Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ស្នើ​ឲ្យ​ជួល​សណ្ឋាគារ​ជាបន្ទាន់​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​រកឃើញ​អង្គរក្ស​ម្នាក់ អាយុ ៣១​ឆ្នាំ​ជា​ជនជាតិខ្មែរ ដែល​ការពារ​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ពេលធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា បាន​ឆ្លង​វីរុស​កូ​វីដ​១៩(សំឡេង)

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា សម្តេច​បានទទួល​ដំណឹង​ដ៏​គួរឱ្យ​សោកស្តាយ​មួយ​ថា មាន​អង្គរក្ស​ម្នាក់ អាយុ ៣១​ឆ្នាំ​ជា​ជនជាតិខ្មែរ ដែល​ការពារ​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ពេលធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​បាន​ឆ្លង​វីរុស​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ បានប្រកាស​អំពាវនាវ នៅ​ព្រលប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​យកចិត្តទុកដាក់​ធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យបាន​ហ្មត់ចត់​។ លទ្ធផល​ធ្វើតេស្ត​របស់​អង្គរក្ស​រូបនោះ បានបង្ហាញ​នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ​ថា រូបគេ​មាន​វិជ្ជមាន​វីរុស​កូ​វីដ​១៩​។​

​អង្គរក្ស​ម្នាក់​នោះ មាន​អាយុ ៣១​ឆ្នាំ ជា​អង្គរក្ស​ការពារ​ផ្ទាល់​ជូន​ប្រតិភូ ដែលមាន​អាសយដ្ឋាន​នៅ​សង្កាត់​អូរ​បែកក្អម ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ​។ រូបគេ​ចេញ​រោគសញ្ញា​ក្តៅខ្លួន ដោយមាន​កំដៅ ៣៦,៤ អង្សារ​សេ​, រមាស់​បំពង់ក​បន្តិច និង​ក្អក​បន្តិចបន្តួច គាត់​ពាក់​មាស់​ជាប់​ពេល​រួម​ដំណើរ​ជាមួយ​គណៈប្រតិភូ ពេលនេះ​គាត់​កំពុង​ធ្វើ​ច​ត្តា​ទ្បី​ស័ក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា នេះ​ជា​ព័ត៌មាន​ដ៏​គួរឱ្យ​សោកស្តាយ និង​ជា​គ្រោះ​ធំ​មួយ​។ សម្តេច​បាន​អំពាវនាវ​ដល់​អ្នក​ដែល​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី ឱ្យ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជាពិសេស​ក្រសួងសុខាភិបាល ត្រូវ​តាមដាន​ចំពោះ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ច្បាស់លាស់​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អ្នក​ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់​រួមគ្នា​ជម្នះ​នូវ​ឧបសគ្គ​នេះ ហើយ​ត្រូវ​រក្សា​អនាម័យ ក៏ដូចជា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ តាម​វិធានការ​សុខាភិបាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ពិភាក្សា​ជាមួយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដើម្បី​រៀបចំ​កន្លែង​ឱ្យបាន​សមរម្យ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​មិនមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ការចំណាយ​ទាំងអស់​រាជរដ្ឋាភិបាល​ជា​អ្នក​រាប់​រង​៕

