Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​កម្មសិទ្ធិបញ្ញា​

spot_img

​ភ្នំពេញ ៖ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានស្នើ​សុំ និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បន្ត​សហការ​និង​ចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត ក្នុងការ​ពង្រឹង​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា ខណៈ​ក្នុង​ឆ្នាំ​២០២០​នេះ ការបង្ក្រាប​បទល្មើស​ក​ម្ម​សិទ្ធិ​បញ្ញា ដែលមាន​សរុប​ចំនួន ២៨​ករណី និង​គិត​ជា​ទឹកប្រាក់​ប្រមាណ ៥១២.៨០០​ដុល្លា​អាមេរិក ដែល​ទាំងនេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកតម្កើង​ជីវភាព​ប្រជាជន​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែម​។​

​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា (​គ​.​ក​.​ប​.) បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​លើក​ទី​១០ ដោយមាន​ការចូលរួម​ពី​តំណាង​នៃ​ក្រសួង ស្ថាប័ន ចំនួន ១៤ ដែលជា​សមាជិក​នៃ គ​.​ក​.​ប​. និង​លេខាធិការដ្ឋាន គ​.​ក​.​ប​.​។​

​ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ល្អប្រសើរ​ពី​សំណាក់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​សមាជិក នៃ គ​.​ក​.​ប​. ក្នុង​សកម្មភាព​ពង្រឹង​និង​លើកកម្ពស់​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​ក្នុងពេល​កន្លងមក​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល ដែល​សម្រេចបាន​នូវ​លទ្ធផល​សំខាន់ៗ​យ៉ាងច្រើន ក្នុង​ឆ្នាំ​២០១៩​និង​២០២០ រួមមាន ១-​ការចុះបញ្ជី​កម្មសិទ្ធិបញ្ញា ជាពិសេស​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​ម៉ាក​សមូហភាព​ទាំង​នៅ​កម្ពុជា​និង​បណ្តា​ប្រទេស​សំខាន់ៗ ២-​ការចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង អនុសញ្ញា និង​សន្ធិសញ្ញា​អន្តរជាតិ ៣-​ការងារ​កសាង​ច្បាប់​និង​បទ​ប្បញ្ញត្តិ ៤-​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ តាមរយៈ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​ធំៗ ៥-​ការងារ​អនុវត្ត​គម្រោង​ក្រោម​ជាមួយ​ដៃគូ​អភិវឌ្ឍ​ជាតិ​និង​អន្តរជាតិ ៦-​ការងារ​លើកកម្ពស់​ចំណេះដឹង​សាធារណៈ​និង​ការផ្សព្វផ្សាយ​ច្បាប់ និង ៧-​ការបង្ក្រាប​បទល្មើស​ក​ម្ម​សិទ្ធិ​បញ្ញា ដែលមាន​សរុប​ចំនួន ២៨​ករណី និង​គិត​ជា​ទឹកប្រាក់​ប្រមាណ ៥១២.៨០០​ដុល្លា​អាមេរិក ដែល​ទាំងនេះ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកតម្កើង​ជីវភាព​ប្រជាជន​កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​បរទេស​បន្ថែម​។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើ​សុំ និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បន្ត​សហការ​និង​ចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត ក្នុងការ​ពង្រឹង​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា និង​ជាពិសេស​តាមរយៈ​ការរៀបចំ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ផែនការ​ការងារ​កម្មសិទ្ធិ​បញ្ញា​៣​ឆ្នាំ (២០២១-២០២៣) និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​កម្មសិទ្ធិបញ្ញា​ឆ្នាំ​២០២១-២០២៦​ផងដែរ សំដៅ​អភិវឌ្ឍ​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ និង​ស្របតាម​ស្តង់ដារ​កម្មសិទ្ធិបញ្ញា​អន្តរជាតិ ដើម្បី​កម្ពុជា​អាចធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ទៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​សកល សំដៅ​សម្រេចបាន​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×