Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ សម្រាប់​ជន​គ្រប់រូប គឺជា​កត្តា​មិន អាច​ខ្វះ​បាន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​

spot_img

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារលិខិត​អបអរសាទរ ក្នុងឱកាស​ប្រារព្ធ ទិវា​ជាតិ​អាហារូបត្ថម្ភ លើក​ទី​៧ ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ «​ការពង្រឹង​ប្រព័ន្ធ​ស្បៀង ដើម្បី​របប​អាហារ​សុខភាព​»​។ សម្តេច បាន​ថ្លែងថា ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​សម្រាប់​ជន​គ្រប់រូប គឺជា​កត្តា​មិន អាច​ខ្វះ​បាន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ តាមរយៈ​ការបង្កើន​វិនិយោគ​លើ​វិស័យ​កសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាត​និង​អនាម័យ គាំពារ​សង្គម និង​វិស័យ​ពាក់ព័ន្ធ​នានា​។​

​នេះ​បើតាម​សារលិខិត​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ទិវា​ជាតិ​អាហារូបត្ថម្ភ ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស អំពី​សារៈសំខាន់​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​មូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាព​ការងារ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​វឌ្ឍនភាព​សង្គម​។​

​ទិវា​ជាតិ​អាហារូបត្ថម្ភ​ឆ្នាំនេះ រាជរដ្ឋាភិបាល​បានជ្រើសរើស​យក​ប្រធានបទ ការពង្រឹង​ប្រព័ន្ធ​ស្បៀង ដើម្បី​របប​អាហារ​សុខភាព ក្នុងពេលដែល​ប្រព័ន្ធ​ស្បៀង​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ និង​ការរំខាន​ដោយ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ -១៩​។ រហូតមកដល់​ពេលនេះ រាជរដ្ឋាភិបាល​បាន​គ្រប់គ្រង សភាពការណ៍​ជំងឺ​កូ​វីដ​-១៩ បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ដែល​ធ្វើឱ្យ​កម្ពុជា​មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ -១៩ ក្នុង​សហគមន៍​។ ស្ថិតក្នុង​បរិបទ​នៃ​វិបត្តិ​កូ​វីដ​-១៩ នេះ កម្ពុជា​មិន​ត្រឹមតែ​អាច​បញ្ចៀស​បាន​នូវ​វិបត្តិ​ស្បៀងអាហារ ដែល​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​បាន​ជួបប្រទះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា​ថែមទាំង​បាន​ចាប់យក​ឱកាស នេះ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស្បៀង តាមរយៈ​ការដាក់ចេញ​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម និង ឧស្សាហកម្ម​ផ្នែក​ចំណីអាហារ​ធ្វើជា​មូលដ្ឋាន​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ដើម្បី​ផលិត​និង​ផ្គត់ផ្គង់​ផលិតផល កសិកម្ម​និង​ស្បៀងអាហារ​ប្រកបដោយ​គុណភាព​និង​សុវត្ថិភាព ទៅ​ទីផ្សារ​ក្នុង​តំបន់​និង​ពិភពលោក​ទៀតផង​។ ដោយឡែក​ជំនន់​ទឹកភ្លៀង​ឆ្នាំ​២០២០ នេះ ថ្វីត្បិតតែ​បាន​បង្កឱ្យមាន​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ស្ថាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ដីស្រែ​ចម្ការ ទ្រព្យសម្បត្តិ និង​អាយុជីវិត​របស់​ប្រជាជន ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រើប្រាស់​នូវ​មធ្យោបាយ​សរុប កម្លាំង​សរុប និង​វិធាន​ការសរុប ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន សុវត្ថិភាព សុខភាព និង​ធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​ជូន​ប្រជាជន ដូចដែល រាជរដ្ឋាភិបាល​បាន​យក ចិត្ត​ទុកដាក់​អនុវត្ត​ជាប្រចាំ​នោះ​គឺ “ រាជរដ្ឋាភិបាល​នឹងមិន​ទុកឱ្យ​ប្រជា​ជនណាម្នាក់​ស្លាប់ ដោយ​អត់បាយ ដោយ យើង​មិន​បានដឹង​នោះទេ​”​។​

