​កប់​នៅទីណា ពិតប្រាកដ​។ បន្ទាប់ពី​រុំ​សព​កូន និង​ផ្តាំផ្ញើ​ជាមួយ​ប្រធាន​មន្ទីរពេទ្យ​រួចហើយ ខ្ញុំ​ប្រញាប់​ទៅរក រ៉ានី ដែល កំពុង​អាំងភ្លើង​នៅ​បន្ទប់​មួយទៀត​។ តាមពិត រ៉ានី មិនបាន​ឃើញ​មុខ​កូន​យ៉ាងណា​នោះទេ ។ យើង​ជា​ប្តី​ប្រពន្ធ​ក្មេងៗ មើលមុខ​គ្នា​យំ​ដោយ​ការ​ស្តាយស្រណោះ ។ ខ្ញុំ​មិនមាន​ក្រ​ម៉ា​ជូត​ទឹកភ្នែក​ទៀត​ទេ ដោយសារ​ក្រ​ម៉ា​បាន​យកទៅ​រុំ​សព​កូន​ទៅហើយ​មាន​ដៃ​អាវ​ទាំងសងខាង​សម្រាប់​ជូត​ទឹកភ្នែក​ដ៏​ឈឺចាប់​នេះ​។ រ៉ានី ផ្តល់​ក្រ​ម៉ា​អោយ​ខ្ញុំ​ទាំង​ខ្លួន​នាង​នៅរ​ងារ​ញ័រញាក់ បន្ទាប់ពី​ឆ្លងទន្លេ​ទើបបាន​ប្រហែល ជាង​មួយ​ម៉ោង​។ សាកសព​កូន​មិនបាន​យកទៅ​កប់ ភរិយា​ទើប​ឆ្លងទន្លេ មិនបាន​នៅ​មើលថែទាំ តើ​ទំហំ​នៃ​ការឈឺចាប់​ប៉ុណ្ណា​? តែ​ខ្ញុំ​បាន​យកឈ្នះ​លើ​ចិត្ត​ខ្លួ​ង​ឯង ដើម្បី​ធ្វើ​ការងារ​ធំ​ជាង គឺ​រំដោះប្រជាជន កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​

​ខ្ញុំ​បន្តដំណើរ​ជាមួយ​ប្រធាន​យោធា​តំបន់​ទៅ​ឃុំ​ពាមជីលាំង ស្រុក​ពាមជីលាំង នាពេលនោះ និង​ជា​ស្រុក​ត្បូងឃ្មុំ នាពេលនេះ​។ នេះ​ជាការ​ធ្វើដំណើរ​ដោយ​បង្ខំចិត្ត ក្នុងពេលដែល​វិញ្ញាណ​ទាំងអស់​នៅ​ជាមួយ​ភរិយា​ដ៏​កំសត់ និង​ការសោកស្តាយ​ចំពោះ​កូន​ដែល​បាត់បង់​ជីវិត​ទៅ​។ យើង​បានធ្វើ​ដំណើរ និង​ធ្វើការ​នៅ​ទីនោះ​មួយ​យប់ និង​មួយ​ព្រឹក ពេល​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ពួកយើង​បានធ្វើ​ដំណើរ​ត្រឡប់មក​អង្គភាព​វិញ​។ ក្នុងពេល​ធ្វើដំណើរ ខ្ញុំ​បាន​ឆ្លៀត​ស្នើសុំ​ប្រធាន​យោធា​តំបន់​សារជាថ្មី​ម្តងទៀត ដើម្បី​បាន​នៅ​មើលថែទាំ​ភរិយា​ខ្ញុំ​។ ប៉ុន្តែ​សំណើ​ដដែល​ចម្លើយ​ក៏​ដដែល​ដែរ បន្ថែម​ដោយ​ការអប់រំ​មកលើ​ខ្ញុំ​ថា​ខ្វះ​ចរិត​ដាច់ខាត​ក្រោយពេល​មាន​ប្រពន្ធ​។ ខ្ញុំ​ខឹង​ខ្លាំងណាស់​ស្ទើរតែ​អត់ទ្រាំ​មិនបាន បំរុង​ទាញ​កាំភ្លើង​បាញ់​អា​ចង្រៃ​នេះ​នៅ​ម្តុំ​បុ​ស្ត​តា​កុក ចន្លោះ​ភូមិ​ស្អំ និង​ភូមិ​ដារ ដែល​ពេលនោះ​មាន​សុទ្ធ​តែព្រៃ​គ្មាន​មនុស្ស ស្រែ ចំការ ផ្ទះសម្បែង ដូច​ពេលនេះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​អត់ធ្មត់​បាន ដើម្បី​ដឹកនាំ​ការតស៊ូ មួយ​ដែល​ខ្លួន​បាន​ម្ចាស់​ការរៀបចំ​កម្លាំង​ជា​បណ្តាញសម្ងាត់​មួយចំនួន​រួចមកហើយ និង​ដែលមាន​មួយចំនួន​ត្រូវគេ​ចាប់ខ្លួន​រួចទៅហើយ​ដូចនេះ​ចលនា​តស៊ូ​ត្រូវតែមាន​ជា​បន្ត មិនអាច​បាត់បង់​ដោយសារ​កំហឹង​របស់ខ្ញុំ​បានឡើយ​។ ម៉ោង​ប្រហែល​៤​ល្ងាច ម៉ូតូ​មកដល់​មុខ​មន្ទីរពេទ្យ ខ្ញុំ​ឈប់​ម៉ូតូ​ដោយ​មិន​និយាយ​អ្វី​ទាំងអស់ ព្រោះ​ខ្ញុំ​ជា​អ្នកជិះ​ស្រាប់​។ ខ្ញុំ​ដើរ​ចូលទៅ​បន្ទប់​ដែល រ៉ានី សម្រាក​ពិនិត្យឃើញ រ៉ានី ហើម​មុខ ហើម​ខ្លួន បន្ទាប់ពី​ឆ្លងទន្លេ​បាន​ប្រហែល​៣៥​ម៉ោង​។ ដោយសារ រ៉ានី ជា​គ្រូ​ពេទ្យឆ្មប​ស្រាប់ នាង​បាន​ប្រាប់​ខ្ញុំ​ថា អាចមកពី​ពេទ្យ​កាយ​ទម្លាក់​សុក​មិន​អស់​។ ពួកយើង​បាន ត្រឹម​ទឹកភ្នែក តែ រ៉ានី ហាក់​រឹងប៉ឹង​ជាង​ខ្ញុំ និង​យល់​ពី​ការងារ​ដែល​ខ្ញុំ​ត្រូវធ្វើ ទោះ​ខ្ញុំ​មិនដែល​ប្រាប់​នាង​ក៏ដោយ​។ ខ្ញុំ​ចាកចេញ​ទាំង​ទឹកភ្នែក​ដោយ​ការ​អាណិត​ភរិយា និង​ពុំបាន​ទៅ​សួរ​ប្រធាន​មន្ទីរពេទ្យ​អំពី​ទីកន្លែង​ដែល​កប់​សាកសព​កូន​ខ្ញុំ​ដែរ​។ មកដល់​អង្គភាព ខ្ញុំ​បាន​យក​រឿងនេះ​ទៅ​ជម្រាប​ប្រធាន​នយោបាយ​អង្គភាព ដែល​គាត់​ជា​មនុស្ស​ចិត្តបុណ្យ​ម្នាក់ និង​មាន​អាយុ​ប្រហែល​ឪពុក​ខ្ញុំ​។ គាត់​បានអនុញ្ញាត​ឲ្យ​យក រ៉ានី ទៅ​ព្យាបាល​នៅ​អង្គភាព​។ គាត់​បាន​សំដែង​នូវ​ការហួសចិត្ត​ចំពោះ​ទង្វើ​ប្រធាន​យោធា​តំបន់​មកលើ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា​ម្នាក់នេះ​ជា​អតីត​ចោរលួច​គោ​អ្នកស្រុក​ទៅ​លក់​អោយ​វៀត​កុង នៅតាម​ព្រំដែន​កម្ពុជា វៀតណាម​។ ដល់​ប៉ូលីស​តាមរក​ចាប់​ក៏​រត់​ចូល​ព្រៃ​តស៊ូ​ជាមួយ​ខ្មែរក្រហម​ក្នុងអំឡុង​ឆ្នាំ​១៩៦៨ ទើប​គេ​ក្លាយជា​អ្នកមានអំណាច​ដ៏​អស្ចារ្យ​ក្នុង​របប​ខ្មែរក្រហម​។ ប្រហែល​ដោយសារ​ប្រធាន​នយោបាយ​អង្គភាព​បាន​ប្រាប់​ទៅ​គាត់​ថា​ខ្ញុំ​អន់ចិត្ត និង​ដោយសារ​យុទ្ធជន​ក្នុង​អង្គភាព​នេះ​ស្ថិតក្រោម​បញ្ជា​ខ្ញុំ ទើប​ធ្វើអោយ​ប្រធាន​យោធា​តំបន់​រូបនេះ​ចាកចេញ​ពី​អង្គភាព​តាំងពី​ព្រលប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ទៅ​រស់នៅ​ទីបញ្ជាការ​យោធា​តំបន់​នៅ​ចំការ​ដូង ស្រុក​មេមត់ ដែល​ទើប​កសាង​រួច​។ មុនពេល​ភ្លឺ ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ខ្ញុំ​ប្រញាប់​ចេញទៅ​មន្ទីរពេទ្យ ដើម្បី​ដឹកយក រ៉ានី មក​អង្គភាព​របស់ខ្ញុំ ដែល​បោះ​ទីតាំងនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង​។ ពេលមកដល់​ក្រឡេកឃើញ​យុទ្ធ​មិត្ត​ខ្ញុំ បាន​ជួយ​រៀបចំ​បន្ទប់​ជញ្ជាំង​ភ្ជល់​ឲ្យ​ខ្ញុំ​។ ពួកគេ​បានដឹង​ពី​រឿង​កូន​ខ្ញុំ​ស្លាប់ និង​ភរិយា​ខ្ញុំ​ឈឺ ពួកគេ​បាន​ចូលរួម​សោកស្តាយ និង​ការលំបាក​ជាមួយ​ប្តី​ប្រពន្ធ​របស់​ពួកយើង​។ ជា​សំណាង ល្អ​ដែល​ខ្ញុំ​បាន​យក រ៉ានី មក​ឲ្យ​ឆ្មប​បុរាណ​កាយ​ទម្លាក់​សុក​ទាន់ពេល បើ​ពុំ​នោះទេ​នឹង​ទៅជា​ក្រឡាភ្លើង និង​ឈានទៅ​គ្រោះថ្នាក់​ដល់​ជិវិត​ជាមិនខាន​ឡើយ ។ ខ្ញុំ​បាន​បំពេញភារកិច្ច​ជា​ស្វាមី​ពិតប្រាកដ​សម្រាប់​ភរិយា​មួយរូប ដែល​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​រូបខ្ញុំ​ដែលជា​ជនពិការ​ម្នាក់​។ ខ្ញុំ​រកបាន​អុស​ល្អៗ​ដើម្បី​ដុត​កំដៅ​ដែល​ជំនាន់​ដើម​ហៅថា​(​អាំងភ្លើង​) ក្រោយ​ឆ្លងទន្លេ​រួច​។ ឆ្នាំ​១៩៧៦ ត្រូវ​នឹង​ឆ្នាំ​ដែលមាន​ធាតុអាកាស​ត្រជាក់​ណាស់​។ រ៉ានី មិនចេះ​ផឹកស្រា ដែល​ខ្ញុំ​បាន​ផ្សំ​ទុកជា​មួយ​សត្វ​អា​ញី និង​ទឹកឃ្មុំ​។ ដូចនេះ​ខ្ញុំ​ត្រូវ​រក​វិធី​ផ្សំ​ថ្នាំ​តាម​ចាស់ៗ​និយាយប្រាប់​។ ខ្ញុំ​ក្លាយជា​អ្នកចេះ​ផ្សំ​ថ្នាំ​ដើម្បី​សុខភាព​ភរិយា​។ សក់​ក្បាល​របស់ខ្ញុំ​សំបូរ​ដោយ​ផេះ ព្រោះ​ត្រូវ​ផ្លុំភ្លើង​ដាំ​ថ្នាំ​ដាំបាយ​បំរើ​ភរិយា​។ រៀងរាល់​ព្រឹក ក្នុង​ចន្លោះ​ម៉ោង​៤ ដល់​ម៉ោងជាង​៥ ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម ដើម្បី​លាប​ពន្លៃ ត្រាំ​ស្រា និង​ដុត​ភ្លើង​ឱ្យ​ប្រពន្ធ​។ ខ្ញុំបម្រើ រ៉ានី ដូច​បម្រើ​ម្តាយ​ចាស់​ប្រហែល​ជាង​កន្លះ​ខែ ទើប​រឹង​ដៃ​រឹង​ជើង តែ​ខ្ញុំ​នៅតែ​ចាត់ទុកថា ភរិយា​ខ្ញុំ​នៅ​ស​សៃ​ខ្ចី​នៅឡើយ​។ ដូចនេះ​បានជា​ខ្ញុំ​មិន​បណ្តោយ​ឲ្យ​នាង​ធ្វើ​អ្វី ហើយ​ខ្ញុំ​ក៏​មិន​ទៅណា​ឆ្ងាយ​ចោល​នាង​ដែរ​។ ទោះបី​ជួប​ការលំបាក តែ​នេះ​ជា​លើកដំបូង​ហើយ ដែល​ខ្ញុំ​បានរស់នៅ​ជាមួយគ្នា​លើស​មួយ​សប្តាហ៍​បន្ទាប់ពី​រៀបការ​ហើយ​។ ប្តី​ប្រពន្ធ​យើង​បានរស់នៅ​ជាមួយគ្នា​ដោយ​មិនសូវមាន​ការរំខាន​ពី​ពួក​អង្គការ​ដូចពេលមុន​ឡើយ​។​
​នេះ​ជាការ​ឈឺចាប់​ដែល​មិនអាច​បំភ្លេចបាន​ចំពោះ​រឿងរ៉ាវ​ដែល​កូនប្រុស​ច្បង បាន​ស្លាប់​តែ​ការ​ឈឹ​ចាប់​នោះ​ហើយ​
​ដែល​បាន​ជួយ​លើកទឹកចិត្ត​ខ្ញុំ​ឱ្យ​ងើបឈរ​ឡើង​ដើម្បី​សង្គ្រោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី​ខែមករា ឆ្នាំ​១៩៧៩៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×