Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​អំពាវនាវ និង​លើកទឹកចិត្ត ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា សូម​ចូលរួម​គោរព​ច្បាប់ និង​កិច្ចសន្យា​ដែល​សាម៉ីអង្គភាព​ខ្លួន​បាន​កម្ក​ល់​ទុក​នៅ​ក្រសួង​ព័ត៌មាន​

spot_img

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន បានចេញ​សេចក្តី​ជូន​ព័ត៌មាន អំពី​ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន និង​សេចក្តីបំភ្លឺ​ជុំវិញ ការព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ចំពោះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។​

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន សូម​ជម្រាប និង​បំភ្លឺ​ជូន​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន អំពី ការអនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន និង​សេចក្តីបំភ្លឺ​ជុំវិញ​ការព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ចំពោះ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​។​

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បានកត់សម្គាល់​ឃើញថា កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២០ អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥៧ បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយ​ចោទប្រកាន់​រាជរដ្ឋាភិបាល កម្ពុជា ថា​បាន​យាយី​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នកសារព័ត៌មាន ប៉ុន្តែ​ក្នុងចំណោម​អង្គការ សង្គម​ស៊ីវិល​ទាំង ៥៧​នោះ មាន​អង្គការ​សង្គម​ស៊ីវិល​តែ​ចំនួន ១២ ដែល​បាន ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង មហាផ្ទៃ និង ០១ ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន ក្រៅពីនោះ ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​មិនបាន​ចុះ បញ្ជី​ស្របច្បាប់​ឡើយ ។ ដូច្នេះ​ក្នុងការ​ចោទប្រកាន់​ខាង​លើ​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ចាត់ទុកថា វា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ក្នុងការ​ទាក់ទាញ​ការយក​លុយ​ពី​ខាងក្រៅ និង​ទាក់ទាញ​ការចាប់អារម្មណ៍ និង​ប្រជាប្រិយភាព​សម្រាប់​ក្រុម​ខ្លួន និង​មាន​ចេតនា​ក្នុងការ​បំភាន់ សាធារណមតិ​តែប៉ុណ្ណោះ​។​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់​យ៉ាង​ខ្ជាប់​ខ្លួន​ក្នុងការ​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស សិទ្ធិសេរីភាព​សារព័ត៌មាន និង​សេរីភាព​ខាង​ការបោះពុម្ពផ្សាយ​ស្របតាម​មាត្រា ៣១ និង​មាត្រា ៤១ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​របប សារព័ត៌មាន ឆ្នាំ​១៩៩៥​។ ផ្អែកទៅលើ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ជា​ធរមាន​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ច្បាប់​ស្តីពី​របប​សារព័ត៌មាន អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា អាចបំពេញ​វិជ្ជាជីវៈ​ដោយ​សេរី និង​គ្មាន​ការត្រួតពិនិត្យ​ជាមុន​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​របស់ខ្លួន មិន ត្រឹមតែ​ប៉ុណ្ណោះ អ្នកសារព័ត៌មាន​អាច​រក្សា​ជាសម្ងាត់​នូវ​ប្រភពព័ត៌មាន​ដែល​ខ្លួន​ទទួលបាន​ផងដែរ​។ តាម រយៈ​ការអនុវត្ត​ច្បាប់​នេះ បច្ចុប្បន្ន​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​មានការ​អភិវឌ្ឍ​ន៍​គួរ​ជាទី​មោទនៈ​ទាំង​វិសាលភាព និង​មធ្យោបាយ​នៃ​ការផ្សព្វផ្សាយ​ដែល​អាចឱ្យ​សាធារណជន​ទទួលបាន​ព័ត៌មាន និង​ចូ​លំ​ទូលាយ និង​ឆាប់រហ័ស ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​កើតមានឡើង​នៅ​ទូទាំង​ពិភពលោក​។ ព្រម​ជាមួយ៍គ្នានេះដែរ បច្ចុប្បន្ន នេះ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ កំពុងតែ​បំពេញ​វិជ្ជាជីវៈ​របស់ខ្លួន​ដោយ​សេរី និង​បាន​គ្រប់​ទីកន្លែង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ការរើសអើង និង​គ្មាន​ការគំរាមកំហែង​។​

​ពាក់ព័ន្ធ​ទៅនឹង​ការចោទប្រកាន់ ចំពោះ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​បាន​អនុវត្ត​ភារកិច្ច​របស់ ខ្លួន​ទៅលើ​អ្នកសារព័ត៌មាន​ដែល​ប្រព្រឹត្ត​ខុសច្បាប់​មួយចំនួន​កន្លងមក ថា​ជាការ​រំលោភបំពាន បំបិទ​សិទ្ធិ សេរីភាព​សារព័ត៌មាន​នោះ គឺជា​ការចោទប្រកាន់​ដោយ​មិនបាន​ពិនិត្យ​ទៅលើ​អង្គហេតុ និង​អង្គច្បាប់​លើ ករណី​នីមួយៗ​នោះឡើយ ។ ពាក់ព័ន្ធ​ចំណុច​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​សូមបញ្ជាក់​ជូន​ថា ការ​អនុ វត្ត​វិធានការ​ផ្លូវច្បាប់​ទៅលើ​អ្នកសារព័ត៌មាន​ទាំងនោះ គឺជា​ការអនុវត្ត​ទៅតាម​អង្គហេតុ និង​អង្គច្បាប់ ស្របតាម​គោលការណ៍​នីតិរដ្ឋ​ដែល​គ្រប់​ប្រទេស​ប្រកាន់យក​។ ដូច្នេះ​អ្នក​ដែល​ប្រកប​វិជ្ជាជីវៈ ទាំងអស់ រួម ទាំង​អ្នក​ប្រកប​វិជ្ជាជីវៈ​ព័ត៌មាន ត្រូវគោរព​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ដែលមាន​ជាធរ​មាននៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជៀសផុត​ពី​ការទទួលខុសត្រូវ​ផ្នែក​ផ្លូវច្បាប់​។​

