Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​បង្កើន​ការប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​មិន​ចុះបញ្ជី​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានធ្វើ​ទស្សនកិច្ច និង​ជួប​ជាមួយ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ពិភាក្សា​អំពី​យន្តការ​ប្រមូល​ពន្ធ​ពី​ការលក់​សេវា​ឌីជីថល របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែល​មិន​ចុះបញ្ជី ហើយ​រកចំណូលបាន​ពី​អ្នកប្រើប្រាស់​នៅ​កម្ពុជា​។

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​បន្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឱ្យបាន​កាន់តែ​ជិតស្និទ្ធ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ ជាពិសេស​ក្រុមហ៊ុន​ផ្តល់​សេវា​ឌីជីថល និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​។

​ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី បាន​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ល្អប្រសើរ​ដែល​បានមកពី​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មនសិការ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

​ជាមួយគ្នានេះ ក្នុងខណៈដែល​កម្ពុជា និង​ពិភពលោក បាននិងកំពុង​ពឹងផ្អែក​ខ្លាំង​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ជា​ជំនួយ​ដល់​ការបង្កើន​ប្រសិទ្ធភាព​ការងារ​គ្រប់​ប្រភេទ លោក​រដ្ឋមន្ត្រី​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មាន​ពី​ការគំរាមកំហែង ដើម្បី​ធានា​លំហ​អ៊ិន​ធឺ​ណិ​ត​មាន​សុវត្ថិភាព និង​សន្តិសុខ ព្រមទាំង​ផ្តល់​ការគាំទ្រ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​ព័ត៌មាន​បន្ថែម​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​។

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែង​កោតសរសើរ​ចំពោះ​សមិទ្ធផល​សម្រេចបាន​ក្នុង​រយៈពេល ៧​ខែ នៃ​ការចូល​កាន់ដំណែង​ជា​រដ្ឋមន្ត្រី​របស់លោក ជា វ៉ាន់​ដេ​ត ជាពិសេស​លើ​ទស្សនវិស័យ និង​ផែនការ​ច្បាស់លាស់​ក្នុងការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន ទូរគមនាគមន៍ និង​ប្រៃសណីយ៍​។
​លោក​ប្រតិភូ​រាជរដ្ឋាភិបាល​ក៏បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដែល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នឹង​រៀបចំ​ឱ្យមាន​បណ្តុំ​ទិន្នន័យ (Big data) ដោយ​ធ្វើ​សមាហរណកម្ម​ទិន្នន័យ​ថ្នាក់ជាតិ​គ្រប់​វិស័យ​បញ្ចូល​គ្នា និង​ចែករំលែក​ទិន្នន័យ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។​
​នៅក្នុង​ជំនួប​ពិភាក្សា​នេះ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បង្កើន​កិច្ចសហការ​ចែករំលែក​ទិន្នន័យ​គ្នា​ទៅវិញទៅមក​ផ្តល់​ទិន្នន័យ​ចំណូល​ដុល​របស់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់​តាមរយៈ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ (DMC) ព្រមទាំង​គាំទ្រ​ផ្នែក​បច្ចេកទេស​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ពន្ធដារ​ដោយ ប្រើ​ច្រកទ្វា​អ៊ីនធឺណិត​ជាតិ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​សម្រាប់​កត់ត្រា​ប្រតិបត្តិការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន​ឡាញ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ធំៗ​ទាំងអស់​៕
​ដោយ​៖CEN

spot_img
×