Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្ខុវិស័យ​រាជរដ្ឋាភិបាល សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាងមុខ ចាំបាច់​ត្រូវ​បន្តធ្វើ​កំណែទម្រង់ រចនាសម្ព័ន្ធ​រដ្ឋបាល​សាធារណៈ ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព​

spot_img

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដើម្បី​ធានា​សម្រេចបាន​ចក្ខុវិស័យ​រាជរដ្ឋាភិបាល សម្រាប់​រយៈពេល​១០​ឆ្នាំ​ខាងមុខ ចាំបាច់​ត្រូវ​បន្តធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព ដែល​ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល សាធារណៈ គឺជា​កត្តា​ដ៏​មាន​សារសំខាន់​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ​ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​ភិ​វឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​អញ្ជើញ​មានប្រសាសន៍​នាឱកាស​នោះ សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ភាគី​ពាក់ព័ន្ធ​របស់​រដ្ឋ​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ដែល​បានផ្តល់​ការគាំទ្រ និង​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​ក្នុង​ដំណើរការ​កំណែ ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លងមក​នេះ ដោយបាន​ជំរុញ​ឱ្យ​កំណែទម្រង់​នេះ​មាន​ការវិវឌ្ឍ​ជា​ជំហានៗ ស្របតាម​ដំណាក់កាល​នីមួយៗ​ដែល​បានកំណត់​ក្នុង​កម្មវិធី នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​រយៈពេល​១០​ឆ្នាំ​ដំបូង​២០១០-២០២០​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​គូសបញ្ជាក់​លម្អិត​ជូន​អង្គសិក្ខាសាលា​ជាតិ អំពី​សមិទ្ធផល​សំខាន់ៗ ដែល​សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក រួមមាន ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​, ការរៀបចំ​ស្ថាប័ន​នៅ​ថ្នាក់ក្រោម​ជាតិ​, ការផ្ទេរ​មុខងារ និង​ការផ្តល់សេវា​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​, វិមជ្ឈការ​ហិរញ្ញវត្ថុ​, កា​រៀបចំ​ប្រព័ន្ធ​កសាង​ផែនការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, ការពង្រឹង​គណនេយ្យភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។
​ដោយឡែក​បញ្ហា​ប្រឈម​ជា​គន្លឹះ​មួយចំនួន​ដែល​ត្រូវ​រួមគ្នា​បន្ត​ដោះស្រាយ​នោះ​រួមមាន បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ស្ថាប័ន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​មុខងារ​, បញ្ហា​ពាក់ព័ន្ធ​នឹង​ការធ្វើ​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​៖ , បញ្ហា​ពាក់ព័ន្ធ​នឹង​ភាពជា​ដៃគូ​ជាមួយ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន​។​

បញ្ហា​ពាក់ព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​៖
​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​ដើម្បី​ធានា​សម្រេចបាន​ចក្ខុវិស័យ​រាជរដ្ឋាភិបាល​សម្រាប់រ​យៈ​ពេល​១០​ឆ្នាំ​ខាងមុខ​ចាំបាច់​ត្រូវ​បន្តធ្វើ​កំណែទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​មាន​ប្រសិទ្ធភាព ដែល​ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល សាធារណៈ គឺជា​កត្តា​ដ៏​មាន​សារសំខាន់ ពោលគឺ កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២​នឹងត្រូវ​កំណត់ឱ្យ​បានច្បាស់លាស់​នូ​វ​ការទទួលខុសត្រូវ រវាង​ក្រសួង​ស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នីមួយៗ ដើម្បី​ចៀសវាង​ឱ្យបាន​នូវ​ភាពមិនច្បាស់លាស់​នៃ​ការទទួលខុសត្រូវ និង​ភាព​ត្រួតស៊ីគ្នា​នៃ ការទទួលខុសត្រូវរ​វាង​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​រវាង​រដ្ឋបាល​ថ្នាក់ក្រោម ជាតិ​នីមួយៗ​។​

