Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម បើក​សិក្ខាសាលា​ជាតិ ពិគ្រោះ​យោបល់​លើ សេចក្ដីព្រាង​ឯកសារ​ទស្សនទាន ដំណាក់កាល​ទី​២ របស់ គ​.​ជ​.​អ​.​ប​

spot_img

​ភ្នំពេញ​៖​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​អញ្ជើញ​ជា​អ​ធិ​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ (២០២១-២០៣០) ដោយមាន​ការចូលរួម​ពី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃ​ក្រសួង ស្ថាប័ន​នានា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ អភិបាល នៃ​គណៈ​អភិបាល រាជធានី​-​ខេត្ត ស្នងការ​នគរបាល​រាជធានី​-​ខេត្ត ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាច្រើនរូប​ទៀត សរុប​ប្រមាណ​២៥៤​នាក់​។​

​សូម​ជម្រាបជូន​ដែរ​ថា ឯកសារ​ទស្សនទាន​នេះ គឺជា​ឯកសារ​សម្រាប់​តម្រង់ទិស​ដល់​ការរៀបចំ​តាក់តែង​កម្ម​វិធី​ជាតិ​ដំណាក់កាល​ទី​២​។ ឯកសារ​ទស្សនទាន​នេះ ត្រូវបាន​រៀបចំឡើង ដោយមាន​ការពិគ្រោះ​យោបល់ យ៉ាង​ទូលំទូលាយ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​បាន​ឆ្លង​កិច្ចប្រជុំ​របស់ គ​.​ជ​.​អ​.​ប មុននឹង​ដាក់ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។ ឯកសារ​ទស្សនទាន​នេះ ក៏បាន​បង្ហាញ​ផងដែរ អំពី​ចក្ខុវិស័យ គោលបំណង គោលដៅ​យុទ្ធសាស្ដ្រ នៃ​ការរៀបចំ​កម្មវិធី​ជាតិ សមាសភាគ​សំខាន់ៗ​នៃ​កម្មវិធី​ជាតិ​ដែល​រួមមាន កិច្ចការ​ជា​អាទិភាព​នានា ព្រមទាំង​បែបផែន​នៃ​ការគ្រប់គ្រង និង​ការអនុវត្ត​កម្មវិធី​ដំណាក់កាល​ទី​២​ផងដែរ​។​

​សូមបញ្ជាក់​ជូន​ផងដែរ​ថា រាជរដ្ឋាភិបាល​បានចាត់ទុក​កំណែទម្រង់​អភិបាលកិច្ច គឺជា​កិច្ចការ​ដ៏​មាន​សារសំខាន់​ក្នុងការ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​ឋានៈ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ជាមួយគ្នា​នោះ​ផងដែរ​ដើម្បី​សម្រេច​គោលដៅ​នេះ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ធ្វើ​ទំនើបកម្ម​យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ​នូវ​ប្រព័ន្ធ អភិបាលកិច្ច​តាមរយៈ​កម្មវិធី​កំណែទម្រង់​នានា រួមមាន កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ និង​កំណែទម្រង់​តាម​វិស័យ​នានា​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×