Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ផ្សោត​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ងាប់ នៅក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មា​

spot_img

​ខេត្ត​ត្បូងឃ្មុំ​៖ អង្គការ WWF មានការ​សោកស្តាយ​យ៉ាងខ្លាំង បន្ទាប់ពី​បានទទួល​ដំណឹង​ថា សត្វ​ផ្សោត​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​ងាប់ នៅក្នុង​ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។​

ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ប្រទះឃើញ​សាកសព​របស់​សត្វ​ផ្សោត​នេះ​កាលពី​ថ្ងៃ​ម្សិលមិញ​នៅតាម​បណ្តោយ​ច្រាំងទន្លេ ហើយ​បាន​រាយការណ៍​ពី​ហេតុការណ៍​នេះ​ភ្លាម​ជូន​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​។ ក្រោយពី​ទទួលបាន​របាយការណ៍​នៃ​ឧបទ្ទវ​ហេតុនេះ មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល និង​បុគ្គលិក​អង្គការ WWF បាន​ចុះទៅពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ ដែល​ទីនោះ​ត្រូវបាន​កំលាំង​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ការពារ​យ៉ាង​ត្រឹមត្រូវ​ល្អ​ដើម្បី​ធានាថា​គ្មាន​ការរំខាន​ដល់​សាកសព​របស់​សត្វ​ផ្សោត​រហូតដល់​មន្ត្រី​ជំនាញ​និង​អ្នកវិទ្យាសាស្ត្រ​អញ្ជើញ​ទៅដល់​។​

​ការវិភាគ​បឋម​លើ​សាកសព​សត្វ​ផ្សោត​បានបង្ហាញ​ថាស​ត្វ​ផ្សោត​ដែល​ងាប់​នេះ​ជា​សត្វ​ផ្សោត​ញី​ពេញវ័យ​មាន​អាយុប្រមាណ​ជា ២៧ ឆ្នាំ និង​មាន​ប្រវែង ២,២ ម៉ែត្រ​។ ក្រុម​ជំនាញ​មិនអាច​បញ្ជាក់​ពី​ទម្ងន់​របស់​វា​បានទេ ហើយក៏​មិនបាន​រកឃើញថា​មាន​សញ្ញា​នៃ​ការរង​របួស​លើ​រាងកាយ ឬ​ស្លាកស្នាម​ពី​ការជាប់​នឹង​មង​នេសាទ ទេ ដោយហេតុថា​សាកសព​មាន​ស្ថានភាព​រលួយ​ខ្លាំង​។ ផ្អែក​តាម​របាយការណ៍​បឋម ក្រុម​ជំនាញ​បាន​សន្និដ្ឋានថា​សត្វ​ផ្សោត​មួយ​ក្បាល​នេះ​បាន​ហែល​ចេញពី​ទីជម្រក​របស់​វា​នៅក្នុង​ខេត្តក្រចេះ វង្វេង​រហូត​ដាច់​សង្វែង​ពី​ហ្វូង​របស់​វា ហើយ​ថាស​ត្វ​ផ្សោត​មួយ​ក្បាល​នេះ​អាច​ងាប់​ដោយ​ធម្មជាតិ ពោលគឺ​ដោយសារ​វា​មាន​អាយុ​ចាស់​។

​អ្នកវិទ្យាសាស្ត្រ​បានបញ្ជាក់​ថា​សត្វ​ផ្សោត​មួយ​ក្បាល​នេះ​មាន​វត្តមាន​នៅក្នុង​កំណត់ត្រា​នៃ​ជំរឿន​សត្វ​ផ្សោត​ចាប់ពី​ឆ្នាំ ២០០៨ រហូតដល់​ឆ្នាំ ២០២០​។ អ្នកវិទ្យាសាស្ត្រ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​អាច​រស់នៅ រហូតដល់​ចន្លោះ​អាយុ​ពី ២៨ ទៅ ៣០ ឆ្នាំ នៅក្នុង​ទីជម្រក​ធម្មជាតិ​របស់​ពួកវា​។ អង្គការ WWF សូម​ថ្លែង អំណរគុណ​ដល់​រដ្ឋបាល​ជលផល ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់​ក្នុងភូមិ ឃុំ និង​ស្រុក​ខាងលើ បុគ្គលិក​អង្គការ WWF ព្រមទាំង​អ្នកពាក់ព័ន្ធ​ដទៃទៀត​ដែល​បាន​ចូលរួម​ក្នុង​ការងារ​នេះ ចាប់តាំងពី​ការផ្តល់​របាយការណ៍​ដំបូង រហូតដល់​ចុះ​ពិនិត្យ​និង​សកម្មភាព​ការងារ​បន្ទាន់​ទាំងអស់នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×