Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ឌិត យង់ ពៅ ៖ «​ស្លឹកត្នោត ខ្ចប់​ស្ករត្នោត ជា​រូបមន្ត បាន​ប្រើ​នៅ​រាជបណ្ឌិត្យសភា​»

spot_img

​ភ្នំពេញ​៖​រាជបណ្ឌិត្យសភាកម្ពុជា​គឺជា​ស្ថាប័ន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​វិទ្យាសា​ស្ត្រលើ​គ្រប់​វិស័យ​ជាន់ខ្ពស់​មួយ​របស់​ជាតិ ហើយ​សមិទ្ធផល​របស់​ស្ថាប័ន​ប្រមូលផ្តុំ​បញ្ញាជន​ជាតិ​មួយ​នេះ​កើតចេញ​ការអភិវឌ្ឍ​ដោយ​ប្រើប្រាស់​រូបមន្ត​«​យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​»​ដែលជា​រូបមន្ត​មួយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ជាតិ​ឱ្យមាន​ការរីកចម្រើន​មកដល់​បច្ចុប្បន្ន​។ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​។

​ថ្លែង​ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែតុលា ឆ្នាំ​២០២០ របស់​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុង​បន្ទប់​ប្រជុំ RAC ២-១១ អគារ​ឥន្ទ្រ​ទេវី នៃ​រាជបណ្ឌិត្យ សភាកម្ពុជា​នេះ ឯកឧត្តម​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើកឡើងថា ធនធានមនុស្ស​ដែល​មក​ទទួល​បណ្តុះបណ្តាល​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​សុទ្ធតែ​ទទួលបាន​ចំណេះ​ជំនាញ​ច្បាស់លាស់ មានគំនិត​វិភាគ​គ្រប់​ជ្រុងជ្រោយ មាន​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ទទួលបាន​មុខតំណែង​តួនាទី​ការងារ​ល្អ​ទាំង​នៅក្នុង​វិស័យ​រដ្ឋ​និង​ឯកជន​។

​ឯកឧត្តម​បណ្ឌិត យង់ ពៅ ក្នុងនាម​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បានលើកឡើង​ជាក់ស្តែង​ថា បច្ចុប្បន្ន មន្ត្រី​រាជបណ្ឌិត្យ សភា​កម្ពុជា​ដែល​បានទទួល​ការបណ្តុះបណ្តាល​នៅ​រាជបណ្ឌិត្យ សភាកម្ពុជា​តា​ម​រូបមន្ត​«​យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​»​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​វិវត្តន៍​ខ្លួន​ពី​មន្ត្រី​ក្លាយទៅជា​ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​និង​អង្គភាព​ឧបសម្ព័ន្ធ​របស់​រាជបណ្ឌិត្យ​សភា​កម្ពុជា ហើយ​បាននិងកំពុង​បញ្ចេញ​សមត្ថភាព​បំពេញការងារ​ស្រាវជ្រាវ​តាម​ចំណេះ​ជំនាញ​របស់ខ្លួន​បម្រើ​ជូន​ស្ថាប័ន និង​សង្គមជាតិ​យ៉ាងសកម្ម​។ ឯកឧត្តម​បណ្ឌិត​លើក​ឈ្មោះ​ថ្នាក់ដឹកនាំ​៥​រូប​ដែល​បាន​សិក្សា​រៀនសូត្រ​ថ្នាក់បណ្ឌិត​នៅ​រាជបណ្ឌិត្យសភាកម្ពុជា ហើយ​បាន​ក្លាយជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​រួមមាន​៖ ១. ឯកឧត្តម​បណ្ឌិត យង់ ពៅ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​មាន​តួនាទី​ជា​អគ្គលេខាធិការ​រាជ បណ្ឌិត្យ សភា​កម្ពុជា ២. ឯកឧត្តម​បណ្ឌិត គិ​ន ភា ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​មាន​តួនាទី​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា ៣. ឯកឧត្តម​បណ្ឌិត មាឃ បូរ៉ា ជំនាញ​សិលាចារឹក​មាន​តួនាទី​ជា​ប្រធាន​វិទ្យាស្ថាន​ភាសាជាតិ ៤. ឯកឧត្តម​បណ្ឌិត នុត សម្បត្តិ ជំនាញ​វិទ្យាសាស្ត្រ​សុខាភិបាល​មាន​តួនាទី​ជា​ប្រធាន​វិទ្យាស្ថាន​ជីវសាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម និង​៥. ឯកឧត្តម​បណ្ឌិត ផុន កសិកា ជំនាញ​បុរាណវិទ្យា​មាន​តួនាទី​ជា​ប្រធាន​វិទ្យាស្ថាន​មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​។

​ផ្អែក​តាម​រូបមន្ត​«​យក​ស្លឹកត្នោត​ខ្ចប់​ស្ករត្នោត​» រាជបណ្ឌិត្យសភាកម្ពុជា​បាននិងកំពុង​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស​បន្ថែមទៀត ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​ស្ថាប័ន និង​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព ថែមទៀត​។

​ជាមួយនេះ ឯកឧត្តម​បណ្ឌិត​អគ្គលេខាធិការ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ក្រើនរម្លឹក​ថ្នាក់ដឹកនាំ​និង​មន្ត្រី​រាជបណ្ឌិត្យសភាកម្ពុជា​ទាំងអស់​នូវ​អភិក្រម​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ថា​៖«​ទ្រឹស្តី​ផ្សារភ្ជាប់​នឹង​ការអនុវត្ត ចងភ្ជាប់​ដោយ​លទ្ធផល ហើយ​ត្រូវមាន​ក្រមសីលធម៌​វិជ្ជាជីវៈ​»​។

​ក្នុងន័យនេះ ឯកឧត្តម​បណ្ឌិត​អគ្គលេខាធិការ​បាន​ក្រើនរម្លឹក​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ឱ្យ​គោរព​វិន័យ និង​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ជូន​ស្ថាប័ន និង​សង្គមជាតិ ដើម្បី​បន្សល់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ឱ្យ​ស័ក្តិសម​នៅក្នុង​ស្ថាប័ន​បណ្តុះបណ្តាល​និង​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​របស់​ជាតិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×