​ស្ថិតនៅក្នុង​ស្ថានភាព​ដ៏​លំបាក​ដូច​បច្ចុប្បន្ននេះ ទាំង​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ ផង និង គ្រោះទឹកជំនន់​ផង ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ដើម្បី​របប​អាហារ​សុខភាព​កាន់​តែមាន​សារសំខាន់ ដែល​តម្រូវឱ្យ គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​ប្រព័ន្ធ​ស្បៀង​កាន់តែ​រឹងមាំ មាន​ភាព​ធន់​នឹង​ប​ម្រែ ប​ម្រួ​ល​អាកាសធាតុ និង​មាន​និរន្តរភាព ដើម្បី​ផលិត​អាហារ​សុខភាព​សម្រាប់​ប្រជាជន​កម្ពុជា​។ ឈរលើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​និង​សង្គម​នៅ​កម្ពុជា បានធ្វើឱ្យ​ប្រជាជន​ផ្តាស់​ប្តូរ​របៀប​រស់នៅ​និង​ឥរិយាបថ​ក្នុងការ​បរិភោគ ចំណីអាហារ ដែល​ការផ្លាស់ប្តូរ​ទាំងនេះ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​លើ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​ប្រជាជន​។ ខណៈ ពេលដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ កង្វះ​មីក្រូ​សារជាតិ និង​បញ្ហា​ថយចុះ​អត្រា​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ បញ្ហា​ធាត់​និង​លើស​ទម្ងន់​ក៏មាន​និន្នាការ កើនឡើង​ដែរ​។ របប​អាហារ​មិនល្អ​និង​ការធ្វើ​លំ​ហាត់ប្រាណ​មិន​គ្រប់គ្រាន់ គឺជា​កត្តា​ហានិភ័យ​នៃ​បញ្ហា​សុខភាព សាធារណៈ និង​ធ្វើឱ្យ​បាត់បង់​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំងនឹង​ជំងឺ​គ្រប់​ប្រភេទ​។ ការទទួល​ទាន​អាហារ​ដែល មាន​ថាមពល​ខ្ពស់ ជាតិ​ខ្លាញ់ ស្ករ ឬ អំបិល​ច្រើន និង​បរិភោគ​បន្លែ​ផ្លែឈើ​មិនបាន​គ្រប់គ្រាន់ គឺជា​ហេតុផល ចម្បង​បណ្តាលឱ្យមាន​ជំងឺមិនឆ្លង​នានា ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺមហារីក​ជាដើម​។ ក្នុងន័យនេះ ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ត្រូវ​ផ្លាស់ប្តូរ​របៀប​ផលិត របៀប​កែច្នៃ របៀប​ធ្វើ​អាជីវកម្ម និង​របៀប​បរិភោគ​អាហារ​និង​ការរស់នៅ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ស្បៀង​ដើម្បី​របប​អាហារ​សុខភាព ឲ្យ​កាន់តែ​រឹងមាំ​ប្រកបដោយ​និរន្តរភាព​។

