Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ បាន​ឯកភាព​ជាមួយនឹង​ការជំរុញ​លើកកម្ពស់​ទំនាក់ទំនង រវាង​កម្ពុជា​និង​ហុង​គ្រី តាមរយៈ​គម្រោង​ចំនួន​បួន​

spot_img

​ភ្នំពេញ​៖​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​៣ ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ភី​ធើ ស៉ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​។

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម ភី​ធើ ស៉ី​ចា​តូ (Péter Szijjártó) ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ទទួល​ស្វាគមន៍​ឯកឧត្តម​យ៉ាង​កក់​ក្តី នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ គឺ ទី​១)​ដើម្បី​អបអរសាទរ​ចំពោះ​ខួប​លើក​ទី​៦៧ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា ទី​២) គឺ​ដើម្បី​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​គ្រី និង​ទី​៣) ដើម្បី​ពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​ការនាំមក​នូវ​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​ដូចជា ទី​១) គម្រោង​ទឹកស្អាត និង​ចំរោះ​ទឹក ទី​២) គម្រោង​បច្ចេកវិទ្យា (IT) និង​ទី​៣) គម្រោង​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​សត្តឃាត និង​ទី​៤)​គម្រោង​កសិកម្ម និង​នេសាទ ។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​គ្រី ហើយ​សម្ដេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​ហុង​គ្រី ដែល​បាន​ជួយ​មកដល់​កម្ពុជា​កាល​ពី​ជាង​៤០​ឆ្នាំមុន ក្នុង​ការកសាង​ប្រទេស​ឡើងវិញ​ពី​បាតដៃ​ទទេ បន្ទាប់ពី​កម្ពុជា​ងើប​ពី​សង្គ្រាម​។ លើសពីនេះទៅទៀត សម្ដេច​តេ​ជោ ក៏បាន​ឯកភាព​ជាមួយនឹង​ការជំរុញ​លើកកម្ពស់​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​គម្រោង​ទាំង​បួន​ខាងលើ​។

​លើសពីនេះទៅទៀត សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​សំដែង​នូវ​ការគោរព និង​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ហុង​គ្រី​។ ហើយ​ឆ្លៀត​ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ​ក៏បាន​ស្នើសុំ និង​អញ្ជើញ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ហុង​គ្រី មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងឱកាស​ណាមួយ​នាពេល​ខាងមុខ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   

spot_img
×