Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​រដ្ឋមន្ត្រី​ វេ​ង​ សាខុន និង​ភរិយា​ត្រូវដាក់​ឲ្យ​នៅ​បន្ទុប់​ក្នុងផ្ទះ រយៈពេល ១៤​ថ្ងៃ​

spot_img

​ភ្នំពេញ ​៖ ​លោក​រដ្ឋមន្ត្រី​វេ​ង​សាខុន និង​ភរិយា​ត្រូវដាក់​ឲ្យ​នៅ​បន្ទុប់​ក្នុងផ្ទះ រយៈពេល ១៤​ថ្ងៃ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ទាប់ពី​លោក​រដ្ឋមន្ត្រី​បាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​នាពេល​កន្លងមក​។​

​លោក​រដ្ឋមន្ត្រី​វេ​ង​សាខុន​បាន​សរសេរ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​កនា​ព្រឹក​ថ្ងៃ​សុក្រ​នេះ “​យើងខ្ញុំ​ទាំងពីរ​នាក់​ត្រូវដាក់​ឲ្យ​នៅ​បន្ទុប់​ក្នុងផ្ទះ រយៈពេល ១៤​ថ្ងៃ តាម​វិធានការ​របស់​ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះ​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​ការលុបចោល​កម្មវិធី​ជាច្រើន​ដែល​ត្រូវ​ចុះ​មូលដ្ឋាន​តាម​បណ្តា​ខេត្ត ដែល​យើងខ្ញុំ​បាន​សន្យា​កន្លងមក​។ ប៉ុន្តែ​អ្វី​ដែលជា​ភា​កិច្ច​របស់ខ្ញុំ​ដែល​ត្រូវបំពេញ​ជាប្រចាំ​រាល់ថ្ងៃ​នោះ នៅតែ​បំពេញ​គឺ ការហាត់​ប្រាណ ការត្រួតពិនិត្យ​ឯកសារ និង​ការសម្រេច​ទៅលើ​រាល់​ឯកសារ​នានា​តាម​សមត្ថកិច្ច​ទទួលខុសត្រូវ របស់ខ្ញុំ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រគល់​ជូន​”​។​

ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានប្រកាស​ឲ្យ​អ្នក​ប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ទាំងអស់​ដែល​បានធ្វើ តេស្ត​អវិជ្ជមាន​មេរោគ​កូ​វី​១៩ លើក​ទី​១ ទៅធ្វើ​តេស្ត​ចំនួន​៣ ដង​ទៀត ដើម្បី​ឲ្យ​ប្រាកដថា​ខ្លួន​មិន​ឆ្លង​មេរោគ​នេះ​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ប្រាប់​ឲ្យ​ដឹងថា ទីតាំង​ធ្វើតេស្ត​មេរោគ​កូ​វីដ​១៩​សម្រាប់​មនុស្ស​ទាំង​៦២៨​នាក់ ចំនួន​៣​ដង​ទៀត គឺ​នៅ​វិមាន​មិត្តភាព ចាប់ពី​ម៉ោង​៧​ព្រឹក​តទៅ តាម កាលបរិច្ឆេទ ដូចខាងក្រោម​នេះ​៖ លើក​ទី​២ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០ , លើក​ទី​៣ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​លើក​ទី​៤ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

​ក្រសួងសុខាភិបាល បាន​អំពាវនាវ​យ៉ាងទទូច ដល់​អ្នក​ដែល​បានធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ លើក​ទី​១​រួចរាល់​ហើយ ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន​នោះ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​ធ្វេសប្រហែស​ឲ្យ​សោះ ដើម្បី​ចៀសវាង​ការ​ចម្លងរោគ​ទៅក្នុង​សហគមន៍​។

​លោកស្រី យក់ សម្បត្តិ ថែម ទៀត​បាន​អំពាវនាវ ថ្នាក់ដឹកនាំ មន្ត្រី និង​អ្នកសារព័ត៌មាន ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​មិនទាន់បាន​ធ្វើតេស្ត ត្រូវ​ទៅពិនិត្យ​សុខភាព​រក​មេរោគ​កូ​វីដ​១៩ ជាបន្ទាន់​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ការធ្វើ​តេស្ត​លើ​សំណាក​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ប្រទេស​ហុង​គ្រី លើ​មនុស្ស​៦២៨​នាក់ រួមទាំង​ថ្នាក់​ដឹក​រាជរដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​ផង​នោះ ដោយ​លទ្ធផល​តេស្ត​បញ្ជាក់ថា មិនមាន​ឆ្លង​វីរុស​កូ​វីដ​១៩​នេះ​ទេ​។ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ថា មិនមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ទេ និង​មាន​អ្នកជំងឺ​៣​នាក់​ព្យាបាល​ជាសះស្បើយ​។

​សម្រាប់​អ្នក​ប៉ះពាល់​ជាមួយនឹង រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ត្រូវបាន​ក្រសួង​បញ្ជាក់ថា ក្រោយពី​ទទួលបាន​សេចក្ដី​ជូន​ព័ត៌មាន ស្ដីពី​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ របស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី ក្នុងពេលដែល​គាត់​កំពុង​បំពេញបេសកកម្ម​ផ្លូវការ​នៅ​ថៃ នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​កម្ពុ​ជា បានធ្វើការ​ស្រាវជ្រាវ ភ្លាមៗ ដើម្បី​រក​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​គាត់ ក្នុង​រយៈ​ពេលដែល​បានធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងទៅនេះ ហើយ​បាន និង​កំពុង​យក​វត្ថុ​សំណាក​អ្នក​ដែល​ប៉ះពាល់ ទៅ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

​គិត​ត្រឹម​ម៉ោង​២៣​និង​០០​នាទី​យប់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អ្នក​ប៉ះពាល់​សរុប​ចំនួន ៦២៨​នាក់ ត្រូវបាន​ធ្វើតេស្ត​វត្ថុ​សំណាក ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ទទួលបាន​លទ្ធផល «​អ​វិ​ជ្ជ​កមាន​វីរុស​កូ​វី​១៩» ទាំងអស់គ្នា ហើយ​ក្រសួង​កំពុង​ស្រាវជ្រាវ និង​ជម្រាបជូន​សាធារណជន នៅពេល​ទទួលបាន​លទ្ធ​ផល​វិភាគ​វត្ថុ​សំណាក​ជា​បន្តបន្ទាប់​ទៀត​។

​លើសពីនេះ ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក និង​ធ្វើការ​អំពាវនាវ​សារជាថ្មី​ម្តងទៀត សូម​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ត្រូវ​ពាក់​ម៉ាស (​ក្នុងករណី​ចាំបាច់​) ជាពិសេស​នៅពេល​ចល័ត​ធ្វើដំណើរ និង​ពេល​ជួប​មនុស្សម្នា​ច្រើន ប្រើ​កន្សែង ឬ​ក្រ​ម៉ា​ខ្ទប់មាត់​ពេល​ក្អក កណ្តាស់ ដើម្បី​ចៀសវៀង​ការចម្លង​វីរុស​កូ​វីដ​១៩ ដែល​អាច​កើតមានឡើង​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×