​សម្បី​សម្រេច​ការងារ​នេះ សម្ដេច​បាន​មានប្រសាសន៍ថា គ​.​ជ​.​អ​.​ប​. បាន​ចាត់ចែង​ឱ្យមាន​ការសិក្សា និង​រៀបចំសេចក្តី ព្រាង​ឯកសារ​ទស្សនទាន​សម្រាប់​ជា​មូលដ្ឋាន​តម្រង់ទិស​ដល់​ការរៀបចំ​តាក់តែង​កម្ម​វិធី​ជាតិ​សម្រាប់ រយៈពេល​១០​ឆ្នាំ​ដំណាក់កាល​ទី​២ ពី​ឆ្នាំ​២០២១​ដល់​ឆ្នាំ​២០៣០ ដោយបាន​ប្រើប្រាស់​ពេលវេលា​ជាង​៦​ខែ ដើម្បី​សិក្សា​រៀបចំ​ឯកសារ​ទស្សនទាន​នេះ ដោយមាន​ការពិភាក្សា និង​ពិគ្រោះ​យោបល់​ជាមួយ​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង ស្ថាប័ន​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​មួយចំនួន​។​

​ដើម្បីឱ្យ​ឯកសារ​ទស្សនទាន​នេះ ទទួលបាន​នូវ​ធាតុ​ចូល​បន្ថែមទៀត សម្ដេច​ក្រឡាហោម​បានផ្ដល់​ចក្ខុវិស័យ​គន្លឹះ​សំខាន់ ជូន​អង្គសិក្ខាសាលា​ពិចារណា ពាក់ព័ន្ធ​នឹង​ការពិនិត្យ​ឡើងវិញ​នូវ​មុខងារ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​នៃ​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ រដ្ឋបាល​រាជធានី រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង ស្រុក និង​ឃុំ សង្កាត់​, ការរៀបចំ​ធនធាន និង​កិច្ចការ​ពាក់ព័ន្ធ​ចាំបាច់​នានា​៖, អភិបាលកិច្ច​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​កិច្ចការ​អន្តរ​វិស័យ​។
​សម្ដេច​សង្ឃឹមថា សិក្ខាសាលា​ជាតិ​នា​ថ្ងៃនេះ នឹង​ទទួលបាន​នូវ​មតិយោបល់​ដែលជា​ធាតុ​ចូល​ដ៏​មាន​សារសំខាន់​ជាច្រើន​បន្ថែមទៀត សម្រាប់​ការកំណត់​ចក្ខុវិស័យ និង​កិច្ចការ​ជា​អាទិភាព​នានា នៃ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២ ឱ្យ​កាន់​តែមាន​ភាពជាក់លាក់ ច្បាស់លាស់ និង​អាច​សម្រេចបាន​នៅក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខនេះ​។​

​ពី​វេទិការ​អធិបតី​នៃ​សិក្ខាសាលា​នេះដែរ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក៏បាន​បន្ត​មានប្រសាសន៍​ក្រើនរំលឹក​ដល់​ប្រធាន​ស្ថាប័ន ជាពិសេស​រដ្ឋបាល​ថ្នា់​ក្រោម​ជាតិ​គ្រប់លំដាប់​ថ្នាក់​សូម​តាមដាន និង​ក្ដាប់​ព័ត៌មាន​ឱ្យបាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម ក្ដីកង្វល់ និង​សំណូមពរ​ប្រជាពលរដ្ឋ ហើយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឱ្យបាន​លឿន និង​ប្រកបដោយ​ប្រសិទ្ធភាព​។ សម្ដេច​ក៏បាន​កោតសរសើ​រ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលមាន​ភាពម្ចាស់ការ​ចូល​រួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការចាត់វិធានការ និង​កៀរគរ​ការគាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះទឹកជំនន់​យ៉ាង​ទាន់ពេលវេលា ស្របទៅតាម​ស្ថានភាព និង​តម្រូវការ​ជាក់ស្ដែង​រប​ស់​មូលដ្ឋាន​នីមួយៗ​។​

​មុននឹង​បញ្ចប់ សម្ដេច​ក៏បាន​មានប្រសាសន៍​ជូនពរ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ រួមទាំង​ថ្នាក់ដឹកនាំ មន្ត្រី និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ជាមួយនឹង​ឯ​ឧ​ត្ត​ម​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី​ដែល​ត្រូវបាន​រកឃើញថា​មាន​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ទើបតែ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា សូម​មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​ជំងឺ​ដ៏​កាច​សាវ​ហា​នេះ​។ សម្ដេច​ក៏បាន​ថ្លែង​អំពាវនាវ​ជាថ្មីទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​បន្ត​ប្រកាន់ខ្ជាប់​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេស​ដើម្បី​បញ្ចៀស​ការឆ្លង​ចូល​សហគមន៍ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×