Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋមន្ត្រីកសិកម្ម បានស្នើ​សុំ​ឲ្យ​ភាគី​ហុង​គ្រី​ជួយ​ពិនិត្យ និង​ជំរុញ​គម្រោង​សំខាន់ៗ​ទាំង ៤​ ​លើ​វិស័យ​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម​ ឲ្យ​ចាប់ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ

spot_img

​ភ្នំពេញ​៖​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ ថ្ងៃទី​០៣ ខែវិច្ឆិកាឆ្នាំ​២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ឯកឧត្តម Peter Szijjarto រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី និង​សហការី ដើម្បី​សម្តែង​ការគួរសម និង​ពិភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នាពេល​អនាគត​។

ឯកឧត្តម Peter Szijjarto បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ល្អប្រសើរ​នាពេល​អនាគត​។ ឯកឧត្តម​បាន​បន្តថា​វិស័យ​កសិកម្ម​ហុង​គ្រី​បាននិងកំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុង​សេដ្ឋកិច្ច​ប្រមាណ​ជា ៨% នៃ GDP​។ ការប្រើប្រាស់ បច្ចេកវិទ្យា​ដាំ​ដុះ ការកែឆ្នៃ​ផលិតផល​កសិកម្ម និង​ការគ្រប់គ្រង​ទឹក​កំពុង​ទទួលបាន​ជោគជ័យ​ជាខ្លាំង​នៅក្នុង​ប្រទេស​ហុង​គ្រី​។ ចំពោះ​ជំនួប​ដ៏​មាន​សារសំខាន់​នាពេលនេះ ឯកឧត្តម​បាន​ជម្រាបជូន​ថា​កម្ពុ​ជាមាន​វិស័យ​ចំនួន ៣​សំខាន់​សម្រាប់​ហុង​គ្រី​ធ្វើការ​វិនិយោគ​នៅពេល​អនាគត​គឺ​ទី​១- ផលិតកម្ម​ទឹកដោះ និង​ការកែច្នៃ​សាច់ ទី​២- វារីវប្បកម្ម ៣.​ការដាំ​ដំណាំ​និង​សុវត្ថិភាព​ចំណីអាហារ ទី​៤- ការប្រើប្រាស់ និង​ការគ្រប់គ្រង​ទឹក​។ ដោយឡែក ការផ្តល់​ឥណទាន​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​រយ​:​ពេល​ខ្លី និង​វែង​គឺជា​អាទិភាព​ក្នុង​ដ​ណើ​រ​ទស្សនកិច្ច​នេះ​ផងដែរ​។ ត្រង់​ចំណុះ​នេះ ឯកឧត្តម​បាន​ជម្រាបជូន​ថា​កន្លងមក​ហុង​គ្រី​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ឲ្យ​ទៅ​បន្ត​ការសិក្សា ចំនួន ១៥​នាក់​រៀងរាល់ឆ្នាំ ហើយ​រដ្ឋាភិបាល​ហុង​គ្រី​កំពុង​ពិចារណា​ថា​នឹង​បង្កើន​ចំនួន​អាហារូបករណ៍​នេះ​នៅ​ឆ្នាំ​បន្ទាប់ ពិសេស​លើ​វិស័យ​កសិកម្ម​។ ទន្ទឹមនឹងនេះ ឯកឧត្តម​បានស្នើ​សុំ​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជូន​និស្សិត​ឲ្យ​ទៅ​បន្ត​ការសិក្សា​នៅ​ហុង​គ្រី​នៅតាម​ជំនាញ​ឲ្យ​បាន​ច្រើន ដែលជា​ឱកាស​សម្រាប់​ការបង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន និស្សិត​និង​និស្សិត​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត និង​រឹងមាំ ដែល​នាំ​ឲ្យ​ទាំ​នាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំង​បាន​កាន់តែ​រឹងមាំ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម Peter Szijjarto និង​សហការី​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាពិសេស​បាន​អញ្ជើញ​មក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផ្ទាល់​ដើម្បី​ធ្វើការ​ពិភាក្សា​ទ្វេភាគី​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​ថែមទៀត​។ ឆ្លៀត​យក​ឱកាស​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​គណ​:​ប្រតិភូ​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​កម្ពុជា​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គោលនយោបាយ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឆ្នាំ​២០១៩- ២០២៣ និង​បរិយាកាស​នៃ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នាពេល​បច្ចុប្បន្ន​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលេច​ជូន​ភ្ញៀវ​អំពី​សក្តានុពល​វិនិយោគ​លើ​ផលិតកម្ម​ដំណាំ​សម្រាប់ធ្វើ​ការនាំចេញ​មានដូចជា​ដំណាំ​ស្រូវ ស្វាយ ដំឡូង​មី ស្វាយចន្ទី ថ្នាំជក់ និង​ផលិតកម្ម​វារីវប្បកម្ម​ផងដែរ​។ ជាក់ស្តែង ក្នុង​ឆ្នាំ​២០២០ កម្ពុជា​បាន​នាំ​អង្គរ​ចេញទៅ​ប្រទេស​ហុង​គ្រី​បាន​ចំនួន ១ ៨៣៩​តោន និង​ថ្នាំជក់​បាន ១១៨​តោន​។ ក៏​ពិត​ថា​តួលេខ​នេះ​នៅមានកម្រិត​ទាប ប៉ុន្តែ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​តាមរយ​:​ឯកឧត្តម Peter Szijjarto ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ និង​ជា ពិសេស​កិច្ចព្រមព្រៀង​អនុស្សរណ​នៃ​ការយោគយល់​គ្នា (MOU) ដែល​ភាគី​ទាំងពីរ​នឹងត្រូវ​ចុះ ហត្ថលេខា​នៅ​រសៀល​ថ្ងៃនេះ នឹង​នាំមក​នូវ​ការអភិវឌ្ឍន៍​ជា​ផ្លែផ្កា​ទ្វេ​ឡើងលើ​វិស័យ​កសិកម្ម និង​ក​សិ​-​ពាណិជ្ជកម្ម​នាពេល​អនាគត ហើយ​ភាគី​កម្ពុជា​នឹង​រង់ចាំ​អនុវត្ត​ខ្លឹមសារ MOU នេះ​ឲ្យ​មាន ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ និង​ប្រជាជន​កម្ពុជា​។ ចំពោះ​អាហារូបករណ៍ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​ខ្មែរ​ទៅ​បន្ត​ការសិក្សា​នៅ​ហុង​គ្រី ដើម្បី​បង្កើន​សមត្ថភាព និង​បទពិសោធន៍​លើ​វិស័យ​កសិកម្ម ដែល​ត្រូវ​ពាំ​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើប ថ្មីៗ​ដែល​ទទួលបាន​ពី​ហុង​គ្រី​ជូន​ដល់ដៃ​អ្នក​ផលិត​ផ្ទាល់ ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​នាពេល​អនាគត​។ ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​ភាគី​ហុង​គ្រី​ជួយ​ពិនិត្យ និង​ជំរុញ​គម្រោង​សំខាន់ៗ​ទាំង ៤​ខាងលើ​ឲ្យ​ចាប់ដំណើរការ​ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​គួរ​ត្រូវ​រៀបចំ​បង្កើត​ក្រុមការងារ​ជំនាញ​ដើម្បី​ពិនិត្យ វាយតម្លៃ និង​អនុវត្ត​បន្ទាប់ពី​ចុះហត្ថលេខា​នៅ​រសៀល​ថ្ងៃនេះ​រួច​។ ជាការ​ឆ្លើយតប ឯកឧត្តម Peter Szijjarto បាន​ឯកភាព​ថា​នឹង​ជំរុញ​ការងារ​នេះ​ឲ្យ​បាន​លឿន និង​រលូន​ស្រ​បស​តាម​សភាព​ការជាក់ស្តែង​។

