Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​ក្រសួង​ប្រកាសថា អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ៦២៨​នាក់ ត្រូវបាន​ធ្វើតេស្ត​រក​មិនឃើញ​កូ​វីដ​១៩​នោះទេ​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ការធ្វើ​តេស្ត​លើ​សំណាក​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ប្រទេស​ហុង​គ្រី លើ​មនុស្ស​៦២៨​នាក់ រួមទាំង​ថ្នាក់​ដឹក​រាជរដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​ផង​នោះ ដោយ​លទ្ធផល​តេស្ត​បញ្ជាក់ថា មិនមាន​ឆ្លង​វីរុស​កូ​វីដ​១៩​នេះ​ទេ​។ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា មិនមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ទេ និង​មាន​អ្នកជំងឺ​៣​នាក់​ព្យាបាល​ជាសះស្បើយ​។​

​សម្រាប់​អ្នក​ប៉ះពាល់​ជាមួយនឹង រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ត្រូវបាន​ក្រសួង​បញ្ជាក់ថា ក្រោយពី​ទទួលបាន​សេចក្ដី​ជូន​ព័ត៌មាន ស្ដីពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ របស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ក្នុងពេលដែល​គាត់​កំពុង​បំពេញបេសកកម្ម​ផ្លូវការ​នៅ​ថៃ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​កម្ពុ​ជា បានធ្វើការ​ស្រាវជ្រាវ ភ្លាមៗ ដើម្បី​រក​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គាត់ ក្នុង​រយៈ​ពេលដែល​បានធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ ហើយ​បាន និង​កំពុង​យក​វត្ថុ​សំណាក​អ្នក​ដែល​ប៉ះពាល់ ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។​

​គិត​ត្រឹម​ម៉ោង​២៣​និង​០០​នាទី​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នក​ប៉ះពាល់​សរុប​ចំនួន ៦២៨​នាក់ ត្រូវបាន​ធ្វើតេស្ត​វត្ថុ​សំណាក ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ទទួលបាន​លទ្ធផល «​អ​វិ​ជ្ជ​កមាន​វីរុស​កូ​វី​១៩» ទាំងអស់គ្នា ហើយ​ក្រសួង​កំពុង​ស្រាវជ្រាវ និង​ជម្រាបជូន​សាធារណជន នៅពេល​ទទួលបាន​លទ្ធ​ផល​វិភាគ​វត្ថុ​សំណាក​ជា​បន្តបន្ទាប់​ទៀត​។​

​លើសពីនេះ ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក និង​ធ្វើការ​អំពាវនាវ​សារជាថ្មី​ម្តងទៀត សូម​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ត្រូវ​ពាក់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ជាពិសេស​នៅពេល​ចល័ត​ធ្វើដំណើរ និង​ពេល​ជួប​មនុស្សម្នា​ច្រើន ប្រើ​កន្សែង ឬ​ក្រ​ម៉ា​ខ្ទប់មាត់​ពេល​ក្អក កណ្តាស់ ដើម្បី​ចៀសវៀង​ការចម្លង​វីរុស​កូ​វីដ​១៩ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​។​

​ចំណែក​អ្នកជំងឺ​ជាសះស្បើយ​ទាំង​៣​នាក់​រួមមាន​៖ បុរស​ជនជាតិខ្មែរ​អា​យុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​អ៉ី​រ៉ា​ក់ បន្ត​ជើងហោះហើរ​នៅ​ទីក្រុង​ដូ​ហា និង​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​។ បុរស​ជនជាតិ​ប៉ូឡូញ​អាយុ ៤៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​។ បុរស​ជនជាតិ​បារាំង​អាយុ ៣៧​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​បារាំង បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។ បុគ្គល​ទាំងបី​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង ៧​និង​០០​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​កម្ពុជា អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៩២​នាក់ (​ស្រី ៦០​នាក់ និង​បុរស ២៣២​នាក់​) ក្នុងនោះ ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៦​នាក់ និង អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​៦​នាក់​៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×