​បន្ថែម​ពីនេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន សូមបញ្ជាក់​ផងដែរ​ថា រហូតមកដល់​ពេលនេះ ករណី ការអនុវត្ត​វិធានការ​ផ្លូវច្បាប់​ចំពោះ​អ្នកសារព័ត៌មាន​មួយចំនួន​ដែល​ប្រព្រឹត្ត​ខុសច្បាប់ កំពុងស្ថិត​នៅក្នុង ដំណើរការ​នីតិវិធី​របស់​ស្ថាប័ន​តុលាការ ដូច្នេះ​មានតែ​ការចូលរួម​អនុវត្ត​ទៅតាម​នីតិវិធីតុលាការ​ទេ ដែល ជា​ដំណោះស្រាយ​ក្នុងការ​អនុវត្ត​សិទ្ធិសេរីភាព និង​ភាពត្រឹមត្រូវ​របស់ខ្លួន​ចំពោះមុខ​ច្បាប់​។ ក្នុងករណីនេះ ភាគី​ពាក់ព័ន្ធ​អាច​ផ្តល់​ជា​ជំនួយ​ផ្លូវច្បាប់​ដល់​ជនជាប់ចោទ​ទាំងនោះ ទៅតាម​នីតិវិធី​ច្បាប់​។​

​ចំពោះ​ការចោទប្រកាន់​មកលើ​ក្រសួង​ព័ត៌មាន អំពី​ការដក​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន មួយចំនួន ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​សូមបញ្ជាក់ថា ផ្អែក​តាមច្បាប់​ស្តី ពី​របប​សារព័ត៌មាន និង​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ក្រសួង​ព័ត៌មាន ក្រសួង​បានផ្តល់​ការចុះបញ្ជី​ស្រប ច្បាប់​ដល់​អង្គភាព​សារព័ត៌មាន ឬ​អ្នកសារព័ត៌មាន ដោយ​គ្មាន​ការរើសអើង និង​ដោយ​ស្មើរ​ភាព ។​បន្ថែម​ពី នេះ​ក្រសួង​ព័ត៌មាន មាន​តួនាទី និង​ភារកិច្ច​ក្នុងការ​ផ្តល់ ផ្អាក​បណ្តោះអាសន្ន និង​បញ្ឈប់​អាជ្ញាប័ណ្ណ ទៅ លើ​អាជីវ​កម្មវិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុងន័យនេះ ក្រសួង​អាច ផ្តល់​អាជ្ញា​បណ្ណ​ក្នុង​ការប្រកប​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា នៅពេលណា​ដែល​អ្នក​ប្រកប​វិជ្ជាជីវៈ​សារ ព័ត៌មាន​បាន​បំពេញ​ទៅតាម​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ជា​ធរមាន​។ ប៉ុន្តែ​ផ្ទុយ​ទៅ វិញ ក្រសួង​ក៏​អាច​ផ្អាក​បណ្តោះអាសន្ន ឬ​លុប​អាជ្ញាប័ណ្ណ ប្រសិនបើ​ក្រសួង​ពិនិត្យឃើញថា អង្គភាព ឬ អ្នកសារព័ត៌មាន​ទាំងនោះ​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​កិច្ចសន្យា​របស់ខ្លួន​ដែល​បាន តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន ។ ចំពោះ​ករណី​ដែល​ក្រសួង​ព័ត៌មាន​លុប​អាជ្ញា​បណ្ណ ចំពោះ​អង្គភាព​សារ ព័ត៌មាន​មួយចំនួន​តូច​កន្លងមក ដោយសារតែ​អង្គភាព​សារព័ត៌មាន​ទាំងនោះ បាន​ប្រព្រឹត្តិ​ផ្ទុយ​នឹង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​កិច្ចសន្យា​របស់ខ្លួន​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន សូម​អំពាវនាវ និង​លើកទឹកចិត្ត ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា សូម​ចូលរួម​គោរព​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត នានា ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​ដែល​សាមី​អង្គភាព​ខ្លួន​បាន​កម្ក​ល់​ទុក​នៅ​ក្រសួង​ព័ត៌មាន​ឱ្យបាន​ខ្ជាប់​ខ្លួន ដោយ​កុំ​បំពាន់​សិទ្ធិ​អ្នកដទៃ និង​កុំ​បំ​ភ្នែ​ការពិត និង​បន្ត​ខិតខំ​អភិវឌ្ឍ​សមត្ថភាព របស់ខ្លួន​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ព័ត៌មាន​ឱ្យ​កាន់តែ​រីកចម្រើន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×