​សូម​អនុញ្ញាត​ជម្រាបជូន​ថា នៅវេលា​ម៉ោង ១៦:០០ រសៀល​ថ្ងៃ​ដដែល នៅ​វិមាន​សន្តិភាព​នឹងមាន​រៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណ​នៃ​ការ​យោគ​ជល់​គ្នា​រវាង​សាធារណរដ្ឋ​ហុង​គ្រី និង​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហុន សែន នាយករដ្ឋមន្ត្រី​។ ចំពោះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ​
​់ និង​នេសាទ មាន​ឯកសារ​អនុស្សរណ​នៃ​ការ យោគយល់​គ្នា​មួយ​ដែល​ត្រូវ​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន​។ ខ្លឹមសារ​សំខាន់ៗ​នៃ​ឯកសារ​នេះ​គឺ​បាន​រំលេច​ឡើង​អំពី​កិច្ចសហប្រតិបត្តិការ​លើ​៖
១- ផលិតកម្ម​ដំណាំ និង​ការអភិវឌ្ឍ​ពូជ​ដំណាំ​
២- សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​
៣- វិស័យ​ជលផល និង​វារីវប្បកម្ម
៤- ការជំរុញ​ការធ្វើ​ក​សិ​-​ពាណិជ្ជកម្ម
៥- កិច្ចសហប្រតិបត្តិការ​លើ​ការត្រួតពិនិត្យ អនាម័យ និង​ភូតគាម​អនាម័យ​(SPS)
៦- ការការពារ​ព្រៃ និង​ដាំ​ឈើ​ឡើងវិញ​
៧- ការកែច្នៃ​ផលិតផល​កសិកម្ម និង​ទីផ្សារ​
៨- ការ​រួមគ្នា​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម
៩- បច្ចេកវិទ្យា​កសិកម្ម ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​
១០- ការផ្លាស់ប្តូរ​ជំនាញ ចំណេះដឹង និង​បទពិសោធន៍ និង​
១១- ជំរុញ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងលើ​ភាពជា​ដៃគូ​នៃ​ការ​ធ្វើក​សិ​-​ពាណិជ្ជកម្ម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×