Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្តេចព្រះ​មហាក្សត្រី ស្តេចយាង​មាតុភូមិនិវត្តន៍​មកដល់​កម្ពុជា ប្រកបដោយ​ព្រះរាជ​សុវត្ថិភាព​

spot_img

​ភ្នំពេញ​៖ នា​វេលា​រសៀល​ថ្ងៃទី​៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​មាតុភូមិនិវត្តន៍​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ព្រះរាជ​សុវត្ថិភាព តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន បន្ទាប់ពី​ស្តេចយាង​គង់ប្រថាប់​ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព ក្នុង​រដ្ឋធានី​ប៉េកាំង នា​រយៈពេល​ជាង ១​ខែ​កន្លងទៅ ។

​ក្នុងឱកាស​ដ៏​វិសេសវិសាល​នោះ​មានការ​យាង និង​អញ្ជើញ​ថ្វាយ​ព្រះរាជ​បដិសណ្ឋារកិច្ច​ពី​សំណាក់​ព្រះរាជវង្សានុវង្ស ឥស្សរជន​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាច្រើនរូប​ផងដែរ​។​

អញ្ជើញ​ចូលរួម​ថ្វាយ​នូវ​ព្រះរាជ​គាវរ​កិច្ច​ដ៏​ខ្ពង់ខ្ពស់​នាឱកាស​នោះ រួមមាន​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ថ្នាក់ដឹកនាំ​ស្ថាប័ន​ជាតិ​សំខាន់ៗ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្ថាន​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា​។​

​គួ​ររំលឹកថា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង និង​សម្ដេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា ព្រះអង្គ​ទាំង​ទ្វេ​ស្ដេច​បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ និង​ព្យាបាល​ព្រះរាជសុខភាព​តាម​កាលបរិច្ឆេទ​ទូលថ្វាយ​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ចំណានៗ​ដែល​រៀបចំ​ថ្វាយ​ជាពិសេស​ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលជា​បវេណី​ដ៏​ឧត្តុង្គឧត្តម​នៃ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​នៅក្នុង​ឱកាស​នៃ​ព្រះរាជ​វត្ត​មាននៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ព្រះអង្គ​ស្តេច​បាន​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ ចំនួន​៣​ថ្ងៃ នៅ​ខេត្ត​សាន​ស៊ី តប​តាម​សេចក្តី​ក្រាបបង្គំ​សូម​យាង និង​រៀបចំ​ថ្វាយ​ដោយ ឯកឧត្តម​ប្រធានាធិបតី Xi JinPing​។

​កាន់តែ​វិសេសវិសាល​ថែមទៀត​នោះ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ថ្វាយ​គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​
​ពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស​បាន​ប្រារព្ធ​ឡើង​នៅ​វិមាន​មហា​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង ដោយ​ឯកឧត្តម​ប្រធានាធិបតី Xi JinPing បាន​ថ្វាយ​ដោយផ្ទាល់​យ៉ាង​មហោឡារិក​អ​ធឹ​ក​អធម និង​ឧត្តុង្គឧត្តម​ខ្ពង់ខ្ពស់​ជាទីបំផុត​។ គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក​។

​កាលពី​រសៀល​ថ្ងៃទី​៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​យាង​ទទួល​ជួប​ព្រះរាជសវនាការ​ជាមួយ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោកជំទាវ នៅមាន​មហា​ប្រជាជន​ចិន រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយមាន​ការយាង និង​ដង្ហែ​ព្រះរាជសវនាការ​ដោយ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​ក្រសួងព្រះបរមរាជវាំង និង​ថ្នាក់ដឹកនាំ​កំពូលៗ​ចិន​ជាច្រើនរូប​ផងដែរ​។

​ប្រជានុរាស្ត្រ​កម្ពុជា​ទូទាំង​ព្រះរាជាណាចក្រ សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ និង​អបអរសាទរ​ក្នុង​មនោសញ្ចេតនា​គោរព​ស្រលាញ់​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ដែល ព្រះអង្គ ត្រូវបាន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស « មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក ដើម្បី​ជា​កិច្ច​ថ្វាយ​នូវ​ការដឹងគុណ ក្នុងការ​ចូលរួមចំណែក​ដ៏​ធំធេង នៃ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ចំណងមិត្តភាព កម្ពុជា​-​ចិន​។​

