Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​ថា ឆមាស​ទី​១ ឆ្នាំ​២០១៧ អត្រា​មនុស្ស​ស្លាប់ និង​គ្រោះថ្នាក់​បាន​ថយចុះ​

spot_img

​ព្រះសីហនុ​ ៖ គណៈកម្មាធិការ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ខេត្ត​ព្រះសីហនុ បង្ហាញ​របាយការណ៍​ស​រុ​ប​លទ្ធផល​ការងារ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ឆមាស​ទី​១ ឆ្នាំ​២០១៧ ឲ្យ​ដឹងថា ចំនួន​មនុស្ស​ស្លាប់ និង​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​ថយចុះ បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦​។​

​លទ្ធផល​នេះ បានបង្ហាញ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក ដែល​ក្រុមការងារ​សម្រេចបាន ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​បន្ត រៀបចំ​ដោយ អនុគណៈកម្មការ​សុ​វត្តិភាព ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែតុលា​ឆ្នាំ​២០១៧​។​

​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ លោក ណុប ហេង បានបង្ហាញ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឆមាស​ទី​១ ឆ្នាំ​២០១៧ បញ្ជាក់ថា គ្រោះថ្នាក់​នេះ បាន​កើតមាន​ចំនួន ១១០​ករណី (​បរទេស ១៥​ករណី ជនបង្ក ១២​លើក ជនរងគ្រោះ ៣​លើក )​។ អត្រា​នេះ​បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦ បាន​កើតមាន​ចំនួន ១៧៦​ករណី ថយចុះ ៦៦​ករណី ឬ​ស្មើ ៣៧​ភាគរយ​។​

​គ្រោះថ្នាក់​នេះ បានសម្លាប់​មនុស្ស​ចំនួន ៣១​នាក់ ស្រី ៨​នាក់ (​ជនបរទេស ២​នាក់ គឺ​ជន​ជាតិចិន និង​អង់គ្លេស​។ បើ​ប្រៀបធៀប ឆមាស​ទី​១ ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នេះ បានសម្លាប់​មនុស្ស​ចំនួន ៥៦​នាក់ បាន​ថយចុះ ២៥​នាក់ ឬ​ស្មើ​៤៤.៦៤​ភាគរយ​។ ក្នុងនោះ​រងរបួស​ធ្ងន់​ស្រាល​ចំនួន ២០២​នាក់ ស្រី ៤២​នាក់ (​ជនបរទេស ១៧​នាក់ )​។ បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦ មាន​អ្នករងរបួស​ចំនួន ៣១០​នាក់ គឺ​ថយចុះ ១០៨​នាក់ ឬ​ស្មើ ៣៤.៨៣​ភាគរយ​។ របួសធ្ងន់ ១០០​នាក់ ស្រី ១៤​នាក់ (​បរទេស ៨​នាក់​) និង​របួសស្រាល ១០២​នាក់ ស្រី ៣២​នាក់ (​បរទេស ៩​នាក់​)​។​

​របាយការណ៍​ដដែល បាន​បង្ហាញថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឆមាស​ទី​១ ឆ្នាំ​២០១៧ បាន​ខូចខាត​យានយន្ត ចំនួន ១៨១​គ្រឿង បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៦ មាន​យានយន្ត​ចំនួន ២៩២​គ្រឿង បាន​ខូចខាត គឺ ថយចុះ​ចំនួន ១១១​គ្រឿង ឬ​ស្មើ ៣៨​ភាគរយ។​

​នាឱកាស​នោះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​អនុគណៈកម្មការ​សុ​វត្តិភាព ចរាចរណ៍​ផ្លូវគោក​ខេត្ត​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ អាណាព្យាបាល និង​ក្រុមយុវជន ត្រូវ​ចូលរួម​អប់រំ​ផ្សព្វផ្សាយ បំផុស​ឲ្យ​គ្រប់ភាគី​ពាកព័ន្ធ ត្រូវ​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បាន​ទាំងអស់គ្នា ដើម្បី​ឈានទៅ​ទប់ស្កាត់​ចំនួន​មនុស្ស​ស្លាប់ និង​រងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយចុះ​ចំនួន នា​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត​។​

​ត្រង់ចំណុច​នេះ លោក យន្ត មីន បាន​កត់សម្គាល់ថា កន្លងមក ទោះបី​មាន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ ឬ​អ្នកបើកបរ បាន​ចូលរួម​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​កំណើន​ខ្ពស់​បែបណា​ក្តី ក៏ប៉ុន្តែ​ការធ្វេសប្រហែស និង​ការបើកបរ​បំពាន​ច្បាប់ របស់​អ្នក​កាន់​ដៃចង្កូត​មួយចំនួន នៅតែ​បន្ត​មាន​កំណើន​ខ្ពស់ ជាពិសេស​នៅពេល​មាន​ពិធី​បុណ្យជាតិ​ធំៗ​ចូល​មកដល់​ជាដើម​។​

​ថ្នាក់ដឹកនាំ​គណៈកម្មការ​សុ​វត្តិភាព ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់ថា កន្លងមក ឥរិយាបទ​ក្នុង​ការបើក​បរមាន​ល្បឿន​លឿន​ហួស​ច្បាប់​កំណត់ ការមិន​គោរព​សិទ្ធិ​អទិភាព ការបត់ ការ​ជែង ការបើកបរ​ក្រោម​ឥទ្ធិពល​ស្រវឹង ការដឹក​លើស​ចំណុះ ការមិន​ពាក់មួក​សុ​វត្តិភាព និង​ការបើក​បរជែង​គ្នា​ជាដើម គឺជា​ដើមហេតុ​ចម្បង បង្ក​ឲ្យ​កើតមាន​គ្រោះ​ធ្នាក់​ចរាចរណ៍ នៅតាម​ផ្លូវ​សាធារណៈ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ជា​បន្តបន្ទាប់​មកនេះ​។​

​តាម​អនុក្រឹត្យ​លេខ ៨៤​អនក្រ ចុះ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៥ ស្ដីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​សុ​វត្តិភាព ចរាចរណ៍​ផ្លូវគោក បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត ឲ្យ​មាន​គណៈកម្មាធិការ​ជាតិ​សុ​វត្តិភាព ចរាចរណ៍​ផ្លូវគោក និង​អនុគណៈកម្មការ​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក​តាម​ខេត្ត​នេះ​ឡើង ប្រយោជន៍​ដើម្បី​ធានា ដល់​ការគ្រប់គ្រង​ឲ្យ​បានល្អ​ប្រសើរ នូវ​ការធ្វើ​ចរាចរណ៍ ការដឹកជញ្ជូន​ទំនិញ ការធ្វើដំណើរ​កំសាន្ត របស់​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​សុ​វត្តិភាព​៕ ដោយ ៖ សត្យា

spot_img
×