Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​មុខងារសាធារណៈ​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ការផ្តល់​ក្របខ័ណ្ឌ​មន្ត្រីរាជការ ជូន​ក្រសួង ស្ថាប័ន​ចំនួន​២២ សម្រាប់​ឆ្នាំ​២០២១

spot_img

​ភ្នំពេញ ៖ ក្រសួង​មុខងារសាធារណៈ បានចេញ​សេចក្តីជូនដំណឹង​ដល់​សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់​ក្រសួង ស្ថាប័ន ក្នុង​កម្មវត្ថុ ស្តីពី​ការផ្តល់​ផែនការ​ក្របខ័ណ្ឌ​ជូន​គ្រប់​ក្រសួង ស្ថាប័ន ចំនួន​២២ សម្រាប់​ឆ្នាំ​២០២១ ។ ការចេញ​សេចក្តីជូនដំណឹង​នេះ យោងតាម​ចំណារ​យល់ព្រម​ដ៏​ខ្ពង់ខ្ពស់​ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បើតាម​សេចក្តីជូនដំណឹង លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​ថ្លែងថា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់​ក្រសួង ស្ថាប័ន មេត្តា​ជ្រាបថា រាជរដ្ឋាភិបាល​បានកំណត់​ចំនួន ផែនការ​ក្របខ័ណ្ឌ​សម្រាប់​ឆ្នាំ​២០២១ ដោយ​ត្រូវអនុវត្ត​ដូចខាងក្រោម ៖

​ក​. ផែនការ​ក្របខ័ណ្ឌ មន្ត្រី​ជាប់កិច្ចសន្យា និង​មន្ត្រី​ជាប់កិច្ចសន្យា​ប្រភេទ​ផ្សេងទៀត​

១. ចំពោះ​ការជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​ឆ្នាំ​២០២១ គ្រប់​ក្រសួង ស្ថាប័ន ត្រូវអនុវត្ត​ផ្អែក​ត្រឹម​ចំនួន​ផែនការ ក្នុង​ឆ្នាំ​២០២០ ដែល​បាន​ផ្លាក​កន្លងមក​តែប៉ុណ្ណោះ លើកលែង​ក្រសួង ស្ថាប័ន​ចំនួន ០៣ គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រាជបណ្ឌិតសភា​កម្ពុជា​នៃ ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​អនុវត្ត​ការជ្រើសរើស​រួចហើយ មិនអាច​ជ្រើសរើស​ក្របខ័ណ្ឌ​ថ្មី​បន្ថែម​ក្នុង​ឆ្នាំ ២០២១ ឡើយ​។ ដោយឡែក ក្រសួង ស្ថាប័ន ដែល​បានធ្វើការ​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​មួយចំនួន​រួចហើយ ក្នុង​ឆ្នាំ​២០២០ អាចធ្វើ​ការជ្រើសរើស​ចំនួន​ក្របខណ្ឌ​ដែល​នៅសល់តែ​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​២០២១​។​

២. ការប្រឡង​ជ្រើសរើស​និង​ការអនុវត្ត​កម្មសិក្សា អាច​ចាប់ផ្តើម​ពី ខែមករា ឆ្នាំ​២០២១ តទៅ ដោយ​ត្រូវ អនុវត្ត​ខ្ជាប់​ខ្ជូ​ន​តាម​ការណែនាំ​វេជ្ជសាស្ត្រ​របស់​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូដ ១៩​។ ក្រសួង ស្ថាប័ន ត្រូវ​ជូនដំណឹង​អំពី​ការប្រឡង​ជ្រើសរើស អនុលោម​តាម​នីតិវិធី​ជា​ធរមាន និង​ខ្លឹមសារ​នៃ លិខិត​លេខ​១៩២៧ ម​ស​.​ក្រខ ចុះ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ របស់​ក្រសួង​មុខងារសាធារណៈ​។​

៣. ចំពោះ​មន្ត្រី​ជាប់កិច្ចសន្យា ឆ្មាំ​ទំនប់​ប្រព័ន្ធធារាសាស្ត្រ​ជាប់កិច្ចសន្យា គ្រូបង្រៀន​ពុទ្ធិក​ជាប់កិច្ចសន្យា គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ពីរ​ថ្នាក់​ពីរ​ពេល និង​ថ្នាក់​គួប​គ្រប់​កម្រិត គ្រូបង្រៀន​ជាប់កិច្ចសន្យា​អប់រំ ក្រៅ​ប្រព័ន្ធ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ខ្មែរ -​ឥស្លាម ដែល​ត្រូវ​ផ្តល់ជូន​ក្រសួង ស្ថាប័ន សម្រាប់​ឆ្នាំ​២០២១ គឺ​ត្រូវ​អនុវត្តតាម​ចំនួន​ដែល​បានផ្តល់​ជូន​ក្នុង​ឆ្នាំ​២០២០​។​

​ក្រសួង​មុខងារសាធារណៈ សូម​គោរព​ជូន​ភ្ជាប់​នូវ​តារាង​ឧបសម្ព័ន្ធ​ស្តីពី​ការផ្តល់​ក្របខ័ណ្ឌ​ជូន​ក្រសួង ស្ថាប័ន ចំនួន ០១​ច្បាប់​។ ដោយឡែក​សម្រាប់​តារាង​ឧបសម្ព័ន្ធ​ស្ដីពី​ការបែងចែក​មន្ត្រី​ជាប់កិច្ចសន្យា ឆ្មាំ​ទំនប់​ប្រព័ន្ធធារាសាស្ត្រ ជាប់កិច្ចសន្យា គ្រូបង្រៀន​ពុទ្ធិក​ជាប់កិច្ចសន្យា គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ពីរ​ថ្នាក់​ពីរ​ពេល និង​ថ្នាក់​គួប​ត្រប់​កម្រិត គ្រូបង្រៀន​ជាប់កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​ខ្មែរ​-​ឥស្លាម ក្រសួង​មុខងារសាធារណៈ នឹង​ផ្តល់ ជូន​នៅពេល​ក្រោយ បន្ទាប់ពី​ការពិគ្រោះ​យោបល់​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​ក្រសួង​មុខងារសាធារណៈ សូម​គោរព​ជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់​ក្រសួង ស្ថាប័ន មេត្តា​ជ្រាបថា នៅពេល​បើក​ឱ្យមាន​ការប្រឡងប្រជែង​សូមមេត្តា​រៀបចំ​ជ្រើសរើស​បេក្ខជន​ដែល មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ឱ្យចូល​បម្រើ​ការងារ ដើម្បី​បំពេញ​មុខតំណែង​ដែល​ទំនេរ និង​សេចក្តីត្រូវការ​ដែលមាន​ពិត ប្រាកដ​នៅតាម​អង្គភាព​ថ្នាក់ជាតិ មន្ទីរ និង​អង្គភាព​ជំនាញ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​យកចិត្តទុកដាក់​ដល់ បេក្ខភាព​ជា​ជនពិការ​ដែលមាន​សម​ត្ថ​ភាពសមស្រប ២% នៃ​ចំនួន​ក្របខ័ណ្ឌ​សរុប​របស់​សាមីក្រសួង ស្ថាប័ន ហើយ​គួរ​មាន បេ​ក្ខ​នារី​ជាប់​ជា​ស្ថាពរ​ពី ២០% ទៅ ៥០% នៃ​ចំនួន​ក្របខ័ណ្ឌ​ដែល​ទទួលបាន​ប្រចាំឆ្នាំ​។​

​ទន្ទឹមនេះ សូម សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់​ក្រសួង ស្ថាប័ន មេត្តា​រៀបចំ​ស្នើសុំ​មន្ត្រី​តំណាង​ក្រសួង​មុខងារសាធារណៈ ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​ឱ្យបាន​មុនពេល​រៀបចំ​បង្កើត គណៈកម្មការ​រៀបចំ​កា​រ​ប្រឡងប្រជែង​ជ្រើសរើស​ប្រចាំឆ្នាំ ដើម្បី​ក្រសួង​មុខងារសាធារណៈ មានលទ្ធភាព​ចូលរួម​សហការ ចាប់តាំងពី​ដំណាក់កាល​ដំបូង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×