​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​គឺជា​សាក្សី​ដ៏​សំខាន់ និង​ជា​អ្នកជំរុញ​នូវ​ចំណងមិត្តភាព​ចិន​-​កម្ពុជា ។ ព្រះអង្គ បានចាប់ផ្តើម​បង្កើត​ចំណងមិត្តភាព​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ចាប់តាំងពី​ពេលដែល​ទ្រង់​បាន​ដង្ហែ​ព្រះរាជដំណើរ​ទស្សនកិច្ច នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ជា​លើកដំបូង​មកកាន់​ប្រទេស​ចិន នៅក្នុង​ឆ្នាំ ១៩៥៨ ។
​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​បាន​បំពេញ​ព្រះរាជតួនាទី​យ៉ាងសំខាន់​បំផុត ក្នុង​បុព្វហេតុ​នៃ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​២ ក្នុង​រយៈពេល​ជាង ៦០​ឆ្នាំ​កន្លងមកនេះ ហើយ សម្រាប់​ប្រទេស​ចិន ព្រះអង្គ គឺជា​សាក្សី​ដ៏​សំខាន់​ចំពោះ​ភាព​រីកចម្រើន​ទាំងឡាយ​ក្នុងសង្គម​ចិន​បច្ចុប្បន្ន ។

​សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​យ៉ាង​ពិសេស​ចំពោះ​ប្រជាជន​ចិន ហើយ​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ លើ​គ្រប់​វិស័យ ហើយ​ខ្ញុំ​កត់សម្គាល់ថា សម្តេចព្រះ​មហាក្សត្រី ព្រះអង្គ​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​ទំនាក់ទំនង​ទ្វេភាគី និង​ការលើកកម្ពស់​មិត្តភាព​រវាង​ប្រជាជន​ទាំងពីរ​។
​ឯកឧត្តម បាន​គូស​បញ្ចាក់​ទៀតថា ចាប់តាំងពី​ការបង្កើតឡើង​នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ក្នុង​រយៈពេល​ជាង ៦២​ឆ្នាំ​កន្លងមកនេះ ប្រទេស​ទាំងពីរ​តែងតែ​គាំទ្រ​គ្នា និង​ជួយ​គ្នា​បង្កើត​ចំណងមិត្តភាព​ដែកថែប ដែល​មិនអាច​បំបែក​បាន និង​ក្លាយជា​សហគមន៍​យុទ្ធសាស្ត្រ​មួយ​ដែលមាន​អនាគត​រួមគ្នា ។

​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​សហការ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការ​ឆ្ពោះទៅមុខ ឆ្ពោះទៅរក​ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ថ្នាក់ដឹកនាំ​ចិន​ជំនាន់​មុន ជាមួយនឹង សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេចព្រះ​មហាក្សត្រី និង​បញ្ចូល​កម្លាំង​ជំរុញ​ថ្មី​ដល់​ទំនាក់ទំនង​ទ្វេភាគី ក្នុងសម័យ​កាលប្រវត្តិ​សាស្ត្រ​ថ្មី​ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​គ្រឿង​ឥស្សរិយយស ដែល​ខ្ញុំ​មា​នក​ត្តិ​យស​ថ្វាយ​ជូន សម្តេចព្រះ​មហាក្សត្រី នៅពេលនេះ គឺ​តំណាង​ឲ្យ​ការគោរព​របស់​ប្រជាជន​ចិន ចំពោះ សម្តេចព្រះ​មហាក្សត្រី និង​មិត្តភាព​ដ៏​ជ្រាលជ្រៅ​របស់​ពួកគេ​ចំពោះ​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​សូម​ជូនពរ​ប្រជាជន​ចិន និង​កម្ពុជា ឲ្យ​មាន​វិបុលភាព និង​មិត្ត​ភាពជា​រៀងរហូត​។

​ប្រសាសន៍ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​រាជពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ថ្វាយ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×