​បើតាម​សារ​អំពាវនាវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដូចតទៅ​៖ “​ខ្ញុំ​សូម​ជម្រាប​ដល់​ថ្នាក់ដឹកនាំ​របស់​យើង​ទាំងអស់ ឲ្យ​បាន​ជ្រាបថា ខ្ញុំ​បានទទួល​ដំណឹង​ដ៏​គួរឱ្យ​សោកស្ដាយ ឥឡូវនេះ​បញ្ហា​បានមក​ដល់​ហើយ​អង្គរក្ស​ដែល​ការពារ​ផ្ទាល់​គណៈប្រតិភូ​ការបរទេស​របស់​ហុង​គ្រី ត្រូវបាន​ពិនិត្យឃើញថា​មាន​វិជ្ជមាន​កូ​វីដ​១៩ រួចស្រេច​ទៅហើយ ដូច្នេះ​តាមរយៈ​នេះ​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​បងប្អូន​ទាំងអស់ ដែលមាន​ការទាក់ទង​ផ្ទាល់ ជាពិសេស​បាន​ចាប់ដៃ​នឹង​ទាក់ទង​ផ្ទាល់​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី គួរ​យកចិត្តទុកដាក់​មែនទែន ទៅលើ​បញ្ហា​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការប៉ះពាល់​ទៅលើ​អ្នកដទៃ​។ អ្នកមាន​ការពាក់ព័ន្ធ​ផ្ទាល់ និង​អ្នកមាន​ការពាក់ព័ន្ធ​ដែល​ចូលទៅ​កៀក​ផ្ទាល់ ក៏ដូចជា​បានមក​ជួប​ផ្ទាល់ ជាមួយ​ក្រុមគ្រួសារ​គាត់​ត្រូវ​គ្រប់គ្រង​កូនចៅ​ឲ្យ​បាន​ហ្មត់ចត់ ជៀ​វាង​ការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ដែលមាន​ការធ្វើ​ឲ្យ​ឆ្លង​ចូលក្នុង​សហគមន៍​។ ខ្ញុំ​ចាត់ទុកថា​នេះ​ជា​បញ្ហា​ធ្ងន់ធ្ងរ​សម្រាប់​រាជធានី​ភ្នំពេញ​របស់​យើង ដោយ​ខ្ញុំ​សុំ​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​វិស័យ​សុខាភិបាល​និង​អំពាវនាវ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន ដែល​គ្រប់គ្រង​មន្ត្រី​បុគ្គលិក ក៏ដូចជា​ស្ថាប័ន​ព័ត៌មាន​ទាំងឡាយ ដែល​គ្រប់គ្រង​ព័ត៌មាន​បុគ្គលិក​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត តាមដាន​ចំពោះ​អ្នក​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ហ្មត់ចត់ បើ​មិន​ដូច្នោះ​ទេ ហាន​និ​ភ័យ​និង​មាន​ខ្ពស់បំផុត សម្រាប់​ប្រទេស​យើង​នៅក្នុង​កាលៈទេសៈ​នេះ ចាត់ទុក​រឿងនេះ​ជា​បញ្ហា​ដ៏​ធំ​នៅក្នុង​វិស័យ​សុខភាព​សាធារណៈ​របស់​យើង ដែល​មិន​ធ្លាប់មាន​ក្នុង​រយៈពេល ១០ ខែ​កន្លងមកនេះ ពីព្រោះ​មនុស្ស​ប្រមាណ​ជាង ៩០០ នាក់ ដែល​រាប់ទាំង​កូន​ប្រពន្ធ​នៅតាម​ផ្ទះ មាន​បញ្ហា​នេះ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យ​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន ខ្ញុំ​មិន​ធ្វើការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ទាំងស្រុង ឬ​ផ្នែក​ណាមួយ​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​រាំង​ទៅលើ​ដំណើរ​ចំពោះ​អ្នក​ដែល​មិន​ពាក់ព័ន្ធ​នោះដែរ ប៉ុន្តែ​ខ្ញុំ​ស្នើ​ឲ្យ​អ្នកណា​ក៏ដោយ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ការការពារ នៅក្នុង​កាលៈទេសៈ ដែល​យើង​មិនទាន់មាន​ភាពច្បាស់លាស់​នេះ ដោយ​ធ្វើ​ការពាក់​ម៉ា​សនឹង​រក្សា​គម្លាត​សុវត្ថិភាព ឱ្យបាន​ហ្មត់ចត់ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល សូម​រួមគ្នា​ចាប់ផ្ដើម​ពាក់​ម៉ាស រៀបចំ​អនាម័យ​នៅក្នុង​រយៈពេល​ពីរ​អាទិ​ត្យ​ខាងមុខនេះ មុននឹង​ចេញ​លទ្ធផល​មក បន្ទាប់ពី​ការធ្វើ​តេស្ត​ជា​បន្តបន្ទាប់ ហើយ​ខ្ញុំ​ចាត់ទុកថា​បញ្ហា​នេះ ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​នៅក្នុង​ប្រទេស​របស់​យើង​ខ្លួន​ខ្ញុំ​ក៏ត្រូវ​បន្តធ្វើ​ការធ្វើ​ច​ត្តា​ឡី​ស័ក នឹង​ការធ្វើ​តេស្ត​ហ្មត់ចត់ ប៉ុន្តែ​អ្វីដែល​សំខាន់​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អ្នក​ដែល​ចូល​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល រាប់ទាំង​ក្រុមគ្រួសារ ដែលមាន​ការពាក់ព័ន្ធ សូម​យកចិត្តទុកដាក់​កុំ​ធ្វើការ​ចល័ត ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ឲ្យ​សោះ និង​សូម​រក្សា​នៅ​សុវត្ថិភាព​សម្រាប់​ខ្លួនឯង និង​សម្រាប់​កូនចៅ​យើង និង​អ្នក​ដែល​នៅ​ជុំវិញខ្លួន​។ ខ្ញុំ​សង្ឃឹមថា​យើង​នឹង​ជំនះបាន​ការលំបាក​នៅក្នុង​កាលៈទេសៈ ដែល​សភាពការណ៍​តម្រូវ​ឲ្យ​យើង​ត្រូវតែ​ចាត់វិធានការ​ចាំបាច់ ដោយ​ខាន​ពុំបាន ទោះបីជា​ខ្ញុំ​កំពុងស្ថិត​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​ខ្ញុំ​នៅ​បន្ត​តាមដាន និង​បញ្ជា​លើ​បញ្ហា​នេះ​បន្តទៀត ប៉ុន្តែ​សុំ​ឲ្យ​មាន​កិច្ចសហការ​ពី​អ្នក ដែល​ជាប់​ពាក់ព័ន្ធ និង​ក៏​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាមដាន​សម្រាប់​អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងករណី​ដែលមាន​ការចាំបាច់​សូម​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ជួល​នៅ​សណ្ឋាគារ​ណាមួយ​ដើម្បី​ដាក់​សម្រាប់​បងប្អូន​ដែល​ពុំមាន​លទ្ធភាព ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ ដើម្បី​ឲ្យ​ពួកគាត់​អាច​ទៅ​រស់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ទី​នោះបាន​ស្រួល​ហើយ​រដ្ឋ​យើង​នឹង​ទទួលបន្ទុក ក្នុងការ​ចំណាយ​ទៅលើ​ការជួល​សណ្ឋាគារ​នៅ​ទីនោះ សូម​ឯកឧត្តម​ឃួ​ង ស្រេង ធ្វើការ​ជាមួយ​ឯកឧត្តម ម៉ម ប៊ុនហេង លោកជំទាវ​យក់ សម្បត្តិ ដើម្បី​ជ្រើស​រើសយក​សណ្ឋាគារ​ណាមួយ ហើយ​ប្រមូល​បងប្អូន​រាប់ទាំង​អ្នកសារព័ត៌មាន​ទាំងឡាយ ដែល​ខ្វះ​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្វះ​ផ្ទះសម្បែង​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​សណ្ឋាគារ​សូម​ចាត់ការ​ជាបន្ទាន់ ដោយសារតែ​ផ្នែក​ខាង​សុខាភិបាល ក៏មាន​បញ្ជា​រួចស្រេច​ទៅហើយ ដូច្នេះ​សូម​ចាត់ការ​ជាបន្ទាន់ ខ្ញុំ​នឹង​បញ្ជូន​សារ​នេះ ទៅកាន់​បណ្ដាញសារព័ត៌មាន ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ផងដែរ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×