Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​៖ កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​សម​ប់​ការរស់នៅ ដែល​បាន​រួច​ផុតពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩

spot_img

​ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​កម្ពុជា ដែល​បានបញ្ចប់​អាណត្តិ​បេសកម្ម​កា​ទូត​រយៈពេល​៤​ឆ្នាំកន្លះ​នៅក្នុង​ប្រទេស​កម្ពុជា​។

​នៅក្នុង​ជំនួប​នោះ ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ក្នុង​រយៈពេល​៤ ឆ្នាំកន្លះ ក្នុងការ​បំពេញបេសកកម្ម​នៅ​កម្ពុជា​ឯកឧត្តម​ពិត​ជាមាន​មោទនភាព​ណាស់​ដែល​បានធ្វើការ​យ៉ាង​ជិតស្និត​ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយ​មិត្តភក្តិ មន្ត្រីរាជការ ថ្នាក់ដឹកនាំ ជាពិសេស​បានទទួល​ការគាំទ្រ ក៏ដូចជា​សហការ​យ៉ាង​ល្អ​អំពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលនាំឱ្យ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​នៅ​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ​យ៉ាង​ត្រចះត្រចង់ នោះ​គឺ​នាំមក​នូវ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ការវិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​មានការ​កើនឡើង​ខ្ពស់​មួយកម្រិត​ថែមទៀត​។​

​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​បន្តទៀតថា ក្នុងដំណាក់កាល​ការទូត​របស់​ឯកឧត្តម​នៅក្នុង​ប្រទេស​កម្ពុជា ឯកឧត្តម​ក៏បាន​ជួប​នូវ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែល​ពិភពលោក​ទាំងមូល​កំពុង​ជួបប្រទះ​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​ការរស់នៅ ដែល​បាន​រួច​ផុតពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។ ឯកឧត្តម​ពិតជា​មាន​មោទនភាព​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បានអនុញ្ញាត​ឲ្យ​ឯកឧត្តម​រៀបចំ​កម្មវិធី​ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សិង្ហ​បុរី ដោយ​យល់ឃើញថា​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុវត្ថិ​ភាពមិន​មានការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ការរៀបចំ​នោះ​ប្រព្រឹត្តទៅបាន​ជោគជ័យ ដោយ​អនុវត្តតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​។

​ឯកឧត្តម​ក៏បាន​បន្ថែមទៀតថា ឯកឧត្តម​ពិតជា​មាន​ជំនឿ​ជឿជាក់ថា កម្ពុជា និង​សិង្ហ​បុរី នឹង​អាចមាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង កិច្ចសហប្រតិបត្តិការ​ល្អ ហើយ​ទាំងអស់នេះ អាចធ្វើ​ទៅបាន​ដោយមាន​ការគាំទ្រ ការសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ស្ថាប័ន និង​ស្ថាប័ន ជាពិសេស​រវាង​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) និង​រដ្ឋាភិបាល​សិង្ហ​បុរី ដែល​បាន​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​រយៈពេល​កន្លងមក​។ សម្ដេច​តេ​ជោ ក៏បាន​យល់ស្រប​ផងដែរ​ចំពោះ​ការលើកឡើង​របស់​សិង្ហ​បុរី​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។

​ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​ឯក​ឧ​ត្ត ម៉ៃ​ឃែ​ល តាន់ (Michael Tan) ដែល​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ក្នុងការ​ពង្រីកពង្រឹង លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ នៅក្នុង​បេសកកម្ម​កា​ទូត​របស់​ឯកឧត្តម​ក​ន្ល​ង​មកនេះ​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​យុទ្ធសាស្ត្រ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​សមរភូមិ​៣ ដែល​សមរភូមិ ទី​១ គឺ​ធ្វើយ៉ាងណា​ប្រយុទ្ធ​ទប់ស្កាត់​កុំ​ឲ្យ​នាំចូល​ជំងឺ​នេះ​មកពី​ប្រទេស​ខាងក្រៅ សមរភូមិ​ទី​២ គឺ​ធ្វើយ៉ាងណា​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅកាន់​សហគមន៍ និង​សមរភូមិ​ទី​៣ គឺ​ធ្វើយ៉ាងណា​ព្យាបាល​អ្នកជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ ឱ្យ​ជាសះស្បើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×