Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទុក​រយៈពេល​១០​ថ្ងៃ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​បុរី​រុះរើ​សំណង់​ដែល​រំលោភ​បិទ​រ៉ឺ​ហ្គែ​លូ មិន​ឲ្យ​ទឹក​ហូរបាន​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានសម្រេច​ធ្វើ​កិច្ចសន្យា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​បុរី​ត្រពាំង​ថ្លឹង ដោយ​ទុក​រយៈពេល​១០​ថ្ងៃ​ឲ្យ​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​បាន​រុះរើ​សំណង់ ដែល​រំលោភ​បិទ​រ៉ឺ​ហ្គែ​លូ​ដោយ​ខ្លួនឯង ជៀសវាង​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ដូច​ពេលកន្លងមក​។​

លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​មានប្រសាសន៍​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២ វិច្ឆិកា​នេះ​ថា បុរី​ដែល​បាន​សាងសង់​រំលោភ​លើ​មាត់​លូ និង​គម្រប់​លូ ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​បង្ហូរទឹក និង​បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង ឬ​ទឹកជំនន់ ម្ចាស់​សំណង់​បាន​ឯកភាព​តាម​វិធានការ​របស់​អាជ្ញាធរ​ហើយ ពោលគឺ​អាជ្ញាធរ​បាន​ទុក​រយៈពេល​១០​ថ្ងៃ​ឲ្យ​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​បាន​រុះរើ​សំណង់​ដែល​រំលោភ​បិទ​រ៉ឺ​ហ្គែ​លូ នោះ​ចេញ​ដោយ​ខ្លួនឯង ។​

​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់ថា ការអនុវត្ត​របស់​យើង នៅ​អនុវត្ត​ដដែល​អត់​ថយ​ទេ ប៉ុន្តែ យើង​ធ្វើ​ទៅតាម​សំណូមពរ​របស់​ពួកគាត់ ទី​១ គាត់​សុំ​ពេលវេលា ដោយ​គាត់​ជា​អ្នក​រុះរើ​ដោយ​ខ្លួនឯង ។ បើ​ផ្ទះ​ណា​មិន​បានមក​ធ្វើ​កិច្ចសន្យា នៃ​ការរុះរើ​ដោយ​ខ្លួនឯង​ទេ បានន័យថា​ដល់​ថ្ងៃ​កំណត់ គឺ​គណៈកម្មការ​របស់​យើង​ចុះទៅ​កាយ បើក​គម្រប់​លូ​ប្រសិនបើ​គាត់​សហការ រក​ជាង​បើក​គម្រប់​លូ គឺ​ផ្តល់​ភាពងាយស្រួល​ដល់​អាជ្ញាធរ ក្នុង​ការបាញ់ទឹក​លាង​សម្អាត​។​

​លោក ហែម ដា​រិ​ទ្ធិ បាន​បន្ត​ឱ្យដឹងទៀតថា សម្រាប់​ផ្ទះ​ដែល​ប៉ះពាល់​នៅក្នុង​បូរី មាន​មិន​ច្រើន​ទេ ហើយ​ផ្ទះ​ប៉ះពាល់​ភាគច្រើន គឺ​ផ្ទះ​ដែលមាន​បន្ទប់​ជួល ហើយ​បន្ទប់​ជួល​ភាគច្រើន​គឺ​សាងសង់​លើ​លូ​តែម្តង ។​

​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បន្តថា សម្រាប់​ម្ចាស់​សំណង់​ទាំងអស់នោះ គឺ​ពួកគាត់​មិនបាន​តវ៉ា ឬ​ប្រឆាំង​ជាមួយ​អាជ្ញាធរ​ក្នុងការ​អនុវត្ត​វិធានការ​ច្បាប់​នោះទេ ប៉ុន្តែ គ្រាន់តែ​ពួកគាត់​សុំ​ការពន្យារពេល​រុះរើ ដោយសារតែ​ពួកគាត់​ទើបតែ​ជួបប្រទះ​បញ្ហា​ជួប​គ្រោះទឹកជំនន់ និង​បញ្ហា​ជំងឺ​កូ​វីដ​១៩​ជាដើម​។ ចំពោះ​សំណើ​នេះ ក្រុមការងារ​របស់​ខ​ណ្ឌ​បាន​យល់ព្រម​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​ដែរ​។​

​លោក ហែម ដា​រិ​ទ្ធិ បាន​បន្ថែមទៀតថា បើ​ក្នុងករណី​ពលរដ្ឋ​ណា​គាត់​សាងសង់​លើ​រ៉ឺ​ហ្គែ​ល​គម្រប់​លូ​ហើយ គាត់​មិន​បើក​គម្រប់​លូ​ឱ្យ​ទេ នៅពេល​ដល់​ថ្ងៃ​កំណត់ ក្រុមការងារ​នឹង​ចុះទៅ​កាយ​ហើយ ។ រយៈពេល​ឱ្យ​រុះរើ​នៅតែ​រយៈពេល​១០​ថ្ងៃ​ដដែល អត់​មាន​ថែម ឬ​ថយ​ទេ ។ ប៉ុន្តែ​យើង​មិនមែន​គិតថា​ដល់​ថ្ងៃ​យើង​ចុះ​រុះរើ​ភ្លាម​នោះទេ​។ លោក​បញ្ជាក់ថា ជាធម្មតា​សេចក្តីជូនដំណឹង​វា មិនមែន​ដូច​ខាង​តុលាការ ដល់​ថ្ងៃ​កំណត់​អនុវត្ត​ភ្លាមៗ​នោះទេ​។​

​លោក ហែម ដា​រិ​ទ្ធិ ក៏បាន​គូសបញ្ជាក់​បន្ថែមថា ប្រជាពលរដ្ឋ​ដែល​បាន​សាងសង់​លើ​គម្រប់​លូ ពួកគាត់​មិនបាន​តវ៉ា​ប្រឆាំង​ជាមួយ​អាជ្ញាធរ ដូច​អ្វីដែល​បុគ្គល​មួយចំនួន Like តាម​បណ្តាញ​សង្គម​និយាយ​នោះទេ​។ លោក​សុំឱ្យ​ប្រជាពលរដ្ឋ​ម្ចាស់​សំណង់​ទាំងអស់ រក​ជាង​ដើម្បី​រុះរើ​គម្រប់​លូ​ចេញ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុងការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​។​

លោក ហែម ដា​រិ​ទ្ធិ បានបញ្ជាក់ ក្នុង​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២០​ថា ការរុះរើ​សំណង់​ខុសច្បាប់​ទាំងនេះ គឺ ដើម្បី​ស្តារអណ្តូង​លូ និង​កែលម្អ​ប្រព័ន្ធ​លូបង្ហូរទឹក​ឡើងវិញ ជាពិសេស​ជៀសវាង​ការ​ជន់​លិច​ដោយ​ទឹកជំនន់​ឬ​ទឹកភ្លៀង​។​

​ក្រោយ​ចេញ​សេចក្តីជូនដំណឹង​អាជ្ញាធរ ក៏​ចុះ​ប្រតិបត្តិការ​ការងារ​នៅតាម​បុរី​នានា ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​សរសេរ​ពាក្យ​ថា «​រុះរើ​» នៅលើ​ជញ្ជាំង​សំណង់​បន្ថែម របស់​ពលរដ្ឋ​ទាំងនោះ​។​

​គួរ​ជម្រាប​ថា កាលពី​ខែ​ដើមខែ​តុលា ឆ្នាំ​២០២០ មាន​រាជធានី និង​បណ្តា​ខេត្ត​ចំនួន​២០ របស់​កម្ពុជា​បាន​ជួបប្រទះ​នូវ​គ្រោះទឹកជំនន់ ដោយសារ​ភ្លៀង​ធា្ល​ក់​ខ្លាំង​ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះដែរ ជំនន់​ទឹកភ្លៀង​នេះ ក៏បាន​ធ្វើឱ្យ​ផ្ទះ ឬ​បុរី​នានា របស់​ប្រជាពលរដ្ឋ នៅតាម​ខណ្ឌ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល​បាន​ជន់​លិច​យ៉ាងខ្លាំង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×