​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​សម្រាប់​ជន​គ្រប់រូប គឺជា​កត្តា​មិន អាច​ខ្វះ​បាន ដែល​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់ តាមរយៈ​ការបង្កើន​វិនិយោគ​លើ​វិស័យ​កសិកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ ទឹកស្អាត​និង​អនាម័យ គាំពារ​សង្គម និង​វិស័យ​ពាក់ព័ន្ធ​នានា​។ ឈរលើ​ស្មារតី​នេះ រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​កម្មវិធី​ជំនួយ​សង្គម ដូចជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល ជំងឺ​កូ​វីដ​-១៩ និង​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​។ ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ ក៏បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ លើក​ទី​២ ឆ្នាំ​២០១៩ -២០២៣ និង​បង្កើត​ក្រុមការងារ​ដឹកនាំ​សម្របសម្រួល​វិស័យ​សន្តិសុខ​ស្បៀង​និង អាហារូបត្ថម្ភ​ថ្នាក់ក្រោម​ជាតិ និង​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ និង ពិភពលោក ដូចជា​ការដាក់ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​អាហារូបត្ថម្ភ​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជាស​កល​នៃ ជំងឺ​កូ​វីដ​-១៩ ការចូល​ជា​សមាជិក​នៃ​ចលនា​បង្កើន​អាហារូបត្ថម្ភ​ពិភពលោក និង​ការអនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ស្តីពី​
​ការកាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យដល់​កម្រិត​សូន្យ​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​។ ទន្ទឹម​នោះ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក៏បាន​រៀបចំ​គោលនយោបាយ យុទ្ធសាស្ត្រ និង​ឯកសារ​គតិយុត្ត​នានា​ជាច្រើន រួមចំណែក​លើក កម្ពស់​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ ដូចជា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ អនក្រ​.​បក ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ , អនុក្រឹត្យ​លេខ​១៣៣ , គោលនយោបាយ​ជាតិ​ស្តីពី​ការ ចិញ្ចឹម​ទារក​និង​កុមារ​, ផែនទី​បង្ហាញផ្លូវ​សម្រាប់​ព​ន្លឿ​ន​ការកែលម្អ​អាហារូបត្ថម្ភ និង​យុទ្ធសាស្ត្រ​ប្រាស្រ័យ​ទាក់ទង ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​លើកកម្ពស់​អាហា​រូប​ត្ថ​ម្ភ ។​ល​។​

​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​អាហារូបត្ថម្ភ លើក​ទី​៧ នេះ សម្តេច​តេ​ជោ អំពាវនាវ​ដល់ គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​ប្រជា ពលរដ្ឋ​គ្រប់រូប សូម​បន្ត​ការយកចិត្តទុកដាក់ និង​អនុវត្ត​សកម្មភាព​របស់ខ្លួន​តទៅទៀត ដើម្បី​លើកកម្ពស់ សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ស្បៀង​ដើម្បី​របប​អាហារ​សុខភាព សំដៅ​រួមចំណែក លើកកម្ពស់​សុខភាព ជីវភាព​រស់នៅ និង​ធានា​ឱ្យបាន​នូវ​សុខដុម​នីយកម្ម​គ្រួសារ ដូចខាងក្រោម​៖

​ទី​១- ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​កសិកម្ម ដើម្បី​លើកកម្ពស់​ផលិតភាព ពិពិធ​ភា​វូ​នីយកម្ម​ដំណាំ​ដែលមាន​សក្តានុពល​និង​ទីផ្សារ និង​ដាំ​ដំណាំ​បន្លែ ផ្លែឈើ​ចម្រុះ ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ព្រមទាំង​កែលម្អ​គុណភាព​និង​សុវត្ថិភាព​ផលិតផល​កសិកម្ម​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​និង​នាំចេញ​។

​ទី​២- ត្រូវ​ចាប់យក​ឱកាស ថ្មីៗ​សម្រាប់​បង្កើត​តម្លៃបន្ថែម​លើ​ផលិតផល​កសិកម្ម តាមរយៈ​ការបង្កើន​គុណភាព សុវត្ថិភាព និង​អាហារូបត្ថម្ភ​លើ​ផលិតផល​ស្បៀងអាហារ ដើម្បី​លើកកម្ពស់​អាហារ​សុខភាព និង ជំរុញ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​បរិភោគ​អាហារ​ចម្រុះ​មុខ រួមមាន​៖ គ្រាប់​ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែល​សម្បូរ​ទៅដោយ​សារជាតិ​ចិញ្ចឹម និង​បរិភោគ​ទឹក​មាន​សុវត្ថិភាព និង​រក្សា​អនាម័យ ដើម្បី​ទទួលបាន​អាហារូបត្ថម្ភ​ល្អ និង​មាន​សុខភាព​ល្អ​។​

