Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​អនុម័ត​យល់ព្រម​ទាំងស្រុង លើ​សេចក្ដីព្រាង​ច្បាប់ពាណិជ្ជកម្ម​សំខាន់ៗ​ចំនួន​២ ក្នុងការ​ជំរុញ​ការទាក់ទាញ​វិនិយោគិន និង​ធុរកិច្ច​ជន​ជប៉ុន មក​វិនិយោគ​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ រដ្ឋសភា​បានអនុម័ត​យល់ព្រម​ទាំង​ស្រុង​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ ពិធីសារ​ទី​១​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្ដីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​ជប៉ុន (AJCEP – 1st Protocol) និង សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្ដីពី​សេវាកម្ម (AFA S 10) ដោយមាន ១១៦​សំឡេង​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ជម្រាប​អំពី​ខ្លឹម​សារសំខាន់ៗ​នៃ​ពិធីសារ​ទាំងពីរ​នេះ ព្រមទាំង​អត្ថប្រយោជន៍​ដែល​កម្ពុជា នឹង​ទទួលបាន​នៅពេល​ពិធីសារ​ទាំងនេះ​ចូល​ជា​ធរមាន​។​

​លោក​រដ្ឋមន្ត្រី ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្ដេច​ពញា​ចក្រី​ប្រធាន​អង្គប្រជុំ និង​សមាជិក សមាជិកា​រដ្ឋសភា ដែល​បានអនុម័ត​យល់ព្រម​លើ​សេចក្ដីព្រាងច្បាប់​ទាំងពីរ​នេះ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ច្បាប់​នេះ​នឹង​ផ្ដល់នូវ​ប្រយោជន៍​ជា​សារ​វ័​ន្ដ​ដល់​សង្គមជាតិ​ទាំងមូល និង​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន នឹង​ធ្វើឱ្យ​ពាណិជ្ជកម្ម​អាស៊ាន​-​ជប៉ុន មាន​ភាពល្អ​ប្រសើរឡើង ឆ្លើយតប​ទៅនឹង​ការវិវត្ត​នៃ​សេដ្ឋកិច្ចពិភពលោក តាមរយៈ​ការធ្វើ​សេរីភាវូបនីយកម្ម​លើ​ពាណិជ្ជកម្ម​សេវាកម្ម បម្លាស់​ទី​រូបវន្តបុគ្គល និង​ការវិនិយោគ​។​

​ក្រោយពី​ពិធីសារ​នេះ​ចូល​ជា​ធរមាន​នឹង​ជំរុញ​ការទាក់ទាញ​វិនិយោគិន​និង​ធុរកិច្ច​ជន​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន ហើយ​លំហូរ​នៃ​បច្ចេកទេស​និង​បច្ចេកវិទ្យា​កាន់តែ​មាន​ភា​ព​ល្អប្រសើរ​។​

​កម្ពុជា​នឹង​អាចមាន​កាលានុវត្តភាព​កាន់តែច្រើន​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​ពី​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្ដីពី​សេវាកម្ម​។ ដោយសារ​អាស៊ាន គឺជា​ទីផ្សារ​តំបន់​ដ៏​ធំ​មួយ ព្រមទាំង​អាច​ទាក់ទាញ​អ្នកវិនិយោគ និង​ធុរជន​ពី​ប្រទេស​នានា​ក្នុង​អាស៊ាន មក​វិនិយោគ​លើ​វិស័យ​សេវាកម្ម​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា​ជួយ​បង្កើត​ឱកាស​សម្រាប់​ធុរជន​កម្ពុជា ដែលមាន​បំណង​ពង្រីក​ទីផ្សារ​សេវាកម្ម​របស់ខ្លួន​ទៅកាន់​ប្រទេស​នានា​ក្នុង​អាស៊ាន​។​

​លើសពីនេះ​ទៀត កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​លើ​ការផ្ទេរ​បច្ចេកវិទ្យា ចំណេះដឹង បំ​ណិ​ន និង​ជំនាញ​ថ្មីៗ​ពី​ការវិនិយោគ​ដោយផ្ទាល់​របស់​សមាជិក​អាស៊ាន​។ កម្ពុជា​នឹង​អាច​ប្រមូល​ចំណូល​ពន្ធអាករ​កាន់តែ​ច្រើន​ឡើងជា​ចំណូល​ជាតិ ដោយ​អនុលោម​ទៅតាម​ច្បាប់​សារពើពន្ធ​កម្ពុជា​ពី​ការធ្វើ​អាជីវកម្ម​ពាណិជ្ជកម្ម​សេវាកម្ម​របស់​សមាជិក​អាស៊ាន​ផ្សេងទៀត​នៅ​កម្ពុជា​៕​ដោយ​៖CEN​

spot_img
×