​ទី​៣- ត្រូវ​បន្ត​ឆ្លើយតប​ជួយ​ជនក្រីក្រ និង​ជន​ងាយ​រងគ្រោះ ឱ្យ​ទទួលបាន​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ប្រកបដោយ​សមធម៌ តាមរយៈ​ការបង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល និង​ជំនួយ​សង្គម​។

​ទី​៤- ត្រូវ​បន្ត​ជំរុញ​ពង្រឹង​ការអនុវត្ត​លើ​តម្រូវការ​ការប្រើប្រាស់​ស្លាក​សញ្ញា​សម្គាល់​ផលិតផល និង​ព័ត៌មាន អាហារូបត្ថម្ភ​ជា​អក្សរ​ខ្មែរលើ​គ្រប់មុខ​ទំនិញ ដើម្បី​ជួយ​ឱ្យ​អ្នកប្រើប្រាស់​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ក្នុងការ​ជ្រើសរើស​អាហា​រ​សុខភាព ជាពិសេស​លើ​ផលិតផល​ម្សៅ​ទឹកដោះគោ​ផ្សំ​តាម​រូបមន្ត និង​ត្រូវ​បន្ត​លើកកម្ពស់​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​សម្រាប់​កុមារ​អាយុ​ពី​០ -៦ ខែ​។

​ទី​៥- ត្រូវ​ជំរុញ​ការចូលរួម​របស់​យុវជន​ក្នុង​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ និង​លើកកម្ពស់​ការអប់រំ អាហារូបត្ថម្ភ​ដល់​សិស្សានុសិស្ស តាមរយៈ​ការផ្តល់សេវា​អប់រំ​ស្តីពី​អាហារូបត្ថម្ភ ដូចជា​ការទម្លាក់​ព្រូន ការត្រួតពិនិត្យ​សុខភាព អនាម័យ និង​ការប្រឹក្សា​យោបល់​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​នៅតាម​សាលារៀន​ជាដើម​។​

​ទី​៦- ត្រូវ​ចលនា​ឱ្យ​យុវជន​យល់ដឹង​ពី​របៀប​ធ្វើ​ម្ហូបអាហារ​ខ្មែរ និង​លើកកម្ពស់​ការបរិភោគ​អាហារ​ចម្រុះ បែប​ប្រពៃណី​ខ្មែរ ដោយ​ប្រើប្រាស់​អំបិល ស្ករ ខ្លាញ់ និង​សារធាតុ​បន្ថែម​រសជាតិ​ផ្សេងទៀត​ក្នុង កម្រិត​សមល្មម និង​គាំទ្រ​ដល់​អ្នក​ផលិត​ម្ហូបអាហារ​ខ្មែរ​ដែល​សម្បូរ​សារជាតិ និង​មាន​សុវត្ថិភាព​។​

​ទី​៧ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ប្រជាជន​កម្ពុជា​គ្រប់រូប​ត្រូវ​បរិភោគ​របប​អាហារ​សុខភាព ជាពិសេស​បន្ថែ​និង​ផ្លែឈើ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ឱ្យបាន​រឹងមាំ និង​ត្រូវ​រៀបចំ​ចម្អិន​និង បរិភោគ​អាហារ​នៅ​កន្លែង​ដែលមាន​បរិស្ថាន​ស្អាត ត្រូវ​ពាក់​ម៉ាស់ និង​លាង​សម្អាត​ដៃ​ជាមួយនឹង​សាប៊ូ ឱ្យបាន​ញឹកញាប់​នៅពេល​កាន់ ឬ រៀបចំ​អាហារ​។​

​ទី​៨ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ពី​សារសំខាន់​នៃ​ការប្រើប្រាស់​អាហារ​បញ្ចូល​មីក្រូ​សារជាតិ ឱ្យបាន​ទូលំទូលាយ និង​ពង្រីក​ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​ចំណីអាហារ​មូលដ្ឋាន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ផ្តល់នូវ អាហារូបត្ថម្ភ​តាម​ជម្រើស​ផ្សេងៗ​មានតម្លៃ​សមរម្យ ដើម្បី​ជួយ​បំពេញ​កង្វះ​អាហារូបត្ថម្ភ​របស់​ប